រដ្ឋាភិបាលសិង្ហបុរី

រដ្ឋាភិបាលសិង្ហបុរីនឹងផ្តល់ថវិកា៦០០ដុល្លារក្នុង១គ្រួសារ ដើម្បីជួយសម្រាលបន្ទុកចំណាយ


ពលរដ្ឋសិង្ហបុរីទាំងអស់នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋចំនួន៦០០ដុល្លារអាម៉េរិក ក្នុងមួយគ្រួសារសម្រាប់សម្រួលបន្ទុកចំណាយក្នុងជីវភាពប្រចាំថ្ងៃ ហើយការចែកប្រាក់ឧបត្ថម្ភក្នុងទម្រង់ជាប័ណ្ណទូទាត់ចំណាយនេះ គឺជាផ្នែកមួយនៃកញ្ចប់ថវិកាជាតិ ឆ្នាំ២០២៥ របស់ប្រទេសដែនកោះនេះ ដែលមានប្រជាជនសរុបត្រឹមតែប្រមាណ៦លាននាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
រដ្ឋាភិបាលសិង្ហបុរី
ដោយ

សារព័ត៌មាន CNA របស់សិង្ហបុរី បានចុះផ្សាយដោយយោងលើកញ្ចប់ថវិកាជាតិ ឆ្នាំ២០២៥ ដែលនាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វង់ (Lawrence Wong) បានប្រកាសកាលពីថ្ងៃទី១៨ ខែកុម្ភៈ ថា ប័ណ្ណទូទាត់ចំណាយ ឬប័ណ្ណ Voucher ទាំងនេះនឹងត្រូវចែកជូនពលរដ្ឋជាពីរសន្លឹកផ្សេងគ្នា ដោយប័ណ្ណទូទាត់ចំណាយមួយសន្លឹកតម្លៃ៥០០ដុល្លារសិង្ហបុរី ដែលនឹងត្រូវចែកអំឡុងខែឧសភា ឆ្នាំ២០២៥ នេះ ហើយប័ណ្ណទូទាត់ចំណាយមួយសន្លឹកទៀតដែលមានតម្លៃ៣០០ដុល្លារសិង្ហបុរី នឹងត្រូវចែកអំឡុងខែមករា ដើមឆ្នាំ២០២៦។

យោងតាមគេហទំព័រព័ត៌មាន Mothership បានឱ្យដឹងថា ប័ណ្ណទូទាត់ចំណាយ ឬប័ណ្ណ Voucher ដែលត្រូវចែកជូនពលរដ្ឋក្នុងអំឡុងខែឧសភា ខាងមុខនេះ នឹងមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ហើយប័ណ្ណទូទាត់ចំណាយដែលត្រូវចែកជូនពលរដ្ឋអំឡុងខែមករា ដើមឆ្នាំ២០២៦ នឹងមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំដដែល។

ទឹកប្រាក់ពាក់កណ្ដាលដែលមាននៅក្នុងប័ណ្ណទូទាត់ចំណាយទាំងនេះ គឺអ្នកកាន់ប័ណ្ណអាចយកទៅទិញអីវ៉ាន់ ឬចាយបាននៅតាមផ្សារទំនើបនានា ចំណែកឯទឹកប្រាក់ពាក់កណ្ដាលទៀតអាចចាយបាននៅតាមកន្លែងប្រកបអាជីវកម្មខ្នាតតូចក្នុងមូលដ្ឋានដូចជាម៉ាត ហាងលក្ខណៈគ្រួសារ និងចំណីអាហារលក់តាមចិញ្ចើមផ្លូវជាដើម។

ដោយដាក់ចេញឱ្យអនុវត្តក្នុងឆ្នាំ២០២២ កម្មវិធីចែកលុយនេះមានគោលដៅជួយដល់ពលរដ្ឋសិង្ហបុរី សម្រាលបន្ទុកចំណាយក្នុងជីវភាពប្រចាំថ្ងៃ និងដើម្បីជួយគាំទ្រដល់អាជីវកម្មខ្នាតតូចក្នុងមូលដ្ឋានដូចជាម៉ាត ហាងលក្ខណៈគ្រួសារ និងចំណីអាហារលក់តាមចិញ្ចើមផ្លូវ​ ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩។

សូមបញ្ជាក់ថា ប័ណ្ណទូទាត់ចំណាយក្នុងទំហំទឹកប្រាក់៦០០ដុល្លារអាម៉េរិក ក៏ត្រូវបានចែកជូនពលរដ្ឋជាពីរដំណាក់កាលដែរ កាលពីឆ្នាំ២០២៤ កន្លងទៅ ហើយគ្រួសារដែលទទួលបានលុយនេះមាន១,៣លានគ្រួសារ។ តាមការប៉ាន់ប្រមាណ រដ្ឋាភិបាលសិង្ហបុរី អាចនឹងត្រូវចំណាយដល់ទៅ៧៩១លានដុល្លារអាម៉េរិក លើការចែកប័ណ្ណទូទាត់ចំណាយដល់ពលរដ្ឋនៅឆ្នាំសារពើពន្ធ២០២៥ នេះ។

គួរបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសសិង្ហបុរី សម្រេចបានកំណើនក្នុងរង្វង់៤,៤% ក្នុងឆ្នាំ២០២៤ បើធៀបនឹងកំណើន១,៨% ក្នុងឆ្នាំ២០២៣ ប៉ុន្តែកំណើនសម្រាប់ឆ្នាំ២០២៥ នេះត្រូវបានព្យាករថា នឹងធ្លាក់ចុះមកនៅត្រឹមចន្លោះពី១% ទៅ៣%៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


គម្រោងលំនៅឋានធំៗ៤ ត្រូវបានបើកការដ្ឋានសាងសង់ និងលក់នៅដើមឆ្នាំ២០២៥ តើវាបានបង្ហាញសញ្ញាយ៉ាងណាពីវិស័យអចលនទ្រព្យ?

វិស័យអចលនទ្រព្យកម្ពុជា ស្ថិតក្នុងចំណោមវិស័យមួយដែលរងផលប៉ះពាល់ខ្លាំងដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ និងការធ្លាក់ចុះកំណើនសេដ្ឋកិច្ចរបស់ពិ…

តើមានកត្តាអ្វីធ្វើឱ្យមានការព្យាករថា វិស័យអចលនទ្រព្យថៃនឹងបន្តមានភាពរឹងមាំនៅឆ្នាំនេះ?

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យថៃ CBRE Thailand បានអះអាងថា វិស័យសណ្ឋាគារ និង អចលនទ្រព្យសម្រាប់បម្រើឱ្យវិស័យឧស្សាហកម្មនឹងនៅតែដំណើរការបានល្អនៅឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ