ពានរង្វាន់ណូបែលសន្តិភាព

លោក ដូណាល់ ត្រាំ ថា បើលោកមិនទទួលបានពានរង្វាន់ណូបែលសន្តិភាពទេ វាស្មើនឹងការប្រមាថចំពោះសហរដ្ឋអាម៉េរិក


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងនៅថ្ងៃទី៣០ ខែកញ្ញា ថា វានឹងក្លាយជាការប្រមាថចំពោះសហរដ្ឋអាម៉េរិក ប្រសិនបើលោកមិនទទួលបានពានរង្វាន់ណូបែលសន្តិភាព សម្រាប់តួនាទីដែលលោកបានលូកដៃអន្តរាគមន៍ជួយពន្លត់ភ្លើងសង្គ្រាមជាច្រើនដោយជោគជ័យទេនោះ។ សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះលោក ត្រាំ បានអះអាងថា នៅក្នុងរយៈពេល៧ខែមកនេះ លោកបានជួយពន្លត់ភ្លើងសង្គ្រាមរហូតដល់ទៅ៧ ដោយជោគជ័យរួមទាំងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ផងដែរ។
ពានរង្វាន់ណូបែលសន្តិភាព
ដោយ

លោក ដូណាល់ ត្រាំ លើកឡើងដ៏គួរឱ្យភ្ញាក់ផ្អើលថា ប្រសិនបើលោកមិនទទួលបានពានរង្វាន់ណូបែលសន្តិភាពទេ វាស្មើនឹងការប្រមាថចំពោះសហរដ្ឋអាម៉េរិក ព្រោះលោកបានអន្តរាគមន៍ជួយពន្លត់ភ្លើងសង្គ្រាមជាច្រើន។ ការលើកឡើងបែបនេះរបស់លោក ត្រាំ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលបេក្ខភាព ដែលត្រូវបានជ្រើសរើសឱ្យទទួលពានរង្វាន់ណូបែលសន្តិភាព នឹងត្រូវប្រកាសនៅទីក្រុង Oslo ប្រទេសន័រវែស នៅថ្ងៃទី១០ ខែតុលា ដ៏ខ្លីខាងមុខនេះ។

ថ្លែងទៅកាន់ក្រុមមន្ត្រីយោធាអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថា លោកសមនឹងទទួលបានពានរង្វាន់ណូបែលសន្តិភាពសម្រាប់ស្នាដៃ ដែលលោកបានជួយពន្លត់ភ្លើងសង្គ្រាមរហូតដល់ទៅ៧ ក្នុងរយៈពេល៧ខែមកនេះ រួមមានសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់, សង្គ្រាមរវាងឥណ្ឌា និងប៉ាគីស្ថាន, សង្គ្រាមរវាងរវ៉ាន់ដា និងសាធារណរដ្ឋកុងហ្គោ, សង្គ្រាមព្រំដែនរវាងកម្ពុជា និងថៃ, សង្គ្រាមរវាងអាម៉េនី និងអាហ្ស៊ែបៃហ្សង់, សង្គ្រា​មរវាងអេហ្ស៊ីប និងអេត្យូពី និងសង្គ្រាមរវាងស៊ែរប៊ី និងកូសូវ៉ូ។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិតមួយដោយប្រកាសគាំទ្រលោក ដូណាល់ ត្រាំ ជាបេក្ខភាពសម្រាប់ពានរង្វាន់ណូបែលសន្តិភាព បន្ទាប់ពីលោករួមជាមួយចិន និងមេដឹកនាំប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន បានជួយជ្រោមជ្រែងឱ្យមានបទឈប់រវាងកងកម្លាំងកម្ពុជា និងកងទ័ពថៃ ដែលបានជួយឱ្យមនុស្សជាច្រើនរួចផុតពីការគំរាមកំហែងពីសង្គ្រាម។

ជាយូរមកហើយដែលលោក ដូណាល់ ត្រាំ ហាក់មានការមិនសប្បាយចិត្ត ដែលអតីតប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា ទទួលបានពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ២០០៩។ លោក ដូណាល់ ត្រាំ បានលើកឡើងថា ប្រសិនបើផែនការរបស់លោកក្នុងការពន្លត់ភ្លើងសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ Gaza ដែលជាទឹកដីប៉ាឡេស្ទីន ទទួលបានជោគជ័យ វានឹងក្លាយជាសង្គ្រាមទី៨ ដែលលោកពន្លត់បានក្នុងពេល៨ខែមកនេះ។

ទោះជាយ៉ាងណា ក្រុមអ្នកជំនាញនៅទីក្រុង Oslo ប្រទេសន័រវែស ដែលជាកន្លែងផ្តល់ពានរង្វាន់ណូបែបសន្តិភាព បានទម្លាយឱ្យដឹងថា ឱកាសរបស់លោក ដូណាល់ ត្រាំ ក្នុងការទទួលបានពានរង្វាន់ណូបែបសន្តិសភាព គឺជិតស្មើសូន្យ ពោលគឺគ្មានសង្ឃឹមនោះទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើហេតុអ្វី ADB បង្កើនការព្យាករសេដ្ឋកិច្ចវៀតណាម ដល់៦,៧%?

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានកែសម្រួលការព្យាករកំណើនសេដ្ឋកិច្ចរបស់វៀតណាម នៅឆ្នាំ២០២៥ ដល់៦,៧% និងឆ្នាំ២០២៦ មានក្នុងរង្វង់៦% ទាំងវៀតណាម…

ស្ត្រីជនជាតិចិន ត្រូវបានអាជ្ញាធរអង់គ្លេសចាប់ខ្លួន និងចោទប្រកាន់ពីបទលាងលុយកខ្វក់ក្នុងទំហំ៧ពាន់លានដុល្លារតាមរយៈ Bitcoin

ស្ត្រីជនជាតិចិន វ័យ៤៧ឆ្នាំម្នាក់ បានសារភាពកំហុសនៅក្នុងតុលាការក្រុងឡុងដ៍ ប្រទេសអង់គ្លេសថា ខ្លួនពិតជាបានធ្វើសកម្មភាពលាងលុយកខ្វក់ក្នុងទំហំរហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ