ធនាគារកណ្ដាលអាម៉េរិក

ក្រោយរក្សាអត្រាការប្រាក់ឱ្យនៅដដែល ធនាគារកណ្ដាលអាម៉េរិកព្រមានថា ហានិភ័យសម្រាប់សេដ្ឋកិច្ចអាម៉េរិកកំពុងកើនឡើង


ធនាគារកណ្តាលអាម៉េរិកកាលពីថ្ងៃទី៧ ខែឧសភា បានសម្រេចរក្សាទុកអត្រាការប្រាក់គោលឱ្យនៅដដែលដោយគ្មានការផ្លាស់ប្ដូរ ហើយបានព្រមានថា ហានិភ័យអតិផរណា និងភាពអត់ការងារធ្វើកំពុងកើនឡើង ដែលធ្វើឱ្យសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ធ្លាក់ចូលក្នុងភាពមិនប្រាកដប្រជាកាន់តែខ្លាំងបន្ថែមទៀត ខណៈក្រុមអ្នកបង្កើតគោលនយោបាយកំពុងខ្នះខ្នែងដោះស្រាយផលប៉ះពាល់បណ្ដាលមកពីការដំឡើងពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗ។
ធនាគារកណ្ដាលអាម៉េរិក
ដោយ

ដូចការរំពឹងទុក ធនាគារកណ្ដាលអាម៉េរិកនៅថ្ងៃពុធ សប្ដាហ៍នេះ បានសម្រេចរក្សាទុកអត្រាការប្រាក់ឱ្យនៅដដែល និងបានព្រមានថា ហានិភ័យសម្រាប់សេដ្ឋកិច្ចអាម៉េរិកកំពុងកើនឡើង ដោយប្រធានធនាគារកណ្ដាលអាម៉េរិកលោក ជើរ៉ូម ផៅវែល (Jerome Powell) បាននិយាយថា ពេលនេះមិនទាន់អាចវាយតម្លៃបានទេថា តើសេដ្ឋកិច្ចសហរដ្ឋអាម៉េរិកនឹងអាចបន្តសម្រេចបានកំណើន ឬក៏ធ្លាក់ចុះដោយសារតែភាពមិនប្រាកដប្រជា ដែលកំពុងកើនឡើង និងការហក់ឡើងអតិផរណាដែលអាចកើតមានក្នុងពេលដ៏ខ្លីខាងមុខ។

លោក ជើរ៉ូម ផៅវែល បានគូសបញ្ជាក់ថា ពេលនេះលោកមិនដឹងទេថា តើសេចក្ដីសម្រេចរបស់លោក ដូណាល់ ត្រាំ និងការជំទាស់តាមផ្លូវច្បាប់ និងតាមផ្លូវនយោបាយ ដែលកើតឡើងប្រឆាំងសេចក្ដីសម្រេចរបស់លោក ត្រាំ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចបែបណា។ សរុបមក ការលើកឡើងរបស់លោក ជើរ៉ូម ផៅវែល បង្ហាញថា ធនាគារកណ្ដាលអាម៉េរិក មិនអាចធ្វើអ្វីបានច្រើនទេនៅពេលនេះ គឺត្រូវរង់ចាំសិនរហូតដល់របៀបវារៈគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ចូលជាធរមានពេញលេញ។

សូមបញ្ជាក់ថា ធនាគារកណ្តាលអាម៉េរិកបានរក្សាទុកអត្រាការប្រាក់គោលរបស់ខ្លួនឱ្យនៅដដែលក្នុងរង្វង់ចន្លោះពី៤,២៥%ទៅ៤,៥០% ហើយបាននិយាយថា ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចបានកើនឡើងចាប់តាំងពីកិច្ចប្រជុំរបស់ខ្លួនកាលពីអំឡុងខែមីនា ដោយទាំងអតិផរណា និងភាពគ្មានការងារធ្វើសុទ្ធតែមានហានិភ័យកើនឡើងខ្ពស់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ទីកន្លែងណាត់ជួបថ្មីកំពុងទាក់ទាញយុវជនកម្ពុជា៖ TV360 by Metfone ចាប់ផ្តើមកម្មវិធីចាក់បញ្ចាំងកុននៅទីសាធារណៈបែប Outdoor

ចាប់ពីថ្ងៃទី 3 ខែឧសភា Metfone បានប្រកាសបើកជាផ្លូវការនូវ ព្រឹត្តិការណ៍ចាក់បញ្ចាំងកុននៅទីសាធារណៈបែប Outdoor ក្រោមយុទ្ធនាការ "TV360 Out…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ