
ក្រោយជួបពិភាក្សាគ្នាជំហ៊ានទី១ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អស់រយៈពេលពីរថ្ងៃកាលពីចុងសប្ដាហ៍មុន សហរដ្ឋអាម៉េរិក និងប្រទេសចិន បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយនៅថ្ងៃចន្ទ សប្តាហ៍នេះ ដោយបានប្រកាសពីកិច្ចព្រមព្រៀងដើម្បីកាត់បន្ថយពន្ធបដិការសម្រាប់៩០ថ្ងៃ ដែលជាការបន្ធូរបន្ថយកម្ដៅសង្គ្រាមពាណិជ្ជកម្មដ៏ធំមួយរវាងមហាអំណាចទាំងពីរនេះ។
រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក ស្កុត បេសេន បានអះអាងថា ភាគីទាំងពីរនឹងកាត់បន្ថយពន្ធបដិការ១១៥% លើទំនិញរៀងៗខ្លួន ដោយអនុវត្តចាប់ពីថ្ងៃពុធ សប្ដាហ៍នេះតទៅសម្រាប់រយៈពេលកំណត់ខាងលើនេះ។ វាមានន័យថា ពន្ធរបស់អាម៉េរិក លើការនាំចូលរបស់ចិន នឹងធ្លាក់មកនៅត្រឹម៣០% រីឯពន្ធរបស់ចិន លើការនាំចូលទំនិញពីអាម៉េរិក នឹងធ្លាក់ចុះមកនៅត្រឹម១០%។ នេះជាការកាត់បន្ថយពន្ធដ៏ច្រើនជាងការរំពឹងទុកទៅទៀតក្នុងជំហ៊ានដំបូងនៃការចរចា ប៉ុន្តែពន្ធ៣០% របស់អាម៉េរិក លើការនាំចូលរបស់ចិន នៅតែខ្ពស់។
ទន្ទឹមនឹងនេះ ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ ក៏បានទទួលស្គាល់អំពីសារសំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយនិរន្តរភាព យូរអង្វែង និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រមទាំងបានចាត់ទុកកិច្ចចរចាពាណិជ្ជកម្មនេះថា ជាជោគជ័យមួយសម្រាប់ប្រទេសទាំងពីរ និងសម្រាប់ប្រទេសផ្សេងៗនៅលើពិភពលោក។
ក្រុមវិនិយោគិនបានអបអរសាទរចំពោះលទ្ធភាពនៃកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រោះវាជាសញ្ញាវិជ្ជមានល្អមួយ ដែលអាចធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីរថយកម្តៅ និងលុបបំបាត់ភាពមិនច្បាស់លាស់មួយចំនួននៃទីផ្សារហិរញ្ញវត្ថុ ដែលបាំងបិទដោយពពកខ្មៅនៃជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរអស់រយៈពេលជាយូរមកហើយ។
ស្របពេលមានសញ្ញានៃការធូរស្បើយចិត្តរបស់ក្រុមវិនិយោគិនចំពោះសង្រ្គាមពាណិជ្ជកម្មដ៏អាក្រក់បំផុតនេះ ទីផ្សារភាគហ៊ុនរបស់អាម៉េរិក បានកើនឡើងកាលពីល្ងាចថ្ងៃអាទិត្យ ដោយផ្សារហ៊ុន S&P 500 បានកើនឡើង១,៣% ខណៈផ្សារហ៊ុន Nasdaq កើនឡើង១,៦%៕
ដោយ៖ សុខ មង្គល