
សន្ទស្សន៍ភាគហ៊ុន JKSE ដ៏សំខាន់របស់ឥណ្ឌូនេស៊ី បានធ្លាក់ចុះជាង៣% ក្នុងម៉ោងជួញដូរនៅព្រឹកថ្ងៃទី១ ខែកញ្ញា មុនពេលងើបឡើងមកវិញបន្តិចនៅពេលល្ងាច។ រីឯប្រាក់រូពីរបស់ឥណ្ឌូនេស៊ី ដែលបានធ្លាក់ចុះ០,៩% ធៀបនឹងប្រាក់ដុល្លារកាលពីថ្ងៃសុក្រ ក្រោយការតវ៉ាមានការកើនឡើងខ្លាំងនោះ ឥឡូវនេះបានកើនឡើងបន្តិច បន្ទាប់ពីធនាគារកណ្តាលបានប្តេជ្ញាការពាររូបិយប័ណ្ណនេះ។
រដ្ឋមន្ត្រីសេដ្ឋកិច្ចឥណ្ឌូនេស៊ី លោក អ៊ែរឡាងហ្កា ហាតាតូ (Airlangga Hartarto) បាននិយាយថា សេដ្ឋកិច្ចឥណ្ឌូនេស៊ី មានភាពរឹងមាំជាមូលដ្ឋាន ហើយនឹងទទួលបានការជំរុញពីកញ្ចប់លើកទឹកចិត្តតាមការគ្រោងទុក ដោយលោកបានសន្យាថា នឹងកាត់បន្ថយផលប៉ះពាល់នៃការតវ៉ាលើសេដ្ឋកិច្ច ខណៈមនុស្សយ៉ាងតិច៨នាក់បានស្លាប់ក្នុងការតវ៉ានេះ។
ក្រុមនិស្សិត និងសង្គមស៊ីវិលបានលុបចោលការតវ៉ាដែលបានគ្រោងធ្វើនៅដើមសប្តាហ៍នេះដោយលើកឡើងអំពីវិធានការសន្តិសុខដែលបានកើនឡើង។ បាតុកម្មបានរាលដាលទូទាំងប្រទេសឥណ្ឌូនេស៊ី កាលពីសប្តាហ៍មុន ដោយដំបូងឡើយដើម្បីប្រឆាំងនឹងការផ្ដល់អត្ថប្រយោជន៍ច្រើនដល់សមាជិកសភា បន្ទាប់មកក៏បានរាលដាលកាន់តែខ្លាំងឡើងក្រោយរថយន្តរបស់ប៉ូលិសបានបើកបុកបណ្ដាលឱ្យស្លាប់អ្នករត់ម៉ូតូឌុបម្នាក់កាលពីយប់ថ្ងៃព្រហស្បតិ៍។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានបញ្ជាឱ្យកងកម្លាំងចម្រុះចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងកុបកម្ម និងចោរប្លន់ បន្ទាប់ពីផ្ទះរបស់សមាជិកគណបក្សនយោបាយ និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកស្រី ស្រ៊ី មុលយ៉ានី អ៊ីនដ្រាវ៉ាទី (Sri Mulyani Indrawati) ត្រូវបានក្រុមបាតុករសម្រុកចូលលួចយកសម្ភារផ្សេងៗ ខណៈអគាររដ្ឋ និងកន្លែងសាធារណៈមួយចំនួន ដូចជាកន្លែងគិតលុយក្នុងទីក្រុងជាច្រើនត្រូវបានដុតបំផ្លាញ៕
ដោយ៖ សុខ មង្គល