
ម្ចាស់ហាងមាសពេជ្រ ទីមង្គល បានគូសបញ្ជាក់ឱ្យដឹងថា តម្លៃមាសនៅលើទីផ្សារកម្ពុជាបានហក់ឡើងខ្ពស់មកវិញនៅប៉ុន្មានថ្ងៃចុងក្រោយនេះ តួយ៉ាងតម្លៃមាសរបស់ហាងលោកលក់ចេញក្នុងតម្លៃប្រមាណ៤,១០០ដុល្លារក្នុង១តម្លឹងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នេះ បានកើនឡើងប្រមាណជាង ១០០ដុល្លារក្នុង១តម្លឹង បើធៀបនឹងតម្លៃដែលបានលក់ចេញកាលពីដើមខែកក្កដា។ អាជីវករលក់មាសរូបនេះបានវាយតម្លៃថា តម្លៃហាងឆេងមាសនឹងអាចបន្តកើនឡើងខ្ពស់ថែមទៀតដល់ប្រមាណជាង៤,២០០ដុល្លារក្នុង១តម្លឹងនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ បើតាមម្ចាស់ហាងមាសពេជ្ររូបនេះ ការកើនឡើងតម្លៃហាងឆេងមាសនាពេលបច្ចុប្បន្ននេះ គឺដោយសារតម្រូវការមាសនៅទីផ្សារអន្តរជាតិមានការកើនឡើង ក្រោយវិនិយោគិនភាគច្រើនបានងាកមកវិនិយោគលើការជួញដូរមាសដោយគិតថា មានសុវត្ថិភាពខ្ពស់ ស្របពេលបញ្ហាសង្រ្គាមភូមិសាស្ត្រនយោបាយ និងបញ្ហាសម្ពាធពន្ធបដិការរបស់សហរដ្ឋអាម៉េរិកស្ថិតក្នុងភាពមិនទាន់ច្បាស់លាស់។
ជាមួយគ្នានេះលោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុនមូលបត្រ ភីភីលីង បានវាយតម្លៃថា តម្លៃហាងឆេងមាសនៅកម្ពុជា និងទីផ្សារពិភពលោកនឹងបន្តហក់ឡើងខ្ពស់បន្ថែមទៀតដល់តម្លៃជាង៤,២០០ដុល្លារទៅ៤,៣០០ដុល្លារក្នុង១តម្លឹងនាពេលខាងមុខនេះ ពិសេសចាប់ពីថ្ងៃទី១ខែសីហា ជាពេលដែលពន្ធបដិការរបស់អាម៉េរិកដាក់ទៅលើបណ្តាប្រទេសនានាចាប់ផ្តើមអនុវត្ត ដ្បិតថាតាមរយៈបញ្ហាសម្ពាធពន្ធនេះ អត្រាអតិផរណានៅសហរដ្ឋអាម៉េរិកនឹងមានការកើនឡើង ដែលជំរុញឱ្យតម្លៃប្រាក់ដុល្លារអាម៉េរិកមានការធ្លាក់ចុះ នោះនឹងរុញច្រានឱ្យតម្លៃមាសកើនឡើង។ យ៉ាងណាមិញ កត្តាទំនុកចិត្តរបស់អ្នកវិនិយោគ ដែលភាគច្រើនបានលក់ចេញប្រាក់ដុល្លារ ទៅវិនិយោគលើមាស និងភាគហ៊ុន ដោយរំពឹងទទួលបានផលចំណេញខ្ពស់នៅចុងឆ្នាំនេះបន្ទាប់ពីមានការទម្លាក់អត្រាការប្រាក់ ក៏ជាកត្តាជំរុញឱ្យតម្លៃមាសនឹងកើនឡើងខ្ពស់ផងដែរ។
ស្រដៀងគ្នានេះលោកស្រី ជីប សោភា ប្រធានផ្នែកផ្សព្វផ្សាយទីផ្សារនៃក្រុមហ៊ុន ប្រូកឃើក ជេត យល់ឃើញថា ក្រោយតម្លៃមាសបានការកើនឡើងខ្ពស់ដល់ជាង៤,១០០ដុល្លារក្នុង១តម្លឹងនៅថ្ងៃទី២៣ ខែកក្កដានេះ វានឹងបន្តហក់ឡើងខ្ពស់បំបែកកំណត់ត្រាប្រវត្តិសាស្រ្តជាថ្មីម្តងទៀតដល់ជាង៤,២០០ដុល្លារក្នុង១តម្លឹងនៅពេលដែលសហរដ្ឋអាម៉េរិកចាប់ផ្តើមអនុវត្តពន្ធគយបដិការរបស់ខ្លួនលើបណ្តាប្រទេសដៃគូនានា។
គួរជម្រាបថា តម្លៃហាងឆេងមាសនៅកម្ពុជា និងទីផ្សារអន្តរជាតិបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានម្តងរួចមកហើយកាលពីដើមខែមេសា កន្លងទៅនេះ ដោយឈានដល់ជាង៤,២០០ដុល្លារក្នុង១តម្លឹង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងចិនបានបញ្ឆេះសង្រ្គាមពាពន្ធគយដាក់គ្នាទៅវិញទៅមក៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ