អ្នកនយោបាយ

លោក ត្រាំ កំពុងថ្លឹងថ្លែងរវាងមនុស្សជំនិតពីររូប សម្រាប់តំណែងបេក្ខភាពប្រធានាធិបតីបន្តវេន


ខណៈដែលសង្គ្រាមជាមួយអ៊ីរ៉ង់ កំពុងក្លាយជាបញ្ហាប្រឈមដល់មរតកនយោបាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ភ្នែករបស់មហាជនកំពុងសម្លឹងមើលជំនួយការដ៏មានឥទ្ធិពលពីររូប គឺអនុប្រធានាធិបតី ជេឌី វេន (JD Vance) និងរដ្ឋមន្ត្រីការបរទេស ម៉ាកូ រ៉ូប៊ីអូ (Marco Rubio)។ បុរសទាំងពីររូបនេះ កំពុងត្រូវបានគេមើលឃើញថា ជាអ្នកស្នងតំណែងដ៏មានសក្តានុពលបំផុតរបស់លោក ត្រាំ សម្រាប់ឆ្នាំ២០២៨ ខណៈគណបក្សសាធារណរដ្ឋចាប់ផ្តើមរៀបចំអនាគតបក្សក្រោយយុគសម័យ ត្រាំ។
អ្នកនយោបាយ
ដោយ

សារព័ត៌មាន Reuters បានរាយការណ៍ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចាប់ផ្តើមពិភាក្សាជាលក្ខណៈឯកជនជាមួយទីប្រឹក្សាជិតស្និទ្ធនូវសំណួរដ៏សំខាន់មួយ តើត្រូវជ្រើសរើស JD ឬ Marco? បុរសទាំងពីរមានទស្សនវិជ្ជាសន្តិសុខជាតិខុសគ្នា ប៉ុន្តែកំពុងដើរតួយ៉ាងសំខាន់ក្នុងយុទ្ធនាការបង្ខំឱ្យអ៊ីរ៉ង់លុបចោលកម្មវិធីនុយក្លេអ៊ែ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ​។

ស្ថិតក្នុងវ័យ៤១ឆ្នាំ លោក ជេឌី វេន ជាអតីតយោធិនកងម៉ារីន ដែលធ្លាប់ឆ្លងកាត់សមរភូមិអ៊ីរ៉ាក់ បានប្រកាន់យកវិធីសាស្ត្រ ប្រុងប្រយ័ត្នខ្ពស់ ដោយលោកមានភាពស្ទាក់ស្ទើរចំពោះការទាញសហរដ្ឋអាម៉េរិក ឱ្យចូលក្នុងសង្គ្រាមបរទេសរយៈពេលវែង។ ប្រភពជិតស្និទ្ធបានបង្ហើបថា លោក វេន នឹងរង់ចាំមើលលទ្ធផល នៃការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងខែវិច្ឆិកា ខាងមុខសិន ទើបសម្រេចចិត្តជាផ្លូវការថា តើត្រូវឈរឈ្មោះនៅឆ្នាំ២០២៨ ដែរឬទេ។

ចំណែករដ្ឋមន្ត្រីការបរទេស ម៉ាកូ រ៉ូប៊ីអូ វ័យ៥៤ឆ្នាំ បានបង្ហាញឥរិយាបថរឹងរូស និងម៉ឺងម៉ាត់ ស្របតាមគោលនយោបាយរបស់លោក ត្រាំ។ លោកត្រូវបានគេមើលឃើញថា ជាអ្នកការពារដ៏លេចធ្លោបំផុតម្នាក់របស់រដ្ឋាភិបាល។ ទោះជាយ៉ាងណា លោក រ៉ូប៊ីអូ បានបញ្ជាក់ថា លោកនឹងមិនឈរឈ្មោះប្រជែងជាមួយលោក វេន ឡើយ ហើយថែមទាំងពេញចិត្តប្រសិនបើបានធ្វើជាដៃគូសន្លឹកឆ្នោតជាមួយលោក វេន ទៀតផង។

គួរបញ្ជាក់ថា លោក ត្រាំ ធ្លាប់បានបង្ហើបពីបំណងចង់ឱ្យអ្នកទាំងពីរឈរឈ្មោះរួមគ្នា ដោយលោកជឿជាក់ថា នេះគឺជាគូប្រជែងដែលពិបាកនឹងមានអ្នកណាយកឈ្នះបាន។ ផ្អែកតាមការស្ទង់មតិចុងក្រោយរបស់ Reuters ក្នុងខែមីនា នេះ លោក JD Vance ទទួលបានការគាំទ្រ៧៩% ពីសមាជិកបក្សសាធារណរដ្ឋ ខណៈលោក Marco Rubio ទទួលបានការគាំទ្រ៧១% ពីសមាជិកបក្ស។ ទោះបីជាសង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងឡើងកម្តៅ ប៉ុន្តែសម្រាប់លោក ត្រាំ ការរៀបចំអ្នកបន្តវេន ដែលស្មោះត្រង់នឹងមនោគមវិជ្ជារបស់ខ្លួន គឺជាអាទិភាពខ្ពស់បំផុតសម្រាប់អនាគត នៃអាណាចក្រនយោបាយរបស់លោក៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


មេបក្សប្រឆាំងដ៏ធំរបស់តៃវ៉ាន់ គ្រោងបំពេញទស្សនកិច្ចនៅចិន តាមការអញ្ជើញរបស់ទីក្រុងប៉េកាំង

គណបក្សគួមីនតាង ដែលជាគណបក្សប្រឆាំងដ៏ធំនៅកោះតៃវ៉ាន់ បានប្រកាសគួរឱ្យភ្ញាក់ផ្អើលថា មេបក្សគួមីនតាង គឺលោកស្រី ឈឹង លីវុន (Cheng Li-wun) នឹងទ…

លោក មីន អ៊ុងឡាំង លាលែងពីតំណែងយោធា ដើម្បីត្រៀមឡើងកាន់តំណែងជាប្រធានាធិបតីមីយ៉ាន់ម៉ា

លោក មីន អ៊ុងឡាំង (Min Aung Hlaing) ប្រមុខយោធាមីយ៉ាន់ម៉ា ដែលបានដឹកនាំរដ្ឋប្រហារឆ្នាំ២០២១ បានសម្រេចចុះចេញពីតំណែងយោធា នៅថ្ងៃទី៣០ ខែមី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ