
គេនៅចាំបានថា សហរដ្ឋអាម៉េរិក បានដាក់ពន្ធ ២៥% លើរថយន្តអគ្គិសនី ដែក និងអាលុយមីញ៉ូមក្នុងខែមីនា និងពន្ធ២០% លើទំនិញរបស់សហភាពអឺរ៉ុបផ្សេងទៀតកាលពីខែមេសា។ បន្ទាប់មក អាម៉េរិក បានកាត់បន្ថយពាក់កណ្ដាលនៃពន្ធ២០% សម្រាប់ពេល៩០ថ្ងៃ ពោលគឺរហូតដល់ថ្ងៃទី៨ ខែកក្កដា សម្រាប់ការពិភាក្សាដើម្បីឈានដល់កិច្ចព្រមព្រៀងពន្ធដ៏ទូលំទូលាយបន្ថែមទៀត។
ដើម្បីឆ្លើយតបនឹងពន្ធនេះ សហភាពអឺរ៉ុប បានផ្អាកការយកពន្ធផ្ទាល់របស់ខ្លួនលើទំនិញមួយចំនួនរបស់សហរដ្ឋអាម៉េរិក និងបានស្នើសុំពន្ធសូន្យសម្រាប់ទំនិញឧស្សាហកម្មទ្វេភាគី។ ទោះយ៉ាងណា លោក ដូមប្រូវស្គីស ស្នងការសេដ្ឋកិច្ចសហភាពអឺរ៉ុប បាននិយាយថា មកដល់ពេលនេះ អឺរ៉ុបនៅមិនទាន់សម្រេចបានកិច្ចព្រមព្រៀងពន្ធណាមួយជាមួយនឹងអាម៉េរិក នៅឡើយទេ។
លោក ដូមប្រូវស្គីស បាននិយាយនៅខាងក្រៅកិច្ចប្រជុំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ នៅទីក្រុងវ៉ាស៊ីនតោនថា នៅមានការងារត្រូវធ្វើជាច្រើនទៀត ដើម្បីឈានទៅកិច្ចព្រមព្រៀង និងផ្នែកនៃកិច្ចសហប្រតិបត្តិការ ដែលនឹងអនុញ្ញាតឱ្យសហភាពអឺរ៉ុប អាចរួចផុតពីការអនុវត្តពន្ធរបស់សហរដ្ឋអាម៉េរិក។
សហរដ្ឋអាម៉េរិក ចាត់ទុកពន្ធលើតម្លៃបន្ថែមរបស់សហភាពអឺរ៉ុប ជារបាំងពាណិជ្ជកម្មមិនមែនពន្ធ ប៉ុន្តែលោក ដូមប្រូវស្គីស បាននិយាយថា ប្លុក២៧ប្រទេសនេះ មើលមិនឃើញថា ពន្ធលើតម្លៃបន្ថែមនេះ ប៉ះពាល់ដល់ពាណិជ្ជកម្មនោះឡើយ ហើយក៏មិនទាន់ត្រៀមខ្លួន ក្នុងការបញ្ចូលពន្ធនេះ ទៅក្នុងការចរចាពាណិជ្ជកម្មជាមួយអាម៉េរិកនោះដែរ។
លោក ដូមប្រូវស្គីស ក៏បាននិយាយទៀតថា ពន្ធលើតម្លៃបន្ថែមនេះគឺជាប្រភពចំណូលថវិកាដ៏សំខាន់សម្រាប់រដ្ឋាភិបាលអឺរ៉ុប និងសម្រាប់ថវិកាសហភាពអឺរ៉ុប ផងដែរ ដូច្នេះពន្ធលើតម្លៃបន្ថែមនេះ មិនត្រូវរាប់បញ្ចូលនៅការសន្ទនាចរចានោះទេ៕
ដោយ៖ សុខ មង្គល