ជាការពិតណាស់ បណ្ដាក្រុមហ៊ុនផលិតរថយន្តជាប្រពៃណីដែលផ្អែកលើឥន្ធនៈហ្វូស៊ីលពិបាកឈរជើងយ៉ាងខ្លាំងនៅក្នុងទីផ្សារចិន ដែលជាទីផ្សាររថយន្ត ដ៏ធំបំផុតរបស់ពិភពលោក ខណៈដែលបច្ចុប្បន្នរថយន្តថាមពលថ្មីៗដូចជារថយន្តអគ្គិសនីជាដើម មានចំណែកគ្របដណ្ដប់រហូតដល់ទៅជាងពាក់កណ្តាលទៅហើយ នៃការលក់រថយន្តក្នុងប្រទេសចិន។
លោក ទូ ឡ័រ (Tu Le) ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុនពិគ្រោះយោបល់ចិន សាយណូ អូតូ អ៊ីនសៃ (Sino Auto Insights) បានលើកឡើងថា ប្រសិនបើបណ្ដាក្រុមហ៊ុនផលិតរថយន្តបរទេសមិនអាចបញ្ចេញរថយន្តថាមពលស្អាត ដែលមានការប្រកួតប្រជែងដើម្បីដាក់លក់នៅក្នុងទីផ្សារប្រទេសចិនឱ្យបានឆាប់ទេនោះ ក្តីសង្ឃឹមតែមួយគត់សម្រាប់ការជួយសង្គ្រោះចំណែកទីផ្សាររបស់ខ្លួនក្នុងប្រទេសចិន គឺត្រូវចាប់ដៃគូសហការជាមួយបណ្ដាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក។ លោកបានគូសបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តបរទេសមួយចំនួនបានយឺតពេលបន្តិចទៅហើយនៅក្នុងការសម្របខ្លួនទៅនឹងទីផ្សាររថយន្តក្នុងប្រទេសចិន។
ផ្អែកតាមទិន្នន័យក្រុមហ៊ុន ដែលសារព័ត៌មាន CNBC ទទួលបានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្ត General Motor របស់សហរដ្ឋអាម៉េរិក ក្រុមហ៊ុនផលិតរថយន្ត Volkswagen របស់អាល្លឺម៉ង់ និងក្រមហ៊ុនផលិតរថយន្ត Nissan របស់ជប៉ុន សុទ្ធតែធ្លាក់ចុះប្រាក់ចំណូលរបស់ខ្លួននៅទីផ្សារប្រទេសចិនចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។
ទន្ទឹមនេះ នៅឆ្នាំ២០២៣ ក្រុមហ៊ុនផលិតរថយន្ត Kia របស់កូរ៉េខាងត្បូង បានធ្លាក់ចុះការលក់របស់ខ្លួននៅទីផ្សារប្រទេសចិន រហូតដល់ទៅជាង៣០% បើធៀបនឹងឆ្នាំ២០២០។ ទោះជាយ៉ាងណា Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាម៉េរិក បាននិយាយថា ការលក់របស់ខ្លួននៅក្នុងប្រទេសចិនបានកើនឡើងជាង៦ដង ចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។
ក្រុមហ៊ុនផលិតរថយន្តអាម៉េរិក ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ និងក្រុមហ៊ុនផលិតរថយន្តបរទេសផ្សេងៗទៀតដែលបានហក់ចូលទីផ្សារប្រទេសចិន រាប់ទសវត្សរ៍មកហើយ ត្រូវបានក្រុងប៉េកាំង តម្រូវឱ្យបង្កើតការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុកដែលជាធម្មតាគ្រប់គ្រងដោយរដ្ឋ។
សូមបញ្ជាក់ថា ទើបតែក្នុងឆ្នាំ២០២២ ប៉ុណ្ណោះ ដែលរដ្ឋាភិបាលចិន អនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថយន្តបរទេសកាន់កាប់ និងដំណើរការផលិតកម្មរបស់ខ្លួនពេញលេញនៅក្នុងប្រទេសចិន។ ប៉ុន្តែដោយសារប្រទេសចិនជាទីផ្សារធំ ក្រុមហ៊ុនអាម៉េរិក General Motors និងក្រុមហ៊ុនអាល្លឺម៉ង់ Volkswagen បានកាន់កាប់ចំណែកទីផ្សារធំបំផុតទាំងពីរមកទល់នឹងឆ្នាំ២០២២។
ទោះជាយ៉ាងណា ចាប់តាំងពីឆ្នាំ២០២២ មក ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD និង Geely បាននាំមុខក្រុមហ៊ុន General Motors និងក្រុមហ៊ុន Volkswagen ក្លាយជាក្រុមហ៊ុនផលិតរថយន្តដែលកាន់កាប់ចំណែកទីផ្សារធំបំផុតទាំងពីរ។ នេះបើយោងតាមទិន្នន័យប្រចាំខែតុលា របស់សមាគមរថយន្តចិន៕
ដោយ: តែម សុខុម