អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ការដំឡើងពន្ធដាក់គ្នាទៅវិញទៅមករវាងសហរដ្ឋអាម៉េរិក អឺរ៉ុប និងចិន ចង់ ឬមិនចង់វានឹងធ្វើក្រុមហ៊ុនមួយចំនួនត្រូវរើអាជីវកម្មរបស់ខ្លួនចេញពីប្រទេសទាំងនោះទៅកាន់ប្រទេសផ្សេងៗ ដើម្បីគេចចេញពីគំនាបពន្ធ និងការដាក់ទណ្ឌកម្មផ្សេងៗ ដែលវានឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសផ្សេងៗ រួមទាំងកម្ពុជា ផងដែរ។ អ្នកជំនាញរូបនេះជឿជាក់ថា កម្ពុជាអាចនឹងស្រូបទាញផលប្រយោជន៍បានច្រើនពីភាពតានតឹងផ្នែកពាណិជ្ជកម្មក្នុងរង្វង់ប្រទេសមហាអំណាចទាំងនេះ ដ្បិតថា កម្ពុជាមានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយចិន កូរ៉េ និងEBA ព្រមទាំងការអនុគ្រោះពន្ធមួយចំនួនទៀតផងដែរ។
បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ គោលការណ៍អនុគ្រោះពាណិជ្ជកម្មសម្រាប់ការវិនិយោគនៅកម្ពុជានឹងរួមចំណែកជួយទាក់ទាញក្រុមវិនិយោគចិន ឱ្យមកបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីផលិតកែច្នៃនាំចេញទៅកាន់បណ្ដាប្រទេស ដែលជាប់ពន្ធខ្ពស់។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះបានគូសបញ្ជាក់ថា ការវិនិយោគនៅកម្ពុជា មានស្ថានភាពល្អប្រសើរគួរឱ្យកត់សម្គាល់នៅដើមឆ្នាំ២០២៤ នេះ តាមរយៈការទទួលបានគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ជឿជាក់ថា ការដំឡើងពន្ធដាក់គ្នារវាងអាម៉េរិក សហគមអឺរ៉ុប និងចិននឹងបង្កបញ្ហាដល់ការធ្វើពាណិជ្ជកម្មនៅទូទាំងពិភពលោក តាមរយៈការជំរុញតម្លៃទំនិញ និងសេវាកម្មឱ្យហក់ឡើងខ្ពស់។ បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ បញ្ហានេះចង់ឬមិនចង់វានឹងជះឥទ្ធិពលណាមួយមកលើកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ លោកជឿជាក់ថា បញ្ហានេះក៏នឹងហុចផលប្រយោជន៍ដល់កម្ពុជាផងដែរ។
បើតាមអ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ រូបនេះ គោលនយោបាយពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិន។ តាមរយៈលក្ខខណ្ឌនៃគោលនយោបាយពាណិជ្ជកម្មនេះ នឹងធ្វើឱ្យកម្ពុជាទាក់ទាញបានក្រុមវិនិយោគិនបរទេសបន្ថែមទៀតនាពេលខាងមុខ ខណៈនៅអំឡុងឆ្នាំ២០២៤នេះ សកម្មភាពវិនិយោគនៅកម្ពុជាហាក់មានកំណើនគួរឱ្យកត់សម្គាល់៕
អត្ថបទ៖ បូ ដូឡា