បើតាមសារព័ត៌មាន Bloomberg បានឲ្យដឹងថា វិបត្តិបំណុលកំពុងផ្ទុះឡើងនៅទូទាំងប្រទេសកំពុងអភិវឌ្ឍនានា ខណៈដែលបំណុលដែលបានខ្ចីកន្លងមករាប់ទសវត្សរ៍របស់ប្រទេសក្រីក្រទាំងនេះកំពុងស្ថិតនៅក្នុងស្ថានភាពពិបាកនឹងទូទាត់ ដោយសារតែស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនច្បាស់លាស់ បណ្តាលមកពីបញ្ហាផ្ទួនៗរាប់ចាប់តាំងពីកូវីដ-១៩ សង្រ្គាមនៅអ៊ុយក្រែន រហូតដល់នៅហ្គាហ្សា និងបញ្ហានៅបណ្តាប្រទេសអាហ្រ្វិកជាច្រើន។
ប្រភពដដែលបានឲ្យដឹងថា នៅឆ្នាំ២០២៤ បណ្តាប្រជាជាតិទាំងនេះ នឹងត្រូវទូទាត់សំណងនានាដែលមានតម្លៃប្រហែល២00ពាន់លានដុល្លារឯណោះ ស្របពេលដែលសេដ្ឋកិច្ចរបស់ ប្រទេសទាំងនេះកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកបំផុត។
នៅបណ្តាប្រទេសអាហ្រ្វិក ប្រជាជាតិដែលចាប់ផ្តើមសញ្ញាកើតមានវិបត្តិបំណុលរួមមានប្រទេស បូលីវៀ ប្រទេសអេត្យូពី ទុយនេស៊ី និងមានប្រជាជាតិជាច្រើនទៀត ដែលកំពុងប្រឈមុខនឹងបញ្ហាឱនភាពថវិកាជាតិធ្ងន់ធ្ងរ ហើយអាចនឹងខកខានការទូទាត់បំណុលទាំងនេះ។
អ្នកវិភាគនិងអ្នកសេដ្ឋកិច្ចពិភពលោកកំពុងតែបារម្ភអំពីស្ថានភាពនេះ ពីព្រោះនៅក្នុងបណ្តាប្រទេសដែលកំពុងតែស្ថិតនៅក្នុងវិបត្តិបំណុលទាំងនេះ គឺជាទីកន្លែងដែលប្រជាពលរដ្ឋប្រមាណជា៣,៣ពាន់លាននាក់កំពុងរស់នៅ ពោលគឺមានចំនួនរហូតដល់ពាក់កណ្តាលនៃចំនួនប្រជាជននៅលើពិភពលោក។
ក្រៅពីបំណុលជាតិដ៏ក្រាស់ក្រែល បំណុលឯកជនក៏ជាកត្តាមួយដ៏អាក្រក់ជាហេតុនាំឱ្យប្រជាពលរដ្ឋជាច្រើនបានបំភ្លេចចោលបញ្ហាថែទាំសុខភាព និងការអប់រំ ហើយនាំគ្នារិះគិតតែពីបញ្ហាបំណុល។
លោកស្រី ផេនីឡូប ហកឃីន (Penelope Hawkins) អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃអង្គការពាណិជ្ជកម្មពិភពលោកបានឲ្យដឹងថា នេះគឺជាវិបត្តិបំណុលដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសកំពុងអភិវឌ្ឈន៍។ លោកស្រីបានថ្លែងថា វាគឺជារឿងដ៏លំបាកសម្រាប់ប្រជាជននៅពេល ដែលរដ្ឋាភិបាលនៃប្រទេសកំពុងអភិវឌ្ឍន៍ទាំងនោះកំពុងបង្វែធនធាន ដែលត្រូវការសម្រាប់ការអភិវឌ្ឍន៍ជាតិ ទៅប្រើប្រាស់ដើម្បីបម្រើតែបំណុល។
លោក ម៉ាត្យា ម៉ាកទីសុន (Mattias Martinsson) អ្នកសេដ្ឋកិច្ចនៅក្រុមហ៊ុន Tundra Fonder AB នៅប្រទេសស៊ុយអែតបានថ្លែងថា នេះគឺជាស្ថានភាពដ៏អាក្រក់បំផុតនៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។ លោកបានអះអាងថា មិនដូចសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតដែលអាចដោះស្រាយបំណុលតាមរយៈការបញ្ចេញរូបិយប័ណ្ណរបស់ពួកគេនោះទេ ប្រទេសកំពុងអភិវឌ្ឈន៍មិនអាចបន្ធូរបន្ថយបន្ទុករ៉ាប់រងលើអតិផរណាដោយការបោះពុម្ពប្រាក់នោះទេ នោះហើយគឺជាបញ្ហា។
ក្រៅពីអាហ្រ្វិក ប្រទេសនៅអាស៊ី ដូចជាប៉ាគីស្ថាន ក៏មានបញ្ហាវិបត្តិបំណុលធ្ងន់ធ្ងរដែរ ដោយប្រទេសនេះ កំពុងតែរិះគិតដោះស្រាយបញ្ហាបំណុលនៅក្នុងមួយឆ្នាំដល់ទៅ២៨ពាន់លានដុល្លារលើតម្លៃការប្រាក់៕
ដោយៈ សរ សុជាតិ