អ្នកវិភាគជាច្រើនបានព្យាករថា ទីផ្សារប្រេងពិភពលោកនឹងមានការផ្គត់ផ្គង់លើសតម្រូវការជាក់ស្ដែងនៅឆ្នាំ២០២៥ នេះ បន្ទាប់ពីតម្រូវការបានធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំ២០២៤ ជាពិសេសនៅសហរដ្ឋអាម៉េរិក និងប្រទេសចិន ដែលសុទ្ធតែជាប្រទេសមានតម្រូវការប្រើប្រាស់ថាមពលច្រើនជាងគេបំផុតទូទាំងពិភពលោក។
រដ្ឋបាលព័ត៌មានថាមពលអាម៉េរិក បានព្យាករថា តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ នឹងធ្លាក់ចុះ៨% មកនៅជាមធ្យម៧៤ដុល្លារអាម៉េរិក ក្នុងមួយបារ៉ែលក្នុងឆ្នាំ២០២៥ ហើយនឹងបន្តធ្លាក់ថ្លៃបន្ថែមទៀតមកដល់ត្រឹម៦៦ដុល្លារអាម៉េរិក ក្នុងមួយបារ៉ែលនៅឆ្នាំ២០២៦។ តែយ៉ាងណាស្ថាប័ននេះ បានដំឡើងការព្យាករបន្តិចថា ផលិតកម្មប្រេងរបស់សហរដ្ឋអាម៉េរិក ក្នុងឆ្នាំ២០២៥ នេះ នឹងឈានដល់ជាង១៣,៥៥លានបារ៉ែលក្នុងមួយថ្ងៃ បើធៀបនឹង១៣,៥២លានបារ៉ែលក្នុងមួយថ្ងៃ ដែលខ្លួនបានព្យាករមុននេះ។
ទន្ទឹមនេះ រដ្ឋបាលព័ត៌មានថាមពលអាម៉េរិក បានព្យាករថា ប្រេងឆៅរបស់សហរដ្ឋអាម៉េរិក នឹងមានតម្លៃជាមធ្យម៧០ដុល្លារ ក្នុងមួយបារ៉ែលក្នុងឆ្នាំ២០២៥ នេះ ហើយនឹងធ្លាក់ចុះមកនៅត្រឹម៦២ដុល្លារ ក្នុងមួយបារ៉ែលនៅឆ្នាំ២០២៦។
របាយការណ៍ដដែលបានបញ្ជាក់ថា ការផ្គត់ផ្គង់ប្រេងរបស់សហរដ្ឋអាម៉េរិក ចេញពីតំបន់ផលិតប្រេងធំបំផុតទូទាំងពិភពលោកមានឈ្មោះថា ភើមៀន ប៊ែរស៊ីន (Permian Basin) ដែលមានភូមិសាស្ត្រស្ថិតនៅក្នុងរដ្ឋចំនួន២របស់សហរដ្ឋអាម៉េរិក គឺរដ្ឋតិចសាស និងរដ្ឋ New Mexico នឹងបន្តកើនឡើង ហើយនឹងមានចំណែកគ្របដណ្ដប់រហូតដល់ទៅជាងពាក់កណ្តាលនៃការផ្គត់ផ្គង់ប្រេងសរុបរបស់សហរដ្ឋអាម៉េរិកក្នុងឆ្នាំ២០២៦។
ពេលនេះ រដ្ឋបាលព័ត៌មានថាមពលអាម៉េរិក បានព្យាករថា ការផលិតប្រេងនៅទូទាំងពិភពលោកនឹងមានទំហំជាមធ្យម១០៤,៤លានបារ៉ែល ក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៥ ដោយធ្លាក់ចុះបន្តិចពីចំនួន១០៤,២លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៤៕
ដោយ: តែម សុខុម