នៅសប្តាហ៍ក្រោយប្រតិភូប្រមាណ១,៦០០នាក់នឹងជួបជុំគ្នានៅទីក្រុងហាណូយ ដើម្បីបើកសមាជគណបក្សកុម្មុយនីស្តវៀតណាម រយៈពេល១សប្តាហ៍ ដែលតែងប្រារព្ធធ្វើឡើងរៀងរាល់៥ឆ្នាំម្តង ដើម្បីជ្រើសរើសមេដឹកនាំថ្មី និងកំណត់ទិសដៅគោលនយោបាយសម្រាប់រដ្ឋ ដែលមានគណបក្សតែមួយនេះ។
យោងតាមប្រភពផ្ទៃក្នុង និងមន្ត្រីជាន់ខ្ពស់ដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបឱ្យដឹងថា លោក តូ ឡឹម ដែលមានវ័យ៦៨ឆ្នាំបានស្នើឈ្មោះខ្លួនឯងសម្រាប់តំណែងកំពូលទាំងពីរ នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងគណបក្សមួយកាលពីខែធ្នូ ឆ្នាំ២០២៥ ដើម្បីស្វែងរកការគាំទ្រជាមុនពីគណបក្ស មុនសមាជផ្លូវការចូលមកដល់។
នយោបាយនៅវៀតណាម អំណាចត្រូវបានបែងចែកជា៤ រួមមាន អគ្គលេខាធិការបក្ស, ប្រធានរដ្ឋ, នាយករដ្ឋមន្ត្រី និងប្រធានសភា។ ការព្យាយាមក្តោបក្តាប់តំណែងអគ្គលេខាធិការបក្ស និងប្រធានរដ្ឋក្នុងពេលតែមួយសម្រាប់អាណត្តិ៥ ឆ្នាំខាងមុខ គឺជាការងាកចេញយ៉ាងខ្លាំងពីគំរូនៃការចែករំលែកអំណាចបែបសមូហភាព ដែលវៀតណាម បានអនុវត្តជាច្រើនទសវត្សរ៍មកហើយ។
កន្លងមកការកាន់តំណែងទន្ទឹមគ្នាបែបនេះអាចកើតឡើងបានតែក្នុងករណីពិសេសបំផុត ឬជាបណ្ដោះអាសន្នប៉ុណ្ណោះ ដូចជាកាលពីឆ្នាំ២០២៤ នៅពេលដែលលោក តូ ឡឹម បានកាន់តំណែងទាំងពីរក្នុងរយៈពេលខ្លីប្រហែល៣ខែ បន្ទាប់ពីមេដឹកនាំមុនបានទទួលមរណភាព។ អ្នកវិភាគយល់ថា ប្រសិនបើផែនការនេះសម្រេចបានជោគជ័យ វានឹងក្លាយជាសញ្ញានៃការពង្រឹងអំណាចបុគ្គលនិយមដ៏ខ្លាំងក្លាបំផុតនៅក្នុងប្រវត្តិសាស្ត្រនយោបាយវៀតណាមសម័យទំនើប៕
អត្ថបទៈ សួន ឡង់ទី