លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា នៅពេលប្រធានាធិបតីទើបជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ចាប់ផ្តើមអនុវត្តវិធានការដំឡើងពន្ធតាមអ្វីដែលលោកបានលើកឡើងនាពេលកន្លងមកនោះ ចង់ ឬមិនចង់វានឹងជះឥទ្ធិពលមួយចំនួនដល់ការនាំចេញទំនិញរបស់កម្ពុជា ដ្បិតថា សហរដ្ឋអាម៉េរិកជាទីផ្សារនាំចេញទំនិញធំបំផុតរបស់កម្ពុជា។ ដូច្នេះតាមរយៈទឡ្ហីករណ៍នេះ ការដំឡើងពន្ធរបស់លោក ត្រាំ វានឹងធ្វើឱ្យថ្លៃដើមលើការនាំចេញមានការកើនឡើង ដែលអាចធ្វើឱ្យប៉ះពាល់ដល់បរិមាណនាំចេញ។
អ្នកជំនាញរូបនេះយល់ឃើញថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាការដំឡើងពន្ធរបស់អាម៉េរិក និងធានាបាននូវភាពប្រកួតប្រជែងលើការនាំចេញទំនិញទៅកាន់ទីផ្សារអាម៉េរិក កម្ពុជាត្រូវត្រៀមខ្លួនទុកជាមុនឱ្យបានរួចរាល់ ទាំងប្រព័ន្ធផលិតកម្ម បច្ចេកវិទ្យា កម្លាំងពលកម្ម និងកត្តារួមផ្សំមួយចំនួនទៀត សំដៅធ្វើយ៉ាងណាឱ្យថ្លៃដើមផលិតទាប ដែលអាចធានាដល់និរន្តភាពនៃការនាំចេញ បើមិនដូច្នេះទេ វានឹងអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចពាណិជ្ជកម្មរបស់កម្ពុជា នាពេលអនាគត។
ពាក់ព័ន្ធបញ្ហានេះដែរ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានគូសបញ្ជាក់ថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ គឺធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចសហរដ្ឋអាម៉េរិក មានភាពខ្លាំងឡើងវិញ តាមរយៈការប្រមូលពន្ធចូលទៅកាន់ប្រទេសរបស់ខ្លួន ដោយមិនខ្វល់អំពីរបៀបវារៈនៃទំនាក់ទំនងការទូត ឬកិច្ចពាណិជ្ជកម្មជាមួយប្រទេសណាឡើយ។
ដូច្នេះហើយ ដើម្បីរឹតបន្តឹងចំណងមិត្តភាព និងរក្សាតម្លៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យបានល្អ ក៏ដូចជាអាចឈានទៅទទួលបានការអនុគ្រោះពន្ធ GSP ពីសហរដ្ឋអាម៉េរិកឡើងវិញ អ្នកជំនាញរូបនេះយល់ឃើញថា កម្ពុជាគួរពិចារណាទទួលយកលក្ខខណ្ឌតម្រូវមួយចំនួនរបស់សហរដ្ឋអាម៉េរិក។
លោកបានសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជា មិនអាចទទួលបានការអនុគ្រោះពន្ធ GSP ពីសហរដ្ឋអាម៉េរិកសាជាថ្មី គួបផ្សំមានការដំឡើងពន្ធ២០% បន្ថែមទៀត នៅក្នុងអាណត្តិលោក ដូណាល់ ត្រាំ រយៈពេល៤ឆ្នាំ វាអាចបង្កជាឧបសគ្គមួយចំនួនរាំងស្ទះដល់ការជំរុញគោលដៅក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ផងដែរ ដ្បិតថា កម្ពុជាមានរយៈពេល៥ឆ្នាំទៀតប៉ុណ្ណោះដើម្បីសម្រេចផែនការនេះ។
គួរជម្រាបថា តាមផែនការរបស់លោក ដូណាល់ ត្រាំ សហរដ្ឋអាម៉េរិកនឹងដំឡើងពន្ធទៅលើការនាំចូលទំនិញពីប្រទេសចិន ចំនួន៦០% និងពីតំបន់ផ្សេងៗទៀត រួមមានទាំងកម្ពុជា ចំនួន២០% នៅឆ្នាំ២០២៥ ខាងមុខនេះ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក មានទំហំទឹកប្រាក់សរុបជាង៨ពាន់៤រយលានដុល្លារ ក្នុងនោះកម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក មានទំហំជាង៨ពាន់២រយលានដុល្លារ ខណៈកម្ពុជានាំចូលទំនិញពីសហរដ្ឋអាម៉េរិក មានទំហំត្រឹមតែជាង២១៧លានដុល្លារតែប៉ុណ្ណោះ៕