ជាមួយគ្នានេះថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជំរុញឱ្យក្រុមហ៊ុនប្រមូលទិញ និងអ្នកដាំមៀនប៉ៃលិនចុះកិច្ចសន្យាថ្មីឱ្យមានតម្លាភាព និងគោរព និងអនុវត្តតាមកិច្ចសន្យាដែលបានចុះរួមគ្នាឱ្យបានច្បាស់លាស់ និងត្រឹមត្រូវបន្ថែមទៀត។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនឯកជន សហគមន៍ ម្ចាស់ចម្ការ និងកសិករផលិតមៀនប៉ៃលិននៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីស្តាប់ពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយជូនពួកគេ ដែលកំពុងជួបបញ្ហាទីផ្សារ និងខ្វះកម្លាំងពលកម្មក្នុងការប្រមូលផល។
ទន្ទឹមនឹងសន្យាជួយរកដំណោះស្រាយក្នុងការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំ និងលើកទឹកចិត្តដល់សហគមន៍ និងម្ចាស់ចម្ការ ត្រូវសហការឱ្យបានជិតស្និតជាមួយក្រុមហ៊ុន ហើយត្រូវធ្វើកិច្ចសន្យាថ្មីជាមួយគ្នាឱ្យមានតម្លាភាព គោរពតាមលក្ខខណ្ឌនៃកិច្ចសន្យារួមគ្នា និងស្របតាមស្តង់ដារដែលបានកំណត់ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ហើយក្នុងករណីក្រុមហ៊ុន ឬម្ចាស់ចំការត្រូវការកម្លាំងពលកម្មជួយបេះផ្លែមៀន ថ្នាក់ដឹកនាំក្រសួងកសិកម្មប្តេជ្ញានឹងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ផ្តល់កងកម្លាំងទាហានដល់ក្រុមហ៊ុន សហគមន៍ និងម្ចាស់ចំការឱ្យជួយប្រមូលផលពួកគេឱ្យបានទាន់ពេលវេលា ដើម្បីងាយស្រួលចែកចាយមៀនស្រស់ និងដំណាប់មៀនសម្ងួតនៅលើទីផ្សារក្នុងស្រុក និងក្រៅស្រុក។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឌិត ទីណា ក៏បានឆ្លៀតលើកឡើងពីសារៈប្រយោជន៍នៃចូលរួមជាមួយសហគមន៍កសិកម្មទំនើប ដែលអាចជួយកសិករកាត់បន្ថយថ្លៃដើមផលិត និងការទិញធាតុចូលកសិកម្មជាលក្ខណៈទ្រង់ទ្រាយធំ មានផែនការផលិតកម្មច្បាស់លាស់ អាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប និងមានទីផ្សារពិតប្រាកដ។
លើសពីនេះ អ្នកចូលរួមជាមួយសហគមន៍កសិកម្មទំនើប នឹងទទួលបានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្មផ្ទាល់ តាមរយៈការសហការជាមួយមន្រ្តីកសិកម្មឃុំ និងក្រុមការងារជំនាញ ប្រការសំខាន់ប្រជាកសិករត្រូវកសាងទំនុកចិត្តជាមួយគ្នា ចេះសហការគ្នា គោរពតាមច្បាប់លក្ខន្តិកៈរបស់សហគមន៍ដែលបានចែង ដើម្បីទទួលបានផលចំណេញសេដ្ឋកិច្ច និងមាននិរន្តរភាព៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ