យោងតាមរបាយការណ៍របស់អង្គការក្រុមប្រឹក្សាអាត្លង់ទិក(Atlantic Council) បានឱ្យដឹងថា ប្រហែល៨០%នៃការប្រើប្រាស់ប្រាក់យន់ (Yuan) សម្រាប់ទូទាត់ពាណិជ្ជកម្មនៅក្រៅប្រទេសចិន គឺធ្វើឡើងនៅហុងកុង។
ជាងនេះទៅទៀត ការប្រើប្រាក់យន់ជាសកល ក៏បានកើនឡើងជិតទ្វេដងផងដែរនៅក្នុងឆ្នាំ២០២៣ ហើយការប្រើប្រាក់យន់ ដើម្បីទូទាត់ពាណិជ្ជកម្មឆ្លងដែនទ្វេភាគីដែលមានការសម្របសម្រួលតាមរយៈកិច្ចព្រមព្រៀងផ្លាស់ប្តូររូបិយប័ណ្ណរបស់ធនាគារកណ្តាលនានាបានបង្ហាញថា អត្រានៃការប្រើប្រាក់យន់បានកើនឡើងកាន់តែខ្ពស់។
ការសម្រេចចិត្តរបស់ចិន ដើម្បីទូទាត់ពាណិជ្ជកម្មរបស់ខ្លួនចំនួនពាក់កណ្ដាលជាប្រាក់យន់ នេះ បានកើតឡើងភាគច្រើនដោយសារតែការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក និងបណ្ដាសម្ព័ន្ធមិត្តរួមទាំងប្រទេសឧស្សាហកម្មឈានមុខគេទាំង៧ ហៅកាត់ថា G7 ដែលមានសមាជិកសំខាន់ៗដូចជាកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក ផងដែរ បន្ទាប់ពីរុស្ស៊ី បានបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងទូទាំងពិភពលោកអំពីការពឹងផ្អែកខ្លាំងទៅលើប្រាក់ដុល្លារអាម៉េរិក។
ជំនួសឱ្យការពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាម៉េរិក ប្រជាជាតិមួយចំនួនបានចាប់ផ្តើមស្វែងរករូបិយប័ណ្ណណាមួយ ដែលសមស្របសម្រាប់ប្រើជំនួសឱ្យប្រាក់ដុល្លារ។ ដូច្នេះហើយបានជា បេសកកម្មរបស់ប្លុកប្រទេស BRICS ដែលមានសមាជិកស្ថាបនិកចំនួន៥រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា មហាយក្សចិន និងអាហ្វ្រិកខាងត្បូង ក្នុងការធ្វើបដិដុល្លារនីយកម្ម (De-dollarization) ឬ ការឈប់ប្រើប្រាស់រូបិយប័ណ្ណដុល្លារអាម៉េរិកនៅក្នុងការទូទាត់ពាណិជ្ជកម្មក្លាយជាបេសកកម្មដ៏ពេញនិយម និងមាប្រទេសជាច្រើនបានបង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមជាមួយប្លុកនេះរួមទាំងបណ្ដាប្រទេសក្នុងអាស៊ានផងដែរ។
ក្រៅពីទណ្ឌកម្មទាំងនេះ ប្រាក់ដុល្លារអាម៉េរិក ក៏កំពុងប្រឈមនឹងបញ្ហាម៉ាក្រូសេដ្ឋកិច្ចដែលបានរួមចំណែកធ្វើឱ្យចំណាប់អារម្មណ៍ក្នុងការប្រើប្រាក់ដុល្លារអាម៉េរិក ធ្លាក់ចុះផងដែរ។ នេះក៏រាប់បញ្ចូលនូវអតិផរណាដែលចេះតែកើនឡើងកាលពីឆ្នាំមុន ព្រមទាំងការដំឡើងអត្រាការប្រាក់ផងដែរ។ ចិន និងរុស្ស៊ី គឺនៅតែជាអ្នកនាំមុខគេក្នុងបេសកកម្មធ្វើបដិដុល្លារនីយកម្ម (De-dollarization) ដោយសារតែភាពតានតឹងរបស់ប្រទេសទាំងពីរជាមួយប្រទេសបស្ចិមលោក ហើយការដើរកៀរគរឱ្យប្រទេសនានាឈប់ប្រើប្រាក់ដុល្លារអាម៉េរិក កំពុងទទួលបានជោគជ័យជាបណ្ដើរៗហើយរហូតមកដល់ពេលនេះ៕
អត្ថបទ៖ សុខ ជា