
លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូយល់ឃើញថា អ្នកដែលផលិតមាតិកាមានសិទ្ធិសេរីភាពបញ្ចេញមតិតាមបណ្ដាញសង្គម ប៉ុន្តែគួរគិតគូរពិចារណាធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់មនុស្ស វប្បធម៌ដ៏ល្អប្រពៃ និងក្រមសីលធម៌សង្គម។ សម្រាប់លោក អំ សំអាត រដ្ឋាភិបាលគួរតែផ្សព្វផ្សាយអប់រំឱ្យបានទូលាយដល់ប្រជាពលរដ្ឋពីការផលិតមាតិកាស្របតាមសិទ្ធិ សេចក្ដីថ្លៃថ្នូរ និងវប្បធម៌ប្រពៃណីរបស់ជាតិ។
ជាមួយគ្នានេះលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា កន្លងមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាក្រសួងព័ត៌មានធ្លាប់បានចេញសេចក្ដីណែនាំជារឿយៗ និងកោះហៅដល់អ្នកផលិតមាតិកាមួយចំនួនទៅធ្វើកិច្ចសន្យា និងអប់រំ ក៏ប៉ុន្តែនៅតែកើតមានដដែល។ បើតាមការអះអាងរបស់លោកបណ្ឌិត គិន ភា ការដែលធ្វើឱ្យពួកគេមិនរៀងចាល ក៏ព្រោះតែមិនទាន់អាចឈានដល់ការផ្តន្ទាទោសកម្រិតណាមួយដូចជាបទមជ្ឈិម ឬបទល្មើសព្រហ្មទណ្ឌ។
ទន្ទឹមគ្នានេះលោក អោក សុភី ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូបកត់សម្គាល់ឃើញថា នៅប្រទេសកម្ពុជាមានអ្នកផលិតមាតិកាល្អៗជាច្រើន ដូចជាចែករំលែកពីចំណេះដឹង ចិត្តវិទ្យា និងសុខភាពផ្លូវចិត្តជាដើម ដោយឡែក ក៏មានមាតិកាមួយចំនួនបង្កើតឡើងដោយគ្រាន់តែទាក់ទាញចំណាប់អារម្មណ៍មិនមានអត្ថន័យខ្លឹមសារសោះឡើយ។ អ្នកប្រើប្រាស់បណ្ដាញសង្គមរូបនេះមើលឃើញថា អ្នកផលិតមាតិកាមួយចំនួនបានប្រព្រឹត្តិទង្វើអសីលធម៌ជាច្រើន។
ពាក់ព័ន្ធបញ្ហានេះដែរ ក្រសួងព័ត៌មានបានដាស់តឿនឱ្យអ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញសង្គម និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួន ដើម្បីលក់ផលិតផលឱ្យដាច់ ឬទាញការចាប់អារម្មណ៍មកលើខ្លួន ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ សិទ្ធិរបស់អ្នកដទៃ និងប្រពៃណីទំនៀមទម្លាប់ វប្បធម៌ជាតិ។
ក្រសួងព័ត៌មានបានចាត់ទុកទង្វើនេះ មិនមែនជាភាពស្មោះត្រង់ក្នុងការផលិតមាតិកាននោះទេ ប៉ុន្តែជាការបង្កើតមាតិកាដោយខ្វះក្រមសីលធម៌ ខ្វះការទទួលខុសត្រូវ ព្រមទាំងបានបង្កើតឱ្យមានការយល់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល និងសីលធម៌សង្គម។ ជាមួយគ្នានេះ ក្រសួងព័ត៌មានបានអំពាវនាវដល់សាធារណជនកុំចែករំលែកបន្តនូវខ្លឹមសារ ដែលមិនមានក្រមសីលធម៌ និងបំពានដល់សេចក្ដីថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកដទៃ និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងមាតិកាបែបបំពុលសង្គមទាំងអស់គ្នា។ ទន្ទឹមនេះ ក្រសួងព័ត៌មានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកផលិតមាតិកាមិនសមរម្យ ប្រាសចាកក្រមសីលធម៌ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ និងប៉ះពាល់ដល់សីលធម៌សង្គម៕
អត្ថបទដោយ៖ ជា ម៉ារ៉ា