ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស ខេមបូឌា យល់ឃើញថា ស្របពេលស្ថានការណ៍ពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ និងមានការប្រែប្រួលឆាប់រហ័ស គឺទាមទារឱ្យវិស័យឯកជនត្រូវរៀបចំផែនការឱ្យបានច្បាស់លាស់ ដើម្បីការពារហានិភ័យ ដែលអាចកើតមានជាយថាហេតុ និងរក្សាស្ថិរភាពអាជីវកម្មរបស់ខ្លួន។ ដើម្បីការពារហានិភ័យពីការប្រែប្រួលជាសកល អ្នកជំនាញចាស់វស្សាក្នុងវិស័យដឹកជញ្ជូននេះជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាក្រុមហ៊ុនដៃគូទាំងក្នុង និងក្រៅតំបន់ និងត្រូវធ្វើពិពិធកម្មសេវាដឹកជញ្ជូន ព្រមទាំងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលជាដើម។ អ្នកជំនាញរូបនេះជឿជាក់ថា ការធ្វើបែបនេះ វានឹងអាចជួយកាត់បន្ថយហានិភ័យ និងធ្វើឱ្យក្រុមហ៊ុនដើរទាន់របត់ នៃការប្រែប្រួលរបស់ពិភពលោក ខណៈមកដល់ពេលនេះ វិស័យដឹកជញ្ជូនរបស់កម្ពុជាបានបត់បែនទៅតាមស្ថានការណ៍យ៉ាងប្រុងប្រយ័ត្ន។
បើតាមការវាយតម្លៃរបស់លោកឧកញ៉ា ស៊ិន ចន្ធី វិស័យសេដ្ឋកិច្ច និងដឹកជញ្ជូននៅក្នុងឆ្នាំ២០២៦ នេះ នឹងបន្តមានកំណើនយឺត ដោយសារតែភាពមិនប្រាកដប្រជារបស់ពិភពលោក។ គួរបញ្ជាក់ថា មកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជា កំពុងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីឆ្លើយតបជាមួយវិស័យដឹកជញ្ជូន ដែលកំពុងមានភាពមមាញឹក។ យ៉ាងណាមិញ នៅក្នុងឆ្នាំ២០២៥ កន្លងទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុមានបរិមាណកុងតឺន័រឆ្លងកាត់ជាង១លាន៣០ម៉ឺនទូមានកំណើនជាង៣០% បើធៀបនឹងឆ្នាំ២០២៤៕
អត្ថបទ៖ បូ ដូឡា