ប្រភពព័ត៌មានអន្តរជាតិធំៗបានរាយការណ៍ថា ភាពអត់ឃ្លានជាសកលកំពុងកើនឡើង ប៉ុន្តែកម្មវិធី និងកញ្ចប់ជំនួយមនុស្សធម៌សរុបពីប្រទេសអ្នកមាន ដែលសន្យាផ្តល់ដល់អង្គការសហប្រជាជាតិកំពុងធ្លាក់ចុះ ដែលនាំឲ្យមនុស្សយ៉ាងហោចណាស់ ១១៧ លាននាក់ ប្រឈមមុខនឹងការរស់នៅដោយគ្មានជំនួយនៅឆ្នាំក្រោយ។
តាមសេចក្តីរាយការណ៍ ប្រទេសអាល្លឺម៉ង់ ដែលជាម្ចាស់ជំនួយមនុស្សធម៌កំពូលរបស់អង្គការសហប្រជាជាតិ កំពុងកាត់បន្ថយការផ្តល់ជំនួយ ស្របពេលដែលទីភ្នាក់ងារផ្តល់ជំនួយកំពុងតែបារម្ភខ្លាចថា នឹងមានការកាត់បន្ថយជំនួយដូចគ្នានេះ ពីសហរដ្ឋអាម៉េរិកបន្ថែមទៀត នៅពេលដែលលោក ដូណាល់ ត្រាំ វិលត្រឡប់មកកាន់សេតវិមានវិញនៅខែមករាដ៏ខ្លីខាងមុខ ។
អង្គការសហប្រជាជាតិ បាននិយាយថា កម្មវិធីរៃអង្គាសមូលនិធិដើម្បីជួយដល់មនុស្ស ដែលកំពុងតែស្ថិតនៅក្នុងហានិភ័យប្រមាណជា ៣០៧ លាននាក់ គឺយ៉ាងច្រើនអាចសម្រេចបានតាមគោលដៅត្រឹមតែប្រមាណជា ៦០%ប៉ុណ្ណោះ ។
ស្ថាប័នកំពូលរបស់ពិភពលោកនេះ បានលើកឡើងថា សម្រាប់ឆ្នាំ២០២៤ ដែលជិតនឹងបញ្ចប់នេះ ខ្លួនអាចមានសមត្ថភាពរៃអង្គាសមូលនិធិបានត្រឹមតែ ៤៦%នៃទំហំទឹកប្រាក់ ៤៩,៦ពាន់លានដុល្លារប៉ុណ្ណោះ សម្រាប់កម្មវិធី ស្វែងរកជំនួយមនុស្សធម៌នៅទូទាំងពិភពលោក។
ឆ្នាំ២០២៤ កន្លងទៅ វាជាឆ្នាំទីពីរហើយ ដែលស្ថាប័នពិភពលោកមួយនេះ បានប្រមូលមូលនិធិតិចជាងពាក់កណ្តាលនៃអ្វីដែលខ្លួនត្រូវការស្វែងរក។ កង្វះខាតមូលនិធិនេះបានបង្ខំឱ្យភ្នាក់ងារមនុស្សធម៌ធ្វើការសម្រេចចិត្តដ៏គួរឱ្យសោកសៅ ដូចជាការកាត់បន្ថយរបបអាហារសម្រាប់អ្នកអត់ឃ្លាន និងកាត់បន្ថយចំនួនមនុស្ស ដែលមានសិទ្ធិទទួលបានជំនួយជាដើម។
លោក ថម ហ្លីស័រ (Tom Fletcher ) អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ បានអះអាងថា អង្គការសហប្រជាជាតិត្រូវបានគេបង្ខំឱ្យកាត់បន្ថយការអំពាវនាវដល់អ្នកដែលមានតម្រូវការបំផុតផងដែរ ៕
ដោយៈ សរ សុជាតិ