ប្រភពដែលដឹងពីបញ្ហានេះបាននិយាយដោយសុំលាក់អត្តសញ្ញាណថា ម្ចាស់កម្មវិធី TikTok គឺក្រុមហ៊ុន ByteDance បានលៃទុកថវិកាជាង២០ពាន់លានដុល្លារនៅឆ្នាំ២០២៥ នេះ ដោយថវិកាជាងពាក់កណ្ដាលនឹងត្រូវចំណាយលើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត មជ្ឈមណ្ឌលទិន្នន័យសំខាន់ៗ និងឧបករណ៍បណ្ដាញអ៊ីនធឺណិត។
ក្រុមហ៊ុនចម្បងៗដែលទទួលផលពីថវិកានេះ រួមមានក្រុមហ៊ុនផលិតបន្ទះឈីបចិន Huawei Technologies និងក្រុមហ៊ុនរដ្ឋចិន Cambricon Technologies បូករួមទាំងក្រុមហ៊ុនផ្គត់ផ្គង់របស់អាម៉េរិក Nvidia ផងដែរ។
យ៉ាងណាមិញពាក់ព័ន្ធបញ្ហានេះ ក្រុមហ៊ុន ByteDance បានចេញមកអះអាងថា ព័ត៌មានដែលឮចេញពីប្រភពអនាមិកអំពីការចំណាយរបស់ពួកគេនេះ គឺមិនត្រឹមត្រូវទេ ប៉ុន្តែក្រុមហ៊ុននេះមិនបានបញ្ជាក់លម្អិតយ៉ាងណានោះទេ។ ចំណែកក្រុមហ៊ុន Nvidia បានបដិសេធមិនធ្វើអត្ថាធិប្បាយ ហើយក្រុមហ៊ុន Huawei និងក្រុមហ៊ុន Cambricon ក៏មិនបានឆ្លើយតបភ្លាមៗចំពោះបញ្ហានេះដែរ។
ប្រសិនបើដំណឹងនេះជាការពិតមែន ការចំណាយនេះនឹងមិនត្រឹមតែជួយការពារការឈានមុខគេរបស់ក្រុមហ៊ុន ByteDance ខាងបញ្ញាសិប្បនិម្មិតនៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងការផ្តល់ជូនបញ្ញាសិប្បនិម្មិតនៅក្រៅប្រទេសផងដែរ ស្របពេលក្រុមហ៊ុនរបស់ចិន មួយនេះ កំពុងដោះស្រាយអនាគតមិនច្បាស់លាស់នៃកម្មវិធី TikTok នៅលើទឹកដីអាម៉េរិក ទោះជាប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិសម្រាប់ការពន្យារពេល៧៥ថ្ងៃទៀតក្នុងការអនុវត្តការហាមឃាត់លើកម្មវិធីវីដេអូខ្លីៗមួយនេះក៏ដោយ៕
អត្ថបទ៖ សុខ មង្គល