អ្នកចិញ្ចឹមសត្វ

តម្លៃស៊ុតមាន់ និងមាន់សាច់បានឡើងថ្លៃបន្តិច តែហាក់មិនទាន់អាចផ្ដល់ប្រាក់ចំណេញដល់កសិករ


តម្លៃស៊ុតមាន់ និងសាច់មាន់ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ ក្នុងនោះស៊ុតមាន់ បានធ្លាក់ចុះរហូតជាង២០០រៀល ក្នុង១គ្រាប់ ខណៈមាន់សាច់ធ្លាក់ចុះដល់ជាង៣ពាន់រៀលក្នុង១គីឡូក្រាម។ ប៉ុន្តែនៅប៉ុន្មានថ្ងៃចុងក្រោយនេះ តម្លៃស៊ុតមាន់ និងមាន់សាច់ បានហក់ឡើងមកវិញបន្តិច ក្រោយមានការបិទ និងបង្ក្រាបការនាំចូលស៊ុតមាន់ពីប្រទេសជិតខាង តែកសិករអះអាងថា តម្លៃនេះហាក់ពុំទាន់អាចផ្តល់ប្រាក់ចំណេញដល់ពួកគេនៅឡើយទេ។ តើក្រុមកសិករមានការរំពឹងយ៉ាងណាចំពោះទីផ្សារ និងតម្លៃមាន់សាច់ និងស៊ុតមាន់នៅឆ្នាំនេះ?
អ្នកចិញ្ចឹមសត្វ
ដោយ

លោក សុក សីហា សមាជិកសមាគមអ្នកចឹញ្ចឹមសត្វកម្ពុជា និងជាអនុប្រធានគណៈកម្មការផ្នែកបក្សីបានអះអាងថា មាន់សាច់រស់បច្ចុប្បន្នអាចលក់បានក្នុងតម្លៃ៣,៥០០រៀល ក្នុង១គីឡូក្រាម និងមានបីសាសន៍អាចលក់បានក្នុងតម្លៃ៨០០០រៀល ក្នុង១គីឡូក្រាម។ បើតាមការអះអាងរបស់កសិកររូបនេះ តម្លៃមាន់បីសាសន៍បច្ចុប្បន្នអាចផ្ដល់ប្រាក់ចំណេញដល់លោក និងកសិករដទៃទៀតប្រមាណ៤០០រៀលក្នុង១គីឡូក្រាម តែចំពោះតម្លៃមាន់សាច់វិញមិនទាន់អាចផ្ដល់ប្រាក់ចំណេញបាននោះទេ។ អ្នកចិញ្ចឹមមាន់រូបនេះរំពឹងថា តម្លៃមាន់រស់អាចនឹងឡើងថ្លៃជាងនេះនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។ លោក ហុក សីហា បានបញ្ជាក់បន្ថែមថា ដើម្បីអាចស្ដារស្ថានភាពតម្លៃមាន់រស់ឱ្យមានភាពល្អប្រសើរ កសិករគួរតែកាត់បន្ថយការនាំចូលពូជកូនមាន់ពីក្រៅស្រុក ហើយងាកមកគាំទ្រពូជកូនមាន់ក្នុងស្រុកវិញ។

​ដោយឡែកលោក យន់ ងន់ហុង អនុប្រធានសហគមន៍ចិញ្ចឹមមាន់ពងខេត្តកំពង់ស្ពឺ បានឱ្យដឹងថា តម្លៃស៊ុតមាន់បច្ចុប្បន្ននេះបានឡើងថ្លៃបន្តិចហើយបន្ទាប់ពីបានធ្លាក់ថ្លៃអស់មួយរយៈ ដោយបច្ចុប្បន្នអាចលក់បានក្នុងតម្លៃ៣១០រៀល ក្នុង១គ្រាប់ ដែលជាតម្លៃលក់សម្រាប់ម៉ូយធំទិញជាប្រចាំ ដោយឡែកកាលពីប៉ុន្មានខែមុនវិញអាចលក់បានជាង២០០រៀល ក្នុង១គ្រាប់តែប៉ុណ្ណោះ។ កសិកររូបនេះបានអះអាងថា សម្រាប់តម្លៃស៊ុតមាន់បច្ចុប្បន្ននេះ នៅមិនទាន់អាចផ្ដល់ប្រាក់ចំណេញដល់លោក និងកសិករឯទៀតនៅឡើយទេ។ ជាមួយគ្នានេះ លោកសំណូមពរដល់ភាគីពាក់ព័ន្ធជួយទប់ស្កាត់លំហូរចូលស៊ុតមាន់ពីក្រៅស្រុក ដើម្បីជួយរក្សាស្ថិរភាពតម្លៃស៊ុតមាន់នៅក្នុងស្រុក។

​ជាមួយគ្នានេះ លោក គ្រៀង រិទ្ធី សមាជិកសហគមន៍ចិញ្ចឹមមាន់ពងខេត្តកំពង់ស្ពឺ ម្នាក់ដែរនោះ កត់សម្គាល់ឃើញថា ក្រោយមានការចុះបង្ក្រាបស៊ុតមាន់ដែលនាំចូលពីក្រៅប្រទេសខុសច្បាប់រួចមក តម្លៃស៊ុតមាន់បច្ចុប្បន្នបានឡើងថ្លៃបន្តិចវិញហើយចន្លោះពី២៩០រៀល ដល់៣០០រៀល ក្នុង១គ្រាប់ តាមលក់ឱ្យម៉ូយតូច និងម៉ូយធំ។ បើតាមកសិកររូបនេះ តម្លៃស៊ុតមាន់បច្ចុប្បន្នមិនទាន់អាចផ្ដល់ប្រាក់ចំណេញដល់លោកបាននៅឡើយទេ ហើយលោករំពឹងថា តម្លៃស៊ុតមាន់អាចនឹងឡើងដល់តម្លៃចន្លោះពី៣៥០រៀល ទៅ៣៦០រៀល ក្នុង១គ្រាប់ នាពេលខាងមុខ។

​បើតាមការអះអាងរបស់ក្រុមកសិករ តម្លៃមាន់សាច់ និងស៊ុតមាន់ បានឡើងថ្លៃមកវិញបន្តិចនេះ ក៏ដោយសារមានការបង្ក្រាបបទល្មើសនាំចូលស៊ុតមាន់ពីក្រៅប្រទេសខុសច្បាប់។ ទន្ទឹមនេះ ពួកគេស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចបន្តបង្រ្កាបបទល្មើសនេះឱ្យបានច្រើនបន្ថែមទៀត ដើម្បីជួយឱ្យស៊ុតមាន់ និងមាន់សាច់របស់ពួកគេអាចលក់បានក្នុងតម្លៃសមរម្យ។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុនក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ បង្ក្រាបបានស៊ុតមាន់ ដែលនាំចូលមកពីប្រទេសវៀតណាម សរុបចំនួន២៥,៣២០គ្រាប់ ដែលនាំចូលតាមច្រកភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ក្នុងគោលដៅយកមកលក់ចែកចាយនៅទីក្រុងភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញនោះឡើយ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ជ័រកៅស៊ូកម្ពុជា ជិត១លានតោន ត្រូវបាននាំចេញទៅវៀតណាម ដោយរកចំណូលបានជាង១ពាន់លានដុល្លារ

កម្ពុជា បានក្លាយជាគោលដៅ និងជាទីផ្សារជ័រកៅស៊ូដ៏សំខាន់សម្រាប់ប្រទេសវៀតណាម ដោយនៅឆ្នាំ២០២៤ កន្លងទៅ ជ័រកៅស៊ូរបស់កម្ពុជា ជិត១លានតោន ត្រូវបា…

ក្រុមហ៊ុនអាល្លឺម៉ង់មួយនឹងប្រមូលទិញម្រេចខ្មៅរបស់កម្ពុជា ចំនួន១០០តោន ដើម្បីនាំចេញ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ក្រុមហ៊ុន FUCHS Cambodia ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងទេសរបស់អាល្លឺម៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ