ក្រុមអ្នកតាមដានស្ថានការណ៍សង្គមចាត់ទុកការទាមទាររបស់ភាគីថៃ ជាការទាមទារដែលមិនអាចទទួលយកបាន ព្រោះវាស្មើនឹងឱ្យកម្ពុជា សុំចុះចាញ់ទាំងផ្នែកការទូត និងក្នុងសមរភូមិ។
លោកសាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ យល់ឃើញថា ការទាមទាររបស់ភាគីថៃ ឱ្យកម្ពុជា ដាក់លិខិតជាលាយលក្ខអក្សរ ឬសំណើផ្លូវការជាមុន ដើម្បីអាចឈានទៅរកការចរចាបទឈប់បាញ់ គឺស្មើនឹងឱ្យកម្ពុជា ព្រមទទួលយកនូវអ្វី ដែលថៃកំពុងចោទប្រកាន់មកលើកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ កម្ពុជា មិនអាចធ្វើតាមការទាមទាររបស់ភាគីថៃ បាននោះទេ ព្រោះវានឹងធ្វើឱ្យចាញ់ប្រៀបផ្នែកការទូត និងសមរភូមិ ហើយក៏ពុំអាចប្ដឹងទាមទាររកយុត្តិធម៌ពីតុលាការអន្តរជាតិ បាននោះដែរ។
យ៉ាងណាមិញអ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ទោះបីកម្ពុជា យល់ព្រមតាមការទាមទាររបស់ថៃ ក៏ដោយ ក៏ភាគីថៃនឹងមិនឈប់បង្កសង្រ្គាមនោះដែរ។ ហើយដើម្បីបញ្ឈប់សកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជា អ្នកជំនាញរូបនេះយល់ថា លុះត្រាតែប្រទេសមហាអំណាចអាម៉េរិក និងចិន ប្រើប្រាស់យន្តការជាក់ស្ដែង និងដាក់សម្ពាធលើប្រទេសថៃ នោះទើបអាចធ្វើឱ្យភាគីថៃ វិលមកគោរពបទឈប់បាញ់ និងសេចក្ដីប្រកាសរួមស្ដីពី កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ឡើងវិញ។
ជាមួយគ្នានេះ លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមយល់ឃើញថា ថៃ កំពុងបង្ហាញពីភាពអំនួតនៅលើឆាកអន្តរជាតិ ហើយការទាមទារឱ្យកម្ពុជា ដាក់លិខិតស្នើដើម្បីចរចាបទឈប់បាញ់ គឺមានន័យស្មើនឹងការមិនឱ្យតម្លៃកម្ពុជា ក្នុងការចរចានោះទេ។
បើតាមអ្នកជំនាញរូបនេះ ប្រសិនបើកម្ពុជា ដាក់លិខិតមែននោះ មានន័យថា កម្ពុជា សុំចុះចាញ់ទាំងផ្នែកការទូត និងនៅក្នុងសមរភូមិ។ សម្រាប់លោកបណ្ឌិត មាស នី កម្ពុជា មិនត្រូវធ្វើតាមបំណងរបស់ថៃ នោះទេ តែផ្ទុយទៅវិញ កម្ពុជា ត្រូវខំតស៊ូផ្នែកការទូត និងពង្រឹងសមត្ថភាពក្នុងការការពារដែនអធិតេយ្យទៅតាមលទ្ធភាព។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ថា ការទាមទារឱ្យភាគីកម្ពុជា ដាក់លិខិតស្នើសុំចរចាបទឈប់បាញ់ជាមុន ពុំមែនជាការចរចាដោយស្មើភាពនោះឡើយ ហើយភាគីថៃ ក៏មិនប្រាកដថា គោរពតាមនោះដែរ ព្រោះសូម្បីការសម្របសម្រួលរបស់ប្រធានអាស៊ាន និងប្រទេសមហាអំណាចនៅតែភាគីថៃ ច្រានចោល និងមិនមានឆន្ទៈក្នុងការអនុវត្ត។ អ្នកជំនាញរូបនេះ ជឿជាក់ថា ថ្នាក់ដឹកនាំកម្ពុជានឹងមានយន្តការក្នុងការឆ្លើយតបច្បាស់លាស់ ខណៈជម្លោះនេះទាមទារឱ្យមានការចូលរួម និងមានសកម្មភាពជាក់លាក់របស់ប្រទេសមហាអំណាច នោះទើបអាចធ្វើឱ្យបទឈប់បាញ់កើតមានយ៉ាងពិតប្រាកដ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី២២ ខែធ្នូ កន្លងទៅនេះ រដ្ឋមន្ត្រីការបរទេសថៃ នៅតែបន្ដដាក់លក្ខខណ្ឌ៣ចំណុចមកលើកម្ពុជា ដូចដែលធ្លាប់លើកឡើងនាពេលកន្លងមក ខណៈភាគីកម្ពុជា បានស្នើឱ្យធ្វើយ៉ាងណាត្រូវមានបទឈប់បាញ់បន្ទាន់។ ទោះយ៉ាងណា ភាគីថៃ ទាមទារឱ្យកម្ពុជា ធ្វើសំណើជាលាយលក្ខអក្សរ ឬសំណើផ្លូវការជាមុន ដើម្បីឈានអាចឈានទៅរកការចរចាបទឈប់បាញ់។ មកដល់ពេលនេះ សកម្មភាពឈ្លានពានរបស់យោធាថៃ មកលើអធិបតេយ្យកម្ពុជា បានឈានចូលដល់សសប្ដាហ៍ទី៣ហើយ ដោយបានបណ្ដាលឱ្យពលរដ្ឋខ្មែរជាច្រើននាក់បានស្លាប់ និងរងរបួស ខណៈផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានបំផ្លិចបំផ្លាញ៕