តម្លៃជ័រកៅស៊ូកម្ពុជា

តម្លៃជ័រកៅស៊ូកម្ពុជាធ្លាក់ចុះខ្លាំងប្រមាណ៣០០ដុល្លារក្នុង១តោន តើមកពីមូលហេតុអ្វី?


តម្លៃជ័រកៅស៊ូរបស់កម្ពុជាបានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីសហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ បានកំណត់ពន្ធបដិការលើបណ្ដាប្រទេសនានារួមទាំងកម្ពុជា។ បើតាមសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា បច្ចុប្បន្នជ័រកៅស៊ូកម្ពុជាបានធ្លាក់ចុះចន្លោះពី២០០ទៅ៣០០ដុល្លារក្នុង១តោន ពោលគឺអាស្រ័យទៅលើគុណភាពជ័រ។ តើមានកត្តាអ្វីខ្លះទាញទម្លាក់ជ័រកៅស៊ូឱ្យធ្លាក់ចុះខ្លាំងបែបនេះ?
តម្លៃជ័រកៅស៊ូកម្ពុជា
ដោយ

លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាបានគូសបញ្ជាក់ថា ការធ្លាក់ចុះខ្សែច្រវាក់ផលិតកម្មធ្វើពីកៅស៊ូនៅលើទីផ្សារអន្តរជាតិ បានទាញទម្លាក់ឱ្យតម្លៃជ័រកៅស៊ូរបស់កម្ពុជាឱ្យមានការធ្លាកចុះគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ។ ការធ្លាក់ចុះនេះកើតឡើងក្រោយសហរដ្ឋអាម៉េរិកបានដាក់ពន្ធបដិការលើបណ្ដាប្រទេសនានា ជាហេតុធ្វើឱ្យអ្នកពាក់ព័ន្ធជាច្រើនមានការព្រួយបារម្ភពីផលប៉ះពាល់សេដ្ឋកិច្ច។ បើតាមអ្នកជំនាញរូបនេះ ទីផ្សារជ័រកៅស៊ូដឹកជញ្ជូនដល់ច្រកទ្វាព្រំដែនមានតម្លៃចន្លោះពី១ពាន់៦រយដុល្លារទៅ១ពាន់៨រយដុល្លារក្នុង១តោនមានការធ្លាក់ចុះចន្លោះពី២០០ទៅ៣០០ដុល្លារក្នុង១តោនអាស្រ័យលើគុណភាពជ័រ។

ជាមួយគ្នានេះប្រធានសមាគមរូបនេះជឿជាក់ថា អ្នកវិនិយោគលើការដាំដុះ និងកែច្នៃជ័រកៅស៊ូពាក់កណ្តាលសម្រេចនៅកម្ពុជាអាចប្រឈមនឹងការខាតបង់ ប្រសិនបើការធ្លាក់ចុះតម្លៃជ័រកៅស៊ូបន្តអូសបន្លាយពេល។ តែយ៉ាងណាលោក ម៉ែន សុភក្តិ រំពឹងថា ទីផ្សារជ័រកៅស៊ូនឹងវិលមករកភាពល្អប្រសើរឡើងវិញនៅពេលប្រទេសមហាអំណាចស្រុះស្រួលគ្នា និងសេដ្ឋកិច្ចវិលមកប្រក្រតីភាពឡើងវិញ។

របាយការណ៍របស់អគ្គនាយកដា្ឋនកៅស៊ូបានបង្ហាញថា នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ កម្ពុជាផលិតផលជ័រកៅស៊ូបានជាង៤០ម៉ឺនតោន កើនឡើងប្រមាណ៤% បើធៀបនឹងឆ្នាំ២០២៣ និងរកចំណូលបានជាង៦៦៣លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងជាង៣៤%។ ក្នុងនោះការនាំចេញជ័រកៅស៊ូ សម្រេចបានទឹកប្រាក់ជាង៦៥៨លានដុល្លារ ជាមួយបរិមាណនាំចេញជិត៣៣ម៉ឺនតោន ខណៈការនាំចេញឈើកៅស៊ូមានទឹកប្រាក់ជាង៥លានដុល្លារ ជាមួយបរិមាណនាំចេញជាង២ម៉ឺន៥ពាន់ម៉ែត្រគូប។

គួរជម្រាបថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានជាង៣៣ម៉ឺនហិកតា និងផ្ទៃដីថែទាំមានជាង៩ម៉ឺនហិកតា។ ដោយឡែក សម្រាប់ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួនជាង២២ម៉ឺនហិកតា និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង២០ម៉ឺនហិកតា៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


តើមានកត្តាអ្វីទាញទម្លាក់តម្លៃមាសឱ្យធ្លាក់ចុះមកនៅត្រឹមជាង៣,៩០០ដុល្លារក្នុងមួយតម្លឹង?

តម្លៃមាសនៅកម្ពុជា ក៏ដូចជានៅលើទីផ្សារអន្តរជាតិបានហក់ឡើងឈានដល់កម្រិតបំបែកកំណត់ត្រាជាបន្តបន្ទាប់ប៉ុន្មានខែចុងក្រោយនេះ ពោលគឺបន្ទាប់សង្គ្រាមពន្…

តើការកើនឡើងតម្លៃភាគហ៊ុន និងប្រេង និងការធ្លាក់ចុះតម្លៃមាសបានបង្ហាញពីធូរស្បើយនៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាម៉េរិកឬយ៉ាងណា?

ក្រោយមានការបែកធ្លាយពីការបោះដៃរកការចរចាពាក់ព័ន្ធបញ្ហាពន្ធពីមន្រ្តីអាម៉េរិក ហើយទីក្រុងប៉េកាំងប្រកាសបើកចំហទ្វារសម្រាប់ការចរចា បានធ្វើឱ្យតម្លៃ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ