សន្តិសុខរ៉ែ

ប្រទេសដៃគូសន្តិសុខរ៉ែ ដឹកនាំដោយអាម៉េរិក កំពុងរិះរកវិធី ដើម្បីទប់ទល់ជាមួយចិន ដែលក្តោបក្តាប់ទីផ្សារដ៏ច្រើនលើសលប់


ក្រុមប្រទេសដៃគូសន្តិសុខរ៉ែ ហៅកាត់ MSP ដែលមានសមាជិក១៤ប្រទេស ក្រោមការដឹកនាំរបស់សហរដ្ឋអាម៉េរិក រួមជាមួយសហភាពអឺរ៉ុប ដែលមានសមាជិក២៧ប្រទេស បានរួមគ្នាបង្កើតបណ្តាញហិរញ្ញវត្ថុ ឬ Financial Network កាលពីថ្ងៃទី២៣ ខែកញ្ញា នៅឯកិច្ចប្រជុំដ៏សំខាន់មួយក្នុងទីក្រុងញូវយ៉ក ដើម្បីទប់ទល់ជាមួយចិន ដែលក្ដោបក្ដាប់ទីផ្សាររ៉ែសំខាន់ៗច្រើនលើសលប់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
សន្តិសុខរ៉ែ
ដោយ

បណ្តាញហិរញ្ញវត្ថុនៃក្រុមប្រទេសដៃគូសន្តិសុខរ៉ែ ហៅកាត់ថា MSPFN នេះមានគោលដៅដោះស្រាយគម្លាត នៃការវិនិយោគដែលបានរារាំងដល់ការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗជាយុទ្ធសាស្ត្រដូចជារ៉ែលីចូម រ៉ែនីគែល និងរ៉ែកម្រផ្សេងៗទៀតនៅខាងក្រៅប្រទេសចិន។

សារធាតុរ៉ែសំខាន់ៗទាំងនេះ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងផលិតកម្មសម័យទំនើប ហើយមានសារសំខាន់ណាស់សម្រាប់អន្តរកាលថាមពលឆ្ពោះទៅរកការប្រើប្រាស់ថាមពលស្អាត ព្រោះរ៉ែទាំងនេះត្រូវបានប្រើប្រាស់ក្នុងបច្ចេកវិទ្យាសំខាន់ៗដូចជា រថយន្តអគ្គិសនី (EV) និងទួរប៊ីនខ្យល់សម្រាប់ផលិតអគ្គិសនីចេញពីថាមពលខ្យល់ជាដើម។

កិច្ចប្រជុំដែលមានការចូលរួមពីតំណាងក្រុមហ៊ុនរុករករ៉ែធំៗបំផុតរបស់ពិភពលោក បណ្ដាវិនិយោគិន និងក្រុមហ៊ុនផលិតសម្ភារ និងឧបករណ៍ផ្សេងៗក្នុងវិស័យឧស្សាហកម្មខាងលើនេះបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំកំពូលដៃគូសន្តិសុខចតុភាគី (Quad) ដែលរួមមាន សហរដ្ឋអាម៉េរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី កាលពីថ្ងៃសៅរ៍ ទី២១ ខែកញ្ញា។

អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ឃឺត ឃែមបែល (Kurt Campbell) បានលើកឡើងថា មេដឹកនាំនៃប្រទេសសមាជិកទាំង៤របស់ Quad ពោលគឺសហរដ្ឋអាម៉េរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី បានពិភាក្សាគ្នារិះរកវិធីធ្វើយ៉ាងណារក្សាកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ផ្សេងដើម្បីជំនួសប្រទេសចិន។

លោកបានគូសបញ្ជាក់ថា អណ្តូងរ៉ែនីគែលមួយចំនួននៅក្នុងប្រទេសអូស្ត្រាលី បានបិទដំណើរការដោយសារតែតម្លៃធ្លាក់ចុះខ្លាំង ដែលបណ្ដាកមកពីក្រុមហ៊ុនផលិតរ៉ែចិន ដែលដំណើរការរកស៊ីនៅក្នុងប្រទេសឥណ្ឌូនេស៊ី កំពុងក្ដោបក្ដាប់ទីផ្សាររ៉ែ។

ក្រុមប្រទេសដៃគូសន្តិសុខរ៉ែ ដែលមានសមាជិក១៤ប្រទេស រួមមាន អូស្ត្រាលី កាណាដា អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ឥណ្ឌា អ៊ីតាលី ជប៉ុន ន័រវែស កូរ៉េខាងត្បូង ស៊ុយអែត ចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក ហើយបូករួមទាំងសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ចំៗឥតលាក់លៀមថា មួយចំណែកដ៏ធំនៃការចម្រាញ់ និងការកែច្នៃរ៉ែសំខាន់ៗរបស់ពិភពលោកត្រូវបានធ្វើឡើងនៅក្នុងប្រទេសចិន ឬតាមរយៈក្រុ​មហ៊ុនដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន។

ក្រុមប្រទេសដៃគូសន្តិសុខរ៉ែ បានចាត់ទុកការក្ដោបទីផ្សាររ៉ែសំខាន់ៗរបស់ប្រទេសចិន​ថា ខ្វះតម្លាភាព និងសុចរិតភាព ហើយងាយនឹងធ្វើឱ្យទីផ្សារដួលរលំដែលក្រុមប្រទេសដៃគូសន្តិសុខរ៉ែយល់ថា ចាំបាច់ត្រូវដោះស្រាយ។

យោងតាមលោក ចូស ហ្វឺណានដេស (Jose Fernandez) អនុរដ្ឋមន្ត្រីអាម៉េរិក ទទួលបន្ទុកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថានបានឱ្យដឹងថា បណ្តាញហិរញ្ញវត្ថុដៃគូសន្តិសុខរ៉ែនេះនឹងជួយសម្របសម្រួលកិច្ចការរបស់បណ្ដារដ្ឋាភិបាល ទីភ្នាក់ងារឥណទាន ស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ និងមូលនិធិវិនិយោគសាធារណៈ ដើម្បីរួមគ្នាផ្ដល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍នានា និងកាត់បន្ថយហានិភ័យក្នុងគោលដៅរួម គឺដើម្បីកាត់បន្ថយឥទ្ធិពលរបស់មហាយក្សចិន នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗជាយុទ្ធសាស្ត្ររបស់ពិភពលោក៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយឯកឧត្តម Lan Tianli អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី និងក្រុមហ៊ុនមួយចំនួនរបស់ចិន

ទីក្រុងណាននីង៖ ក្នុងអំឡុងពេលឯកឧត្តមចូលរួមពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅទីក្រុងណាននីង ប្រទេសចិន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្…

សិង្ហបុរី ក្លាយជាទីក្រុងអាស៊ានតែមួយគត់ ដែលមានឈ្មោះនៅក្នុងបញ្ជីទីក្រុងមានសេដ្ឋីច្រើនជាងគេ?

នៅក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ានទាំង១០ប្រទេស មានតែទីក្រុងសិង្ហបុរី តែមួយគត់ ដែលមានឈ្មោះនៅក្នុងបញ្ជីទីក្រុង ដែលមានកំពូលសេដ្ឋីមានលុយចាប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ