លោក ដូណាល់ ត្រាំ មេដឹកនាំអាម៉េរិក កាលពីថ្ងៃទី២២ ខែមករា បានដាក់ពាក្យប្តឹងធនាគារខ្នាតយក្សរបស់អាម៉េរិក JPMorgan និងនាយកប្រតិបត្តិរបស់ធនាគារនេះលោក ចេមី ដៃម៉ុន ទៅតុលាការ ម៉ៃអាមី ដេដ (Miami-Dade) ក្នុងរដ្ឋផ្លរីដា ពីបទបិទគណនីផ្ទាល់ខ្លួន និងអាជីវកម្មរបស់លោក ដោយទារសំណងរហូតដល់៥ពាន់លានដុល្លារអាម៉េរិក។ នៅក្នុងពាក្យបណ្តឹងនោះលោក ត្រាំ អះអាងថា ធនាគារនេះបានបិទគណនីរបស់លោកជាបន្តបន្ទាប់កាលពីខែកុម្ភៈ ឆ្នាំ២០២១ ដោយជូនដំណឹងមុនត្រឹមតែ៦០ថ្ងៃ និងគ្មានការអធិប្បាយពន្យល់អ្វីទាំងអស់។
លោក ត្រាំ បានគូសបញ្ជាក់ថា ទង្វើរបស់ធនាគារ JPMorgan បានបង្កផលប៉ះពាល់ដល់ចរន្តសាច់ប្រាក់រាប់លានដុល្លាររបស់លោក និងអាជីវកម្ម ពោលគឺរារាំងដល់ប្រតិបត្តិការងារផ្សេងៗ និងបង្ខំឱ្យលោកត្រូវស្វែងរកធនាគារថ្មី ដើម្បីបើកគណនីជាបន្ទាន់។ មេដឹកនាំអាម៉េរិករូបនេះបានចាត់ទុកការចាត់វិធានការរបស់ធនាគារនេះធ្វើឡើងក្រោមហេតុផលនយោបាយ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ ក្រុមហ៊ុន JPMorgan បានចេញសេចក្តីថ្លែងការមួយដោយបង្ហាញភាពសោកស្តាយចំពោះការចោទប្រកាន់របស់លោក ត្រាំ ហើយអះអាងថា ពួកគេមិនបានបិទគណនីធនាគារ ដោយសារហេតុផលនយោបាយនោះទេ។ អ្នកនាំពាក្យធនាគាររបស់ធនាគារនេះបានលើកឡើងថា៖«បណ្តឹងនេះមិនមានមូលដ្ឋានត្រឹមត្រូវទេ។ យើងមិនដែលបិទគណនីដោយសារហេតុផលនយោបាយ ឬសាសនាណាមួយនោះទេ ប៉ុន្តែគឺដោយសារគណនីទាំងនោះបង្កហានិភ័យផ្នែកផ្លូវច្បាប់ និងបទប្បញ្ញត្តិដល់ក្រុមហ៊ុន»។ ជាមួយគ្នានេះសេតវិមានបានបញ្ជាក់ថា ខ្លួននឹងបញ្ជូនករណីនេះទៅឱ្យទីប្រឹក្សាផ្នែកច្បាប់ខាងក្រៅរបស់ប្រធានាធិបតី ជាអ្នកពិនិត្យ និងចាត់ការបន្ត៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស