
អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចយល់ឃើញថា ការដាក់ពន្ធលើទំនិញរបស់កម្ពុជាដ៏គួរឱ្យភ្ញាក់ផ្អើលពីសំណាក់រដ្ឋបាលលោក ដូណាល់ ត្រាំ នេះអាចនឹងធ្វើឱ្យកម្ពុជាជួបបញ្ហាលំបាកមួយចំនួន ប្រសិនរាជរដ្ឋាភិបាលមិនមានដំណោះសមស្របណាមួយទេនោះ។ តើការដាក់ពន្ធលើទំនិញកម្ពុជារបស់សហរដ្ឋអាម៉េរិកអាចបង្កបញ្ហាអ្វីខ្លះដល់សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា? តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះការដាក់ពន្ធនេះ?
ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អេចប្រេស ខេមបូឌា យល់ឃើញថា ការដាក់ពន្ធរបស់អាម៉េរិក៤៩%លើប្រទេសកម្ពុជា ដែលជាកម្រិតមួយខ្ពស់ជាងបណ្តាប្រទេសនានានៅក្នុងតំបន់នេះ វាអាចបឹងបង្កផលប៉ះពាល់ក្នុងកម្រិតណាមួយលើការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាក់ជាមិនខាន។ យ៉ាងណាមិញអ្នកជំនាញរូបនេះជឿជាក់ថា ទោះបីមានការដាក់ពន្ធពីសហរដ្ឋអាម៉េរិក តែរាជរដ្ឋាភិបាលកម្ពុជានៅតែអាចរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួន ដោយសាររដ្ឋាភិបាលមានយុទ្ធសាស្រ្តច្បាស់លាស់ក្នុងការពង្រឹងសេដ្ឋកិច្ច។ សម្រាប់អ្នកជំនាញចាស់វស្សាក្នុងវិស័យដឹកជញ្ជូនរូបនេះ កម្ពុជា និងសហរដ្ឋអាម៉េរិកគួរមានការពិភាក្សាគ្នា ដើម្បីសម្រួលលើបញ្ហានេះ។

ដោយឡែក លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ការដាក់ពន្ធរបស់សហរដ្ឋអាម៉េរិកមកលើទំនិញរបស់កម្ពុជា រហូតដល់៤៩% ហាក់មិនត្រឹមត្រូវតាមការគណនាពន្ធ និងមិនមានតម្លាភាពសម្រាប់កម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ការធ្វើឱ្យមានតុល្យភាពជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរទំនងជាមិនអាចទៅរួចនោះទេ ដោយសារថ្លៃដើមផលិតមានភាពខុសគ្នា។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានចាត់ទុកការដាក់ពន្ធរបស់លោក ត្រាំ មកលើកម្ពុជានេះ ជាការដាក់សម្ពាធធ្វើឱ្យមានភាពច្របូកច្របល់ និងធ្វើឱ្យអ្នកផលិតពិបាកនាំចេញក្នុងរយៈខ្លី ខណៈអ្នកប្រើប្រាស់ត្រូវប្រឈមការឡើងថ្លៃទំនិញ។
ជាមួយគ្នានេះអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជាយល់ឃើញថា ការកំណត់បន្ទាត់ពន្ធមកលើទំនិញកម្ពុជារហូតដល់៤៩% ចង់ ឬមិនចង់វានឹងបង្កផលប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្ម និងលំហូរការវិនិយោគ។ តែយ៉ាងណាអ្នកជំនួញរូបនេះជឿជាក់ថា រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនឹងមានយន្តការដោះស្រាយជាមួយសហរដ្ឋអាម៉េរិក ដោយឈរលើផលប្រយោជន៍រួម។

ជាមួយគ្នានេះលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពយល់ឃើញថា ការដាក់ពន្ធលើទំនិញរបស់កម្ពុជារហូតដល់៤៩%ពីអាម៉េរិក អាចធ្វើឱ្យកម្ពុជាជួបបញ្ហាលំបាកក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចដែលបានគ្រោងទុក។ បន្ថែមលើនេះ វាអាចបង្កការលំបាកដល់ក្រុមហ៊ុននានា ដែលដាក់ទុនវិនិយោគនៅកម្ពុជា និងអាចរាលដាលដល់វិស័យការងារ និងជីវភាពរស់នៅរបស់កម្មករ។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ឃើញថា ក្រៅពីទីផ្សារអាម៉េរិក កម្ពុជានៅមានទីផ្សារបរទេសជាច្រើនទៀត ដែលពង្រីកការធ្វើពាណិជ្ជកម្មរបស់ខ្លួន ជាពិសេសទីផ្សារអឺរ៉ុបតែម្តង។

ពាក់ព័ន្ធបញ្ហានេះដែរឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ក្រុមការងាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងវាយតម្លៃយ៉ាងល្អិតល្អន់លើវិធានការរបស់សហរដ្ឋអាម៉េរិក ដែលបានដាក់ពន្ធមកលើទំនិញកម្ពុជារហូតដល់៤៩%។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ក្រោយពេលពិនិត្យ និងវាយតម្លៃរួចរាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងមានវិធានការហ្មត់ចត់ដើម្បីស្វែងរកដំណោះស្រាយ ដើម្បីធានាឱ្យសេដ្ឋកិច្ចជាតិបន្តមានភាពប្រកួតប្រជែង និងរក្សាកំណើន និងការងាររបស់ប្រជាពលរដ្ឋ។

ដោយឡែក លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាបានគូសបញ្ជាក់ថា វិធានការដាក់ពន្ធរបស់សហរដ្ឋអាម៉េរិកមកលើទំនិញកម្ពុជានឹងចូលជាធរមានចាប់ពីថ្ងៃទី៩ ខែមេសា តទៅ។ លោកបានព្រមានថា ប្រសិនបើរាជរដ្ឋាភិបាលមិនដោះស្រាយឱ្យបានលឿនទេនោះ វាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម និងការងាររបស់កម្មករ ជាពិសេសអាចធ្វើឱ្យមានការលំហូរទុនចេញទៅក្រៅប្រទេស។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយសហរដ្ឋអាម៉េរិក សម្រេចបានទំហំជាង១០ពាន់លានដុល្លារកើនឡើងប្រមាណ១១% បើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះកម្ពុជានាំចេញទៅសហរដ្ឋអាម៉េរិកមានទំហំជាង៩ពាន់៩រយលានដុល្លារ ខណៈអាម៉េរិកនាំចូលមកកម្ពុជាមានទំហំជាង២៦០លានដុល្លារ។ នេះបើយោងទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
