លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានគូសបញ្ជាក់ថា តម្លៃប្រេងសកលអាចហក់ឡើងដល់ប្រមាណ២០០ដុល្លារក្នុងមួយបារ៉ែលដូចការព្រមានរបស់អ៊ីរ៉ង់បាន លុះត្រាតែអណ្តូងប្រេងនៅប្រទេសក្នុងតំបន់មជ្ឈិមបូព៌ារងការវាយប្រហារ ច្រកសមុទ្រហ័រម៉ូសបន្តបិទ ហើយភ្លើងសង្រ្គាមបន្តអូសបន្លាយពេលយូរ។ តែយ៉ាងណា អ្នកជំនាញរូបនេះ យល់ឃើញថា បញ្ហានេះទំនងជាមិនអាចកើតឡើងនោះទេ ដ្បិតថា អ៊ីរ៉ង់ក៏មិនចង់ឃើញមានការបំផ្លិចបំផ្លាញអណ្តូងប្រេងនៅតំបន់ឈូងសមុទ្រពែក្សឡើយ។ តែក្នុងករណីវាពិតជាកើតមានឡើងមែននោះ អ្នកជំនាញរូបនេះជឿជាក់ថា បញ្ហានេះមិនត្រឹមប៉ះពាល់ខ្លាំងដល់ការកើនឡើងតម្លៃទំនិញលើពិភពលោកនោះទេ តែវាថែមទាំងជំរុញឱ្យសេដ្ឋកិច្ចសកល រួមទាំងកម្ពុជាធ្លាក់ចូលទៅក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរ។
ជាមួយគ្នានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានគូសបញ្ជាក់ថា ការកើនឡើងតម្លៃប្រេងយ៉ាងគំហុកនាពេលនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់ការដឹកជញ្ជូនសកលរូមទាំងកម្ពុជារួចទៅហើយ។ ដូច្នេះប្រសិនបើតម្លៃប្រេងហក់ឡើងខ្ពស់ដល់២០០ដុល្លារក្នុងមួយបារ៉ែល ដូចការព្រមានរបស់អ៊ីរ៉ង់មែននោះ អ្នកជំនាញរូបនេះជឿជាក់ថា ប្រាកដណាស់វានឹងគំរាមកំហែងថែមទៀតដល់ការកើនឡើងតម្លៃដឹកជញ្ជូន និងទំនិញនៅលើទីផ្សារ ដែលវាជាក្តីបារម្ភមួយដែលពុំធ្លាប់មានក្នុងខ្សែច្រវាក់ដឹកជញ្ជូនសកលនាពេលកន្លងមក។
ស្រដៀងគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានសង្កត់ធ្ងន់ថា វិស័យដឹងជញ្ជូនសកល ក៏ដូចជានៅកម្ពុជានឹងរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ប្រសិនបើតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ដល់២០០ដុល្លារក្នុងមួយបារ៉ែលដូចការព្រមានរបស់អ៊ីរ៉ង់មែន។ បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នក្រុមហ៊ុនដឹកជញ្ជូននានាបានដំឡើងថ្លៃដឹកជញ្ជូនរបស់ខ្លួនរួចហើយពីចន្លោះពី២០% ទៅ៣០% ក្រោយតម្លៃប្រេងម៉ាស៊ូតដែលចាំបាច់សម្រាប់ការដឹកជញ្ជូនទំនិញបានហក់ឡើងជាង៥៧%។
សូមជម្រាបថា តម្លៃប្រេងឆៅពិភពលោកបានហក់ឡើងលើស១០០ដុល្លារក្នុងមួយបារ៉ែលជាថ្មីម្តងទៀតនៅព្រឹកថ្ងៃទី១២ ខែមីនា ខណៈដែលប្រទេសអ៊ីរ៉ាក់បានបញ្ឈប់ប្រតិបត្តិការនៅកំពង់ផែប្រេងរបស់ខ្លួន បន្ទាប់ពីកប៉ាល់ដឹកប្រេងពីរគ្រឿងត្រូវបានវាយប្រហារ។ យ៉ាងណាមិញកាលពីថ្ងៃទី១១ ខែមីនា នាវាចំនួន៣គ្រឿងនៅច្រកសមុទ្រហ័រម៉ូស ក៏បានរងនូវការវាយប្រហារផងដែរ៕