បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន MGR Online គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល៩ព្រឹក ក្នុងអំឡុងពេលរថភ្លើងដឹកអ្នកដំណើរ ដែលភាគច្រើនជាសិស្សសាលា អ្នកធ្វើការ និងកម្មករ កំពុងធ្វើដំណើរពីទីក្រុងបាងកកទៅកាន់ខេត្តឧប៊ុនរ៉ាចាថានី បានបុកជាមួយដងសន្ទូចសំណង់ផ្លូវរថភ្លើង ហើយក្រឡាប់ធ្លាក់ចេញពីផ្លូវ និងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។
ក្រោយឧប្បត្តិហេតុកើតឡើង លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីចាំផ្ទះថៃបានបង្ហាញការប្រតិកម្មយ៉ាងខ្លាំង និងបានបង្គាប់ថា៖«ប្រធានអយស្ម័យយានគួរតែគិតមើលខ្លួនឯងឡើងវិញ ថាតើគួរនៅបន្ត ឬលាលែងពីមុខតំណែង? ព្រោះឧប្បត្តិបែបនេះបានកើតឡើងញឹកញាប់ពេកហើយ»។
ជាមួយគ្នានេះនាយករដ្ឋមន្ត្រីចាំផ្ទះថៃ ក៏បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងដឹកជញ្ជូនថៃចុះទៅកន្លែងកើតហេតុ ដើម្បីពិនិត្យ និងដឹកនាំការជួយសង្គ្រោះ និងបញ្ហាឱ្យបើកការស៊ើបអង្កេតដោយតម្លាភាព និងទូលំទូលាយ ដើម្បីកំណត់មូលហេតុ និងការពារកុំឱ្យកើតមានហេតុការណ៍បែបនេះទៀត៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស