
ការដាក់ចេញគោលនយោបាយថ្មីៗ និងគួរឱ្យភ្ញាក់ផ្អើលជាបន្តបន្ទាប់របស់លោក ដូណាល់ ត្រាំ បានធ្វើឱ្យភាពមិនប្រាកដប្រជាកាន់តែកើនឡើងសម្រាប់អាជីវកម្ម អតិថជនជាអ្នកប្រើប្រាស់ និងវិនិយោគិន ជាពិសេសទាក់ទិននឹងការដំឡើងពន្ធគយដ៏ចម្រូងចម្រាសលើប្រទេសកាណាដា ម៉ិកស៊ិក និងចិន តែម្ដង។
ការណ៍នេះ បានជំរុញឱ្យវិនិយោគិនសម្រុកលក់ចេញភាគហ៊ុនយ៉ាងគំហុកដែលធ្វើឱ្យផ្សារហ៊ុនអាម៉េរិក ដាំក្បាលចុះខ្លាំងខាតបង់ធ្ងន់ធ្ងរមិនធ្លាប់មាន។ ការសម្រុកលក់ចេញភាគហ៊ុននៅផ្សារហ៊ុនអាម៉េរិក បានកើនឡើងកាន់តែខ្លាំងកាលពីថ្ងៃចន្ទ ទី១០ ខែមីនា ក្នុងនោះសន្ទស្សន៍ផ្សារហ៊ុនអាម៉េរិក Nasdaq Composite បានធ្លាក់ចុះ៤% ដែលជាការធ្លាក់ចុះប្រចាំថ្ងៃយ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មានរបស់ខ្លួនចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២ មក ហើយសន្ទស្សន៍ផ្សារហ៊ុនអាម៉េរិក មួយទៀតឈ្មោះ Nasdaq ដែលផ្តោតលើភាគហ៊ុនបច្ចេកវិទ្យា ក៏បានធ្លាក់ចុះជាង១០% ដែរ ពីកម្រិតខ្ពស់បំផុតរបស់ខ្លូនកាលពីអំឡុងខែធ្នូ ចុងឆ្នាំ២០២៤។
ជាមួយគ្នានេះផ្សារភាគហ៊ុន S&P 500 ដែលជាផ្សារហ៊ុនរួមទាំងមូលរបស់សហរដ្ឋអាម៉េរិក បានធ្លាក់ចុះដល់ទៅ៨,៦% ដោយខាតបង់ធ្ងន់ធ្ងរសរុបជាទឹកប្រាក់រហូតដល់ទៅជាង៤ទ្រីលានដុល្លារ គួរឱ្យភ្ញាក់ផ្អើល។
ដោយឡែក ទីផ្សារភាគហ៊ុននៅអាស៊ី ក៏បានធ្លាក់ចុះយ៉ាងខ្លាំងដែរនៅថ្ងៃអង្គារ ទី១១ ខែមីនា នេះ ខណៈដែលការព្រួយបារម្ភខ្លាចសង្គ្រាមពាណិជ្ជកម្មប៉ះពាល់ដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក បានកើនឡើងកាន់តែខ្លាំង។ ដោយសារការព្រួយបារម្ភ បណ្ដាវិនិយោគិនបានងាកទៅវិនិយោគលើរូបិយប័ណ្ណយ៉េនរបស់ជប៉ុន ជំនួសវិញ ព្រោះវាមានសុវត្ថិភាព។ ការព្រួយបារម្ភមានកាន់តែខ្លាំងឡើង បន្ទាប់ពីលោក ដូណាល់ ត្រាំ បានលើកឡើងពីរយៈពេលនៃអន្តរកាល ប៉ុន្តែលោកបានជៀសវាងមិនធ្វើការព្យាករថា តើពន្ធគយរបស់លោកនឹងបណ្ដាលឱ្យសេដ្ឋកិច្ចអាម៉េរិក ធ្លាក់ចុះ ឬយ៉ាងណានោះឡើយ៕
ដោយ: តែម សុខុម