បន្ទះសូឡា

អាម៉េរិក គ្រោងអនុវត្តពន្ធគយថ្មីលើបន្ទះសូឡានាំចូលពីប្រទេសចំនួន៤ នៅអាស៊ាន រួមទាំងពន្ធកប់ពពកជាង៣.០០០% លើបន្ទះសូឡាពីកម្ពុជា នៅខែក្រោយនេះ


ពន្ធគយថ្មីដែលសហរដ្ឋអាម៉េរិក ដាក់លើបន្ទះសូឡានាំចូលពីប្រទេសចំនួន៤ នៅតំបន់អាស៊ាន រួមមានទាំងពន្ធខ្ពស់កប់ពពករហូតដល់ទៅ៣,៥២១% លើបន្ទះសូឡាមកពីកម្ពុជា ផងដែរនោះ គ្រោងនឹងចូលជាធរមាននៅខែមិថុនា ដ៏ខ្លីខាងមុខនេះហើយ បន្ទាប់ពីគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ របស់មហាអំណាចពិភពលោកមួយនេះ បានដាក់ការសន្និដ្ឋានថា សូឡាដែលនាំចូលពីប្រទេសទាំង៤នេះ ក្នុងតំបន់អាស៊ាន កំពុងគំរាមកំហែងដល់បណ្ដាសហគ្រាសផលិតក្នុងស្រុក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
បន្ទះសូឡា
ដោយ

នៅក្នុងការបោះឆ្នោតសម្រេចកាលពីថ្ងៃអង្គារ ទី២០ ខែឧសភា គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ របស់សហរដ្ឋអាម៉េរិក បានដាក់ការសន្និដ្ឋានថា ការនាំចូលបន្ទះសូឡាពីប្រទេសម៉ាឡេស៊ី ថៃ វៀតណាម និងកម្ពុជា កំពុងបង្កគ្រោះថ្នាក់ដល់បណ្ដាក្រុមហ៊ុនសហគ្រាសផលិតក្នុងស្រុករបស់សហរដ្ឋអាម៉េរិក។ ការសន្និដ្ឋាននេះជាជំហានត្រួសត្រាយផ្លូវសម្រាប់ការចាប់ផ្ដើមអនុវត្តការប្រមូលពន្ធគយថ្មីនេះជាផ្លូវការនៅខែមិថុនា ដ៏ខ្លីខាងមុខនេះ។

សេចក្តីសម្រេចនេះជាជ័យជម្នះដ៏ល្អមួយសម្រាប់បណ្ដាក្រុមហ៊ុនសហគ្រាសផលិតនៅលើទឹកដីសហរដ្ឋអាម៉េរិក។ បណ្ដាក្រុមហ៊ុនសហគ្រាសផលិតបន្ទះសូឡាអាម៉េរិក បានអះអាងថា លំហូរចូលយ៉ាងគំហុកនៃបន្ទះសូឡាតម្លៃថោកៗ ដែលនាំចូលពីប្រទេស៤ ក្នុងតំបន់អាស៊ាននេះ បានធ្វើឱ្យខ្លួនពិបាកនឹងប្រកួតប្រជែងយ៉ាងខ្លាំងនៅក្នុងស្រុក ទោះបីជាខ្លួនទទួលបានការគាំទ្រផ្នែកពន្ធគយពីរដ្ឋាភិបាលអាម៉េរិក យ៉ាងណាក៏ដោយ។

សហរដ្ឋអាម៉េរិក បានអះអាងថា ការដំឡើងពន្ធគយថ្មីនេះធ្វើឡើងក្នុងគោលបំណងបញ្ឈប់ការលក់បង្ខូចថ្លៃ ពោលគឺការលក់ក្រោមតម្លៃទីផ្សារខ្លាំង និងការឧបត្ថម្ភធនរបស់រដ្ឋាភិបាលលើបន្ទះសូឡាដែលនាំចូលពីតំបន់អាស៊ាន។

ក្រសួងពាណិជ្ជកម្មអាម៉េរិក បានកំណត់ពន្ធគយថ្មីនេះកាលពីខែមេសា ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលស្ទើរមិនគួរឱ្យជឿនោះ គឺក្រុមហ៊ុនផលិតបន្ទះសូឡាមួយចំនួននៅកម្ពុជា ប្រឈមនឹងពន្ធគយខ្ពស់កប់ពពករហូតដល់ទៅ ៣,៥២១% ឯណោះ ដោយសារតែសហរដ្ឋអាម៉េរិក អះអាងថា ក្រុមហ៊ុនទាំងនោះមិនសហការក្នុងការស៊ើបអង្កេតរបស់ខ្លួន ខណៈដែលប្រទេសវៀតណាម ប្រឈមនឹងការយកពន្ធត្រឹមតែ ៣៩៦% ថៃ ប្រឈមពន្ធត្រឹមតែ ៣៧៥% ហើយ ម៉ាឡេស៊ី ប្រឈមពន្ធទាបជាងគេបំផុតត្រឹមតែ ៣៤%។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៤ សហរដ្ឋអាម៉េរិក បាននាំចូលបន្ទះសូឡាពីប្រទេសម៉ាឡេស៊ី ថៃ វៀតណាម និងកម្ពុជាក្នុងទំហំទឹកប្រាក់រួមបញ្ចូលគ្នាជិត១៣ពាន់លានដុល្លារ ដែលស្មើនឹងជិត៨០%នៃសូឡាទាំងអស់ដែលសហរដ្ឋអាម៉េរិក នាំចូល៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើវិស័យសេវាកម្មដឹកជញ្ជូនម្ហូបអាហារ និងទំនិញរហ័សនៅកម្ពុជា មានស្ថានភាពយ៉ាងណាដែរ?

វិស័យសេវាកម្មដឹកជញ្ជូនម្ហូបអាហារ និងទំនិញរហ័សនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្រុមហ៊ុនរកស៊ីក្នុងវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ