ជម្លោះពាណិជ្ជកម្មរវាងចិន

លោក ត្រាំ អួតក្ដែងៗថា អាម៉េរិកនឹងសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ខណៈសង្គ្រាមពាណិជ្ជកម្មជាមួយចិននៅមិនទាន់មានច្រកចេញ


ប្រធានាធិបតី ដូណាល់ ត្រាំ បានអួតក្ដែងៗថា ការចរចារពន្ធរវាងសហរដ្ឋអាម៉េរិក ជាមួយប្រទេសឥណ្ឌា កំពុងដំណើរការដោយរលូន ហើយលោកជឿជាក់ថា អាម៉េរិក នឹងអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោកមួយនេះ ខណៈសង្គ្រាមពាណិជ្ជកម្មជាមួយមហាយក្សចិន នៅតែមិនទាន់មានច្រកចេញនៅឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ជម្លោះពាណិជ្ជកម្មរវាងចិន
ដោយ

លោក ដូណាល់ ត្រាំ បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅសេតវិមាន ថា លោកជឿជាក់ថា សហរដ្ឋអាម៉េរិកនឹងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌា ដែលមានប្រជាជនសរុបរហូតដល់ទៅជាង១,៤ពាន់លាននាក់ ដោយលោកបានអះអាងថា នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) ដែលបានធ្វើទស្សនកិច្ចនៅសេតវិមានកាលពីចុងខែកុម្ភៈ បានបង្ហាញបំណងសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។

ការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ ធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក ស្កុត បេសេន ((Scott Bessent) បានអះអាងថា សហរដ្ឋអាម៉េរិក ជិតសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌាហើយ។ រដ្ឋមន្ត្រីរូបនេះក៏បានបញ្ជាក់ដែរថា រដ្ឋបាលលោក ត្រាំ បានចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជប៉ុន ហើយក៏កំពុងចចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកូរ៉េខាង្បូងផងដែរ។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងស្របពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិកជាមួយមហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី២របស់ពិភពលោកនៅតែមិនទាន់មានច្រកចេញនៅឡើយ។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ABC News កាលពីថ្ងៃអង្គារ ទី២៩ ខែមេសា លោក ដូណាល់ ត្រាំ បានលើកឡើងថា ប្រទេសចិនសមនឹងទទួលរងពន្ធខ្ពស់កប់ពពកពីខ្លួន ហើយបានព្យាករថា ក្រុងប៉េកាំងអាចនឹងស្វះស្វែងរកវិធី ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើអ្នកប្រើប្រាស់នៅសហរដ្ឋអាម៉េរិក។

លោក ដូណាល់ ត្រាំ បានអះអាងថា មហាយក្សចិនកើបលុយបានរហូតដល់ទៅរាប់ទ្រីលានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗតាមរយៈការកេងចំណេញលើសហរដ្ឋអាម៉េរិក ហើយពេលនេះមហាយក្សចិន លែងអាចធ្វើបែបនេះបានទៀតហើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន ថា ពីអតីតកាលកម្ពុជានិងវៀតណាមជួយគ្នាតាមរយៈកងទ័ព តែបច្ចុប្បន្នជួយគ្នាតាមរយៈការធ្វើពាណិជ្ជកម្ម

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានអះអាងនៅចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ ថា ពីអតីតកាលប្រទេសកម្ពុជា និងវៀតណាមជួ…

វៀតណាមចំណាយថវិការាប់សិបលានដុល្លារលើការរៀបចំខួបលើកទី៥០ នៃការបង្រួបបង្រួមវៀតណាមខាងជើង និងខាងត្បូង

ការប្រារព្ធខួបដើម្បីរំលឹកពីភាពជោគជ័យនៃការបង្រួបបង្រួមរវាងវៀតណាមខាងជើង និងខាងត្បូងដែលសម្រេចបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ បានក្លាយជាព្រឹ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ