
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជីរ៉ាយុ ហឿងស៊ឹប (Jirayu Houngsub) បាននិយាយថា ការប្ដេជ្ញាបោះទុនវិនិយោគរបស់ក្រុមហ៊ុន TikTok នេះធ្វើឡើងក្រោយលោកស្រី ហេឡេណា ឡឺស (Helena Lersch) អនុប្រធានគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន TikTok និងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានជួបពិភាក្សាគ្នានៅទីក្រុងបាងកក កាលពីថ្ងៃសុក្រ សប្តាហ៍មុន។
លោកស្រី ឡឺស បានសម្តែងការដឹងគុណចំពោះរដ្ឋាភិបាលថៃ ដែលបានគាំទ្រការវិនិយោគ និងប្រតិបត្តិការរបស់ពួកគេនៅក្នុងប្រទេសថៃ និងបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន TikTok ក្នុងកិច្ចសហការជាមួយរដ្ឋាភិបាល និងគ្រប់ភាគីរបស់ថៃ ដើម្បីជួយជំរុញប្រទេសថៃ ឱ្យឈានចូលយុគសម័យឌីជីថល។
ក្រុមហ៊ុនដែលគ្រប់គ្រងដោយចិននេះ បានប្រកាសអំពីផែនការរបស់ខ្លួនក្នុងការវិនិយោគចំនួន៨,៨ពាន់លានដុល្លារអាម៉េរិក នៅក្នុងប្រទេសថៃ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដោយផ្តោតលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់ប្រទេសនេះ។
ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យានេះ ក៏រួមបញ្ចូលទាំងការបង្កើតមជ្ឈមណ្ឌលរក្សាទុកទិន្នន័យដែលនឹងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងទិន្នន័យសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសថៃ និងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ដោយក្រុមហ៊ុន TikTok មានបំណងធ្វើឱ្យប្រទេសថៃ ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាក្នុងតំបន់។
លោក ជីរ៉ាយុ បាននិយាយថា ក្នុងកិច្ចពិភាក្សានេះរដ្ឋាភិបាលថៃ បានសង្កត់ធ្ងន់លើសារសំខាន់នៃការលើកកម្ពស់ចំណេះដឹងប្រព័ន្ធផ្សព្វផ្សាយ ដោយលោកស្រី ផែថងថាង បានបង្ហាញពីឆន្ទៈក្នុងការសហការជាមួយក្រុមហ៊ុន TikTok ដើម្បីដោះស្រាយបញ្ហាព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត៕
អត្ថបទ៖ សុខ មង្គល