
ក្រោយមើលឃើញពីគំរូ រុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែន ហើយអ៊ីស្រាអែល បង្កជម្លោះជាមួយអ៊ឺរ៉ង់ នៅមជ្ឈិមបូព៌ា បានធ្វើឱ្យសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ដែលជាអ្នកជួយគាំទ្រកោះតៃវ៉ាន់ មានការព្រួយបារម្ភ និងទាមទារឱ្យសម្ពន្ធមិត្តរបស់ខ្លួនដូចជាជប៉ុន និងអូស្ត្រាលី ជាដើម បញ្ជាក់ជំហឱ្យបានច្បាស់លាស់ក្នុងករណីចិន បើកការវាយលុកលើកោះតៃវ៉ាន់។
សារព័ត៌មាន Financial Times បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មន្ទីរបញ្ចកោណអាម៉េរិក កំពុងជំរុញឱ្យជប៉ុន និងអូស្ត្រាលី បញ្ជាក់ពីតួនាទីដែលពួកគេនឹងត្រូវដើរតួ ប្រសិនបើសហរដ្ឋអាម៉េរិក និងចិន ធ្វើសង្រ្គាមនៅច្រកសមុទ្រ និងនៅកោះតៃវ៉ាន់។ លោក អែលប្រ៊ីដ ខូលប៊ី (Elbridge Colby) អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាម៉េរិក ទទួលបន្ទុកកិច្ចការគោលនយោបាយ បានលើកឡើងពីទាមទារឱ្យសម្ពន្ធមិត្តបញ្ជាក់ពីគោលជំហរបស់ខ្លួននេះក្នុងជំនួបពិភាក្សាជាមួយមន្ត្រីការពារជាតិរបស់ជប៉ុន និង អូស្រ្តាលី កាលពីពេលថ្មីៗនេះ។
លោកបានលើកឡើងនៅលើបណ្តាញសង្គម X ថា ក្រសួងការពារជាតិ អាម៉េរិក កំពុងផ្តោតលើការអនុវត្តរបៀបវារៈ ដែលផ្តោតលើការស្តារការរារាំង និងការរក្សាបាននូវសន្តិភាពតាមរយៈកម្លាំង ដែលរួមបញ្ចូលដោយការជំរុញឱ្យសម្ពន្ធមិត្តបង្កើនការចំណាយលើវិស័យការពារជាតិ និងការខិតខំប្រឹងប្រែងផ្សេងទៀតដែលទាក់ទងនឹងការការពាររួម។
មកដល់ពេលនេះ សហរដ្ឋអាម៉េរិក គឺជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់បំផុតរបស់តៃវ៉ាន់ បើទោះបីជាមានការខ្វះខាតទំនាក់ទំនងការទូតផ្លូវការ ហើយកោះតៃវ៉ាន់ បានប្រឈមមុខនឹងសម្ពាធយោធាពីប្រទេសចិន ក៏ដោយ។
ពាក់ព័ន្ធនឹងការស្នើរបស់ក្រសួងការពារជាតិ អាម៉េរិក ខាងលើ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មការពារជាតិ អូស្រ្តាលី លោក ផេត ខុនរូយ (Pat Conroy) បាននិយាយកាលពីថ្ងៃអាទិត្យថា អូស្ត្រាលីនឹងមិនពង្រាយទ័ពជាមុនចំពោះជម្លោះណាមួយឡើយ។ លោកបាននិយាយនៅក្នុងបទសម្ភាសមួយជាមួយ ABC ថា អូស្ត្រាលី ផ្តល់អាទិភាពដល់អធិបតេយ្យភាពរបស់ខ្លួន ហើយនឹងមិនពិភាក្សាអំពីសម្មតិកម្មបែបនេះនោះទេ។ លោកបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តដាក់ទាហានអូស្ត្រាលី ក្នុងជម្លោះនឹងធ្វើឡើងដោយរដ្ឋាភិបាលនៅថ្ងៃនោះ មិនមែនធ្វើឡើងដោយរដ្ឋាភិបាលនៅថ្ងៃនេះនោះទេ៕
ដោយៈ សរ សុជាតិ