
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃទី២៥ ខែកញ្ញា ដោយសម្រេចឱ្យក្រុមហ៊ុន TikTok នៅសហរដ្ឋអាម៉េរិក លក់ភាគហ៊ុនចំនួន៨០% ដើម្បីកាត់បន្ថយបញ្ហាចម្រូងចម្រាស ដែលគំរាមកំហែងដល់សន្តិសុខជាតិរបស់មហាអំណាចមួយនេះ។
លោក ជេឌី វេន (JD Vance) អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក បានអះអាងថា តាមរយៈបញ្ជាប្រតិបត្តិនេះក្រុមហ៊ុនអាម៉េរិក អាចនឹងចូលទៅកាន់កាប់ភាគហ៊ុនធំបំផុតរបស់ TikTok ក្នុងតម្លៃប្រហែល១៤ពាន់លានដុល្លារ ប៉ុន្តែទោះបីជាយ៉ាងណា សេចក្តីរាយការណ៍ពិស្តារពាក់ព័ន្ធនឹងការប្រកាសលក់ TikTok នៅមិនទាន់ចេញលម្អិតនៅឡើយទេ។
តែយ៉ាងណាលោក ដូណាល់ ត្រាំ អះអាងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបង្ហាញការយល់ព្រមលើផែនការ។ យ៉ាងណាមិញ ស្ថានទូតចិន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះនោះទេ ហើយក្រុមហ៊ុន TikTok ក៏មិនបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីចំណាត់ការរបស់លោក ត្រាំ នេះដែរ។
បច្ចុប្បន្ន TikTok នៅសហរដ្ឋអាម៉េរិក មានអ្នកប្រើប្រាស់ប្រមាណ១៧០លាននាក់ ខណៈគណនី TikTok របស់លោក ត្រាំ ផ្ទាល់ត្រូវបានគេដឹងថា មានអ្នកតាមដានរហូតដល់១៥លាននាក់ ហើយសេតវិមាន ក៏បានបើកដំណើរការគណនី TikTok ផ្លូវការកាលពីខែមុនផងដែរ៕
ដោយៈ សរ សុជាតិ