វិស័យការបរទេស

រដ្ឋាភិបាល រំពឹងយន្តការ JBC អាចជួយដោះស្រាយជម្លោះព្រំដែនជាមួយថៃ តែអ្នកជំនាញហាក់មិនសូវមានជំនឿលើយន្តការនេះ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ដរាបណានៅមានជម្រើស កម្ពុជា មិនជ្រើសរើសការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដែលបង្កភាពឈឺចាប់ដល់ប្រជាពលរដ្ឋនោះឡើយ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញក្តីរំពឹងថា បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នឹងអាចដោះស្រាយបានដោយផ្អែកតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានា ដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នា ជាពិសេសការចុះវាស់វែងតាមរយៈយន្តការ JBC បើទោះបីជានៅពេលនេះ ការដោះស្រាយបញ្ហាមិនទាន់អាចសម្រេចបាននៅឡើយ ដោយសារប្រទេសថៃ កំពុងរៀបចំការបោះឆ្នោត។
វិស័យការបរទេស
ដោយ

នាពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនអន្តរជាតិ រវាងរដ្ឋនិងរដ្ឋ និងត្រូវបានការពារដោយច្បាប់អន្តរជាតិ ដូច្នេះកម្ពុជា ប្រកាន់ជំហរការពារអធិបតេយ្យភាពជាតិ និងបូរណភាពដែនដីទាំងបច្ចុប្បន្ន និងអនាគត ដោយប្រើប្រាស់គ្រប់មធ្យោបាយ ដែល​មាន និងស្របតាមច្បាប់អន្តរជាតិ ពោលគឺកម្ពុជា មិនទទួលស្គាល់ដាច់ខាត ការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំងឡើយ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ដរាបណានៅមានជម្រើស កម្ពុជា មិនជ្រើសរើសការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដែលបង្កភាពឈឺចាប់ដល់ប្រជាពលរដ្ឋនោះឡើយ ហើយកម្ពុជា រំពឹងលើយន្តការគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) នឹងអាចកំណត់ភាពត្រឹមត្រូវ និងយុត្តិធម៌សម្រាប់ប្រទេសទាំងពីរក្នុងការការពារអធិបតេយ្យភាពទឹកដីរៀងៗខ្លួន។

​ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានចាត់ទុកការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយផ្អែកលើយន្តការទ្វេភាគី គឺជាការដោះស្រាយដ៏សមស្របបំផុត ប្រសិនបើភាគីថៃ មានសុឆន្ទៈក្នុងការដោះស្រាយពិតប្រាកដជាមួយកម្ពុជា ដ្បិតប្រទេសទាំងពីរមានលិខិតុបករអន្តរជាតិច្បាស់លាស់រវាងគ្នាក្នុងការកំណត់ខណ្ឌសីមាព្រំដែន។ អ្នកជំនាញរូបនេះ ស្នើឱ្យភាគីថៃ កុំយកបញ្ហាព្រំដែនជាមួយកម្ពុជា ទៅកេងចំណេញផលប្រយោជន៍នយោបាយផ្ទៃក្នុងរបស់ខ្លួនឱ្យសោះ ដែលជំរុញឱ្យការដោះស្រាយបញ្ហាព្រំដែនរវាងគ្នាមិនអាចសម្រេចទៅបាន។

​ដោយឡែកលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា មានតែការប្រើប្រាស់យន្តការអន្តរជាតិប៉ុណ្ណោះ ដែលអាចដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃបាន ដោយសារភាគីថៃ កន្លងមកពុំមានចេតនាណាមួយក្នុងការដោះស្រាយជាមួយកម្ពុជា ដោយសន្តិវិធី តាមយន្តការទ្វេភាគីនោះទេ។ បើតាមអ្នកជំនាញរូបនេះ កម្ពុជាគួរតែប្រើប្រាស់យុទ្ធសាស្រ្តបន្ថែម ដើម្បីជំរុញឱ្យភាគីថៃ ចូលមកដោះស្រាយនៅចំពោះមុខសហគមន៍អន្តរជាតិ ហើយកម្ពុជា ក៏គួរប្រកាសប្តឹងប្រទេសថៃ អំពីការឈ្លានពានរបស់ខ្លួនមកលើកម្ពុជា ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ផងដែរ។

​ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមសេដ្ឋកិច្ច បានអះអាងថា បញ្ហាព្រំដែនកម្ពុជា-ថៃ នាពេលនេះ គឺពុំអាចដោះស្រាយដោយប្រើយន្តការទ្វេភាគីបានឡើយ​។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ផ្លូវតែមួយគត់ដែលកម្ពុជា អាចប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាជាមួយថៃ​បាននាពេលនេះ គឺតាមរយៈយន្តការអន្តរជាតិ និងប្រទេសមហាអំណាចតែប៉ុណ្ណោះ។

​ពាក់ព័ន្ធបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃនេះដែរ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានស្នើឱ្យបារាំងពិចារណាផ្ដល់ឯកសារប្រវត្តិសាស្រ្ត និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិ រវាងកម្ពុជានិងថៃ ដែលជាមរតកនៃសម័យអាណាព្យាបាល ដែលនឹងអាចជួយដោះស្រាយជម្លោះព្រំដែនជាមួយថៃ ដោយយុត្តិធម៌ និងយូរអង្វែង ខណៈកម្ពុជា ត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយបារាំង និងសហគមន៍អន្តរជាតិ ដើម្បីការពារសន្តិភាពតាមរយៈការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី៕




អត្ថបទបន្ទាប់


ពលរដ្ឋថៃផ្ទុះការតវ៉ាទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញ ក្រោយរកឃើញភាពមិនប្រក្រតី

ក្រោយការប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតសកលនៅប្រទេសថៃ ភាពចម្រូងចម្រាសបានផ្ទុះឡើងភ្លាមៗ ដោយភាពមិនប្រក្រតីជាច្រើនត្រូវបានរកឃើញ ជាហេតុធ្វើឱ្យម្ចាស…

រដ្ឋាភិបាលកំពុងរៀបចំយន្តការតម្រង់ទិស ដោយតម្រូវឱ្យសិស្សគិតគូរពីជំនាញតាំងពីរៀនថ្នាក់ទី១០

ស្របពេលយុវជនភាគច្រើនជួបការលំបាកក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញក្រោយបញ្ចប់បាក់ឌុប ក្រុមអ្នកជំនាញក្នុងវិស័យអប់រំបានបង្ហាញការគាំទ្រយ៉ាងព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ