
កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយ ឯកឧត្ដមបណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ អមដោយឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យស្ថានភាពបច្ចុប្បន្ននៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងបរិស្ថាន និង ក្រសួងរ៉ែ និងថាមពល ព្រមទាំងមានការចូលរួមពីអភិបាលរង តំណាងអភិបាលខេត្តចំនួន ១៨ ដែលមានគម្រោងសម្បទានដី សេដ្ឋកិច្ច រួមមានខេត្តកំពង់ស្ពឺ, ខេត្តរតនគីរី, ខេត្តមណ្ឌលគីរី, ខេត្តស្ទឹងត្រែង, ខេត្តក្រចេះ, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ, ខេត្តព្រះវិហារ, ខេត្តឧត្ដរមានជ័យ, ខេត្តសៀមរាប, ខេត្តកំពត, ខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់, ខេត្តព្រះសីហនុ, ខេត្តកោះកុង, និងខេត្តស្វាយរៀង។

កិច្ចប្រជុំអន្តរក្រសួងនេះមានគោលបំណងពិនិត្យវឌ្ឍនភាព និងដាក់ចេញនូវវិធានការពង្រឹងការគ្រប់គ្រង និងអនុវត្តគម្រោងសម្បទានដីសេដ្ឋកិច្ច ក្នុងន័យជំរុញឱ្យការអនុវត្តគម្រោងសម្បទានដីសេដ្ឋកិច្ចកាន់តែមាន ប្រសិទ្ធភាព ដើម្បីរួមចំណែកបន្ថែមទៀតក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបង្កើនចំណូលថវិការដ្ឋពីសម្បទានដីសេដ្ឋកិច្ច។ ជារួម អង្គប្រជុំបានពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យគម្រោងសម្បទានដីសេដ្ឋកិច្ច, វាយតម្លៃពីស្ថានភាពជារួមនៃការគ្រប់គ្រងគម្រោង សម្បទាន ដីសេដ្ឋកិច្ច, ពិភាក្សានិងពិគ្រោះយោបល់ ដោយបានកំណត់បញ្ហាប្រឈមគន្លឹះ និងលើកស្នើជាវិធានការដោះស្រាយ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអនុវត្តគម្រោងសម្បទានដីសេដ្ឋកិច្ច។ ទន្ទឹមនេះ អង្គប្រជុំអន្តរក្រសួងក៏បានពិគ្រោះយោបល់ និងពិភាក្សាអំពីការគិតគូរឱ្យរៀបចំយន្តការអន្តរស្ថាប័នចំពោះកិច្ច ដើម្បីដឹកនាំការសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនៅសេសសល់ដែលមានចរិតលក្ខណៈអន្តរស្ថាប័ន និងសិក្សាកំណត់ការងារអាទិភាពក្នុងការពង្រឹងសម្បទាន ដីសេដ្ឋកិច្ចបន្ថែមទៀត ឱ្យស្របតាមបរិបទថ្មីនៃស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។

សូមគូសបញ្ជាក់ថា ការផ្ដល់សម្បទានដីសេដ្ឋកិច្ចគឺដើម្បីសម្រេចគោលបំណងចម្បងចំនួន ៥ ជាអាទិ៍៖ (១) អភិវឌ្ឍសកម្មភាពកសិកម្មប្រពលវប្បកម្ម និងកសិ-ឧស្សាហកម្ម ដែលតម្រូវឱ្យមានការវិនិយោគ ដើមទុនដំបូងក្នុងអត្រាខ្ពស់ និងកម្រិតសមស្រប; (២) សម្រេចបាននូវការព្រមព្រៀងមួយចំនួនជាក់លាក់ពីអ្នកវិនិយោគ សម្រាប់ការអភិវឌ្ឍដីក្នុងលក្ខណៈសមស្រប និងប្រកបដោយចីរភាព ដោយផ្អែកលើផែនការប្រើប្រាស់ដីនៃតំបន់នោះ; (៣) បង្កើតភាពមានការងារធ្វើនៅជនបទ ក្នុងក្របខ័ណ្ឌនៃការធ្វើប្រពលវប្បកម្ម និងការធ្វើឱ្យមានកាលានុវត្តភាពនៃការរកស៊ីចិញ្ចឹមជីវិតមានលក្ខណៈសម្បូរណ៍បែបតាមប្រព័ន្ធអេកូឡូស៊ីសមស្រប និងក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងធនធានធម្មជាតិ; (៤) លើកទឹកចិត្តរាល់ការវិនិយោគក្នុងគម្រោងសម្បទានដីសេដ្ឋកិច្ច; និង (៥) បង្កើតចំណូលរដ្ឋ ឬចំណូលខេត្តក្រុង ឃុំសង្កាត់ តាមរយៈការប្រមូលថ្លៃប្រើប្រាស់ដី ពន្ធ និងកម្រៃលើសេវាពាក់ព័ន្ធ ។ ការពង្រឹងការប្រមូលចំណូលពីគម្រោងសម្បទានដីសេដ្ឋកិច្ច គឺជាអាទិភាពមួយនៃការកែទម្រង់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្នុងក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងស្របតាមវិធានការគន្លឹះដែលមានកំណត់ក្នុងយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ គិតត្រឹមឆ្នាំ២០២៥ រាជរដ្ឋាភិបាលបាន អនុញ្ញាតឱ្យវិស័យ ឯកជនអនុវត្តគម្រោងសម្បទានដីសេដ្ឋកិច្ចសរុបចំនួន ២៣០ គម្រោង។














