ប័នហិរញ្ញវត្ថុធំៗពីរចាប់ដៃគ្នា

ស្ថាប័នហិរញ្ញវត្ថុធំៗពីរចាប់ដៃគ្នា ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា


ស្ថាប័នហិរញ្ញវត្ថុធំៗពីររួមមានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានពួតដៃគ្នា ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ គោលបំណងនៃការចាប់ដៃគ្នានេះ គឺដើម្បីជំរុញការអភិវឌ្ឍគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគាំទ្រសហគ្រាសធុនមីក្រូ ខ្នាតតូច និងមធ្យមតាមរយៈការអភិវឌ្ឍសមត្ថភាព សេវាហិរញ្ញវត្ថុឌីជីថល និងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
ប័នហិរញ្ញវត្ថុធំៗពីរចាប់ដៃគ្នា
ដោយ

នាពិធីចុះអនុស្សរណៈនៃការយល់យោគយល់គ្នារវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា លោកឧកញ៉ា ហួត អៀងតុង សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចាត់ទុកការចាប់ដៃគ្នារវាងស្ថាប័នហិរញ្ញវត្ថុទាំងពីរ គឺជាជំហ៊ានដ៏សំខាន់មួយក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាតាមរយៈការរួមបញ្ចូលទាំងធនធាន និងជំនាញ ដែលអាចបង្កើតនូវប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ សម្រាប់គាំទ្រការលូតលាស់នៃអាជីវកម្មធុនមីក្រូ តូច និងមធ្យម (MSMEs) ព្រមទាំងចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព។

ជាមួយគ្នានេះ លោក ណូ លីដា អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានបង្ហាញមោទកភាពយ៉ាងក្រៃលែង ដែលបានធ្វើការរួមជាមួយ CMA ដើម្បីពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរឡើង។ ថ្នាក់ដឹកនាំរូបនេះយល់ឃើញថា តាមរយៈភាពជាដៃគូនេះ ទាំង CGCC និង CMA ក៏ដូចជាសមាជិករបស់ CMA នឹងមានឱកាសជាច្រើន ក្នុងការប្រើប្រាស់ការធានាឥណទាន ដើម្បីបង្កើនការផ្តល់ប្រាក់កម្ចីចាំបាច់ដល់អាជីវកម្ម ដែលមិនមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុនៅទូទាំងប្រទេស។ ហើយតាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសក្ខីភាពមួយដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពនៅកម្ពុជា។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខានៅថ្ងៃទី២៤ មករា CMA និង CGCC នឹងធ្វើការរួមគ្នា ដើម្បីពង្រឹង និងអភិវឌ្ឍសមត្ថភាពរបស់អាជីវកម្មធុនមីក្រូ តូច និងមធ្យម និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធនានា ដោយរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការសិក្សាស្រាវជ្រាវនានា ក្នុងគោលដៅលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជំរុញសេវាហិរញ្ញវត្ថុឌីជីថល និងការគាំទ្រគំនិតផ្តួចផ្តើមវិស័យបៃតងនៅកម្ពុជា។ ស្ថាប័នទាំងពីរប្តេជ្ញាចិត្តក្នុងការប្រើធនធានដែលខ្លួនមាន ដើម្បីធានាឱ្យបាននូវការអនុវត្តប្រកបដោយភាពជោគជ័យនូវគំនិតផ្តួចផ្តើមផ្សេងៗក្នុងគោលបំណងជំរុញការរួមចំណែករបស់វិស័យហិរញ្ញវត្ថុដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

គួរបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នហិរញ្ញវត្ថុធំៗទាំងពីរខាងលើ មានរយៈពេល៣ឆ្នាំ ហើយអនុស្សរណៈនេះមានចែងពីក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងការសម្រេចបានគោលបំណងរួមគ្នា។ ភាគីទាំងពីរប្តេជ្ញាធានានូវភាពសម្ងាត់នៃព័ត៌មានដែលបានចែករំលែក និងការអនុវត្តប្រកបដោយជោគជ័យនូវគំនិតផ្តួចផ្តើមដែលបានព្រមព្រៀងគ្នា៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


អាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃជាង១ពាន់៥រយលានដុល្លារ សម្រេចការសាងសង់បានជាង៩៤%ហើយ

អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារ សម្រេចការសាងសង់បានជាង៩៤%ហើយ គិតត្រឹមដើមខែមករា នេះ ដោយបានចំណាយ…

តើការបន្តផ្តល់អត្ថប្រយោជន៍ពិសេសដល់គម្រោងវិនិយោគនៅក្នុងខេត្តព្រះសីហនុដល់ដំណាច់ឆ្នាំនេះ វាអាចជួយទាក់ទាញការវិនិយោគ និងជំរុញការអភិវឌ្ឍន៍នៅខេត្តនេះយ៉ាងណាដែរ?

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចពន្យារពេលការផ្តល់អត្ថប្រយោជន៍ពិសេសក្រោមកម្មវិធីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដល់វិនិយោគិនដែលមានបំណងចង់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ