ទីផ្សារជ័រកៅស៊ូ

តើទីផ្សារជ័រកៅស៊ូកម្ពុជា អាចនឹងមានការកើនឡើងដែរទេ ក្រោយផលិតកម្មកៅស៊ូធម្មជាតិ អន្តរជាតិ ត្រូវគេរំពឹងថា នឹងផ្តល់ទិន្នផលទាបជាងតម្រូវការ?


សមាគមនៃប្រទេសផលិតកៅស៊ូធម្មជាតិ បានអះអាងថា ផលិតកម្មកៅស៊ូធម្មជាតិ ត្រូវបានគេរំពឹងថា នឹងផ្តល់ទិន្នផលទាបជាងតម្រូវការបន្តទៀតនៅក្នុងឆ្នាំ២០២៥ នេះ។ តាមការព្យាករ បើទោះបីផលិតកម្មកៅស៊ូអាចមានការកើនឡើងប្រមាណ០,៣% ក៏ពិតមែន តែតម្រូវការជ័រកៅស៊ូទូទាំងពិភពលោកនៅឆ្នាំនេះអាចនឹងលើសពីផលិតកម្មកៅស៊ូប្រមាណ១,៨%។ តើទីផ្សារជ័រកៅស៊ូកម្ពុជា អាចនឹងមានការកើនឡើងដែរទេ ក្រោយផលិតកម្មកៅស៊ូធម្មជាតិ ទូទាំងពិភពលោក ត្រូវគេរំពឹងថា នឹងផ្តល់ទិន្នផលទាបជាងតម្រូវការ?
ទីផ្សារជ័រកៅស៊ូ
ដោយ

លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា យល់ឃើញថា ទោះបីចម្ការកៅស៊ូមួយចំនួននៅកម្ពុជា មានអាយុកាលច្រើនឆ្នាំ និងថយចុះគុណភាពខ្លះក៏ដោយ ប៉ុន្តែទិន្នផលជ័រកៅស៊ូនៅឆ្នាំ២០២៥ នេះ នឹងមិនមានការធ្លាក់ចុះនោះទេ ដោយសារផ្ទៃដីចម្ការកៅស៊ូពេញវ័យ ដែលអាចចៀរជ័របាននៅមានច្រើន។ អ្នកជំនាញរូបនេះជឿជាក់ថា តម្លៃជ័រកៅស៊ូនៅឆ្នាំនេះ ទំនងជាមិនមានការធ្លាក់ថ្លៃនោះទេ ព្រោះការផ្គត់ផ្គង់តម្រូវការនៅលើទីផ្សារពិភពលោកមិនមានបរិមាណច្រើននោះទេ។

​បើតាមលោក ម៉ែន សុភក្តិ តម្លៃជ័រកៅស៊ូ កាលពីឆ្នាំ២០២៤ កន្លងទៅ បានហក់ឡើងថ្លៃ និងមានស្ថិរភាពនៅអំឡុងចុងឆ្នាំ ដោយក្នុងនោះជ័រកៅស៊ូស្ងួត១តោន មានតម្លៃចន្លោះពី១,៧០០ដុល្លារ ដល់២,០០០ដុល្លារ និងបានបន្តរក្សាតម្លៃនេះរហូតដល់ដើមត្រីមាសទី១ ឆ្នាំ២០២៥។ តម្លៃនេះត្រូវបានប្រធានសមាគមរូបនេះអះអាងថា ហាក់មានភាពល្អប្រសើរជាងឆ្នាំ២០២៣។

​ជាមួយគ្នានេះ បើតាមការគូសបញ្ជាក់របស់អគ្គនាយកដ្ឋានកៅស៊ូ នៅពីរខែដើមឆ្នាំនេះកម្ពុជា រកចំណូលបានជាង១០៦លានដុល្លារ ពីការនាំចេញជ័រ និងឈើកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងជាង២៦% ក្នុងនោះការនាំចេញជ័រកៅស៊ូសម្រេចបានជាង១០៥លានដុល្លារ ជាមួយបរិមាណនាំចេញជាង៥ម៉ឺន៤ពាន់តោន ខណៈការនាំចេញឈើកៅស៊ូមានទំហំជិត១លានដុល្លារ ជាមួយបរិមាណនាំចេញជាង៣ពាន់៧រយម៉ែត្រគូប។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ គិតមកទល់ពេលនេះ កម្ពុជា មានផ្ទៃដីដាំកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានជាង៣៣ម៉ឺនហិកតា និងផ្ទៃដីថែទាំមានជាង៩ម៉ឺនហិកតា។ ផ្ទៃដីកៅស៊ូកសិឧស្សាហកម្ម មានជាង៧ម៉ឺនហិកតា ស្មើនឹង១១% និងផ្ទៃដីកៅស៊ូសម្បទានសេដ្ឋកិច្ចជាង១៧ម៉ឺនហិកតាស្មើនឹង៤១% និងផ្ទៃដីកៅស៊ូគ្រួសារជាង២០ម៉ឺនហិកតា ស្មើនឹង៤៨%៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាជួយគាំទ្រការធ្វើពិពិធកម្មសេដ្ឋកិច្ច និងអភិវឌ្ឍវិស័យឯកជនរបស់កម្ពុជា

ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់សាជាថ្មីពីភាពជាដៃគូដ៏រឹងមាំរបស់ខ្លួនជាមួយកម្ពុជា និងបានប្តេជ្ញាជួយគាំទ្រការធ្វើពិពិធកម្មសេដ្ឋ…

តើបច្ចុប្បន្ននៅកម្ពុជា ដល់រដូវប្រមូលផលទុរេនហើយ ឬនៅ?

នៅមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា មានផ្លែទុរេនជាច្រើនបានចរាចរលក់នៅលើទីផ្សារក្នុងស្រុក ជាមួយនឹងតម្លៃថោកៗ ខណៈអ្នកលក់មួយចំនួនបានអះអាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ