លោក ជីវ ស៊ូជី (Chew Shou Zi) នាយកប្រតិបត្តិ TikTok បានអះអាងថា កម្មវិធីចែករំលែកវីដេអូខ្លីតាមបណ្ដាញទំនាក់ទំនងសង្គមមួយនេះ គ្រោងចំណាយរាប់ពាន់លានដុល្លារដើម្បីគាំទ្រសហគ្រាសធុនតូចនិងមធ្យមនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ខណៈដែលកម្មវិធីទូរស័ព្ទនេះកំពុងតែស្វះស្វែងរកការពង្រីកមុខងាររបស់ខ្លួនឱ្យលើសពីការកម្សាន្តនិងឱ្យក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធិភាពសម្រាប់អាជីវកម្មនៅក្នុងតំបន់។
លោកបានអះអាងថា កម្មវិធីនេះបានក្លាយជាវេទិកាសម្រាប់អាជីវកម្មខ្នាតតូចជាង១៥លាននៅអាស៊ីអាគ្នេយ៍ រួមទាំង៥លាននៅក្នុងប្រទេសឥណ្ឌូនេស៊ី។
លោកបានមានប្រសាសន៍នៅក្នុងសម្រង់សំដីដើមថា “ខ្ញុំរីករាយក្នុងការប្រកាសថា ពួកយើងនឹងវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងនៅក្នុងតំន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ”។
លោកមិនបានបង្ហាញពីតួលេខ ឬពេលវេលាពិតប្រាកដ សម្រាប់ការវិនិយោគនេះទេ ប៉ុន្តែបាននិយាយថា ផ្នែកមួយនៃកម្មវិធីនេះនឹងរួមបញ្ចូលការវិនិយោគចំនួនជាង១២លានដុល្លារ ដើម្បីគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម សហគ្រិន និងយុវជនសរុបចំនួន១២ម៉ឺននាក់ ក្នុងរយៈពេលបីឆ្នាំខាងមុខ។
កម្មវិធីនេះក៏នឹងវិនិយោគលើការបណ្តុះបណ្តាល ការផ្សាយពាណិជ្ជកម្ម និងការគាំទ្រអាជីវកម្មខ្នាតតូច ដែលមានបំណងចូលរួមក្នុងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច TikTok Shop របស់ខ្លួន។
ថ្លែងនៅក្នុងវេទិកាឥទ្ធិពលនៅតំបន់អាស៊ីអាគ្នេយ៍របស់ TikTok ដែលធ្វើឡើងនៅកណ្តាលទីក្រុងហ្សាការតា លោក ជីវ ស៊ូជី បានកត់សម្គាល់ថា នៅពេលដែលកម្មវិធីបានចាប់ផ្តើមកាលពីជាង៥ឆ្នាំមុន វាត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់គោលបំណងកម្សាន្តតែប៉ុណ្ណោះ។
លោកបានបន្តថា ឥឡូវនេះ កម្មវិធី TikTok មានអ្នកប្រើប្រាស់រាប់លាននាក់នៅជុំវិញពិភពលោក ក្នុងចំណោមនោះមានមនុស្ស ៣២៥ លាននាក់នៅក្នុងតំបន់ ដែលប្រើប្រាស់វាសម្រាប់គោលបំណងផ្សេងទៀត ដូចជាការផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន និងការធ្វើអាជីវកម្មដើម្បីពង្រីកទីផ្សារឱ្យកាន់តែទូលំទូលាយ។
លោកបានបន្តទៀតថា នៅពេលដែលក្រុមហ៊ុនកំពុងបន្តពង្រីកកម្មវិធីរបស់ខ្លួន ខ្លឹមសារក៏កាន់តែមានភាពចម្រុះផងដែរ។ ការរាំ និងការច្រៀងកំសាន្ត នៅតែមានសារៈសំខាន់ ហើយវានៅតែរក្សាភាពទាក់ទាញដដែល ប៉ុន្តែយើងកំពុងតែបង្ហាញពីឧត្តមភាពនៃវិស័យផ្សេងទៀតដូចជាការអប់រំ ដែលកំពុងតែសកម្មឡើងនៅលើសាកលលោក។
របាយការណ៍របស់ក្រុមហ៊ុនបណ្តាក់ទុនសិង្ហបុរីមួយឈ្មោះ ម៉ូមិនធឹម វើក (Momentum Works) បានរកឃើញថា កម្មវិធី ស្សបភី (Shopee) ជាអេបដែលមានអ្នកគាំទ្រ និងមានតួនាទីសំខាន់នៅផ្សារអេឡិចត្រូនិចធំបំផុតនៅអាស៊ីអាគ្នេយ៍កាលពីឆ្នាំ២០២២ ដោយមានទឹកប្រាក់ប្រមាណជាជិត៤៨ពាន់លានដុល្លារ បន្ទាប់មកគឺកម្មវិធីឡាហ្សាដា (Lazada) ឈរនៅលំដាប់លេខ២ ក្នុងតម្លៃជាង២០ពាន់លានដុល្លារ, កម្មវិធីតូកូប៉េឌា (Tokopedia) ចំនួនជា១៨ពាន់លានដុល្លារ ហើយកម្មវិធី ទិកតុក ស្សប (TikTok Shop) មានតម្លៃតែជាង៤ពាន់លានដុល្លារប៉ុណ្ណោះ៕