
ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាម៉េរិក បានស៊ើបដឹងពីផែនការដ៏គ្រោះថ្នាក់នេះ ទោះបីជាគ្រាប់មីនមិនទាន់ត្រូវបានដាក់បង្កៃនៅច្រកសមុទ្រ Hormuz នៅឡើយក៏ដោយ។ ផែនការដាក់បង្កៃគ្រាប់មីននេះបានបង្ហាញឱ្យឃើញថា ប្រទេសអ៊ីរ៉ង់ កំពុងពិចារណាយ៉ាងហ្មត់ចត់ក្នុងការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក។
ដូចនេះ ប្រសិនច្រកសមុទ្រ Hormuz ពិតជាត្រូវបានបិទមែន វាអាចនឹងធ្វើឱ្យជម្លោះប្រដាប់អាវុធរវាងប្រទេសអ៊ីរ៉ង់ និងប្រទេសអ៊ីស្រាអែល ដែលមានបងធំសហរដ្ឋអាម៉េរិក កាងនៅពីក្រោយកាន់តែធ្ងន់ធ្ងរគួរឱ្យបារម្ភ ហើយជាលទ្ធផលវានឹងជះផលប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក ជាពិសេសការផ្គត់ផ្គង់ប្រេង និងឧស្ម័ន។
សូមបញ្ជាក់ថា ប្រមាណ២០%នៃទំនិញប្រេង និងឧស្ម័នរបស់ពិភពលោកទាំងមូលត្រូវដឹកឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយប្រសិនបើច្រកសមុទ្រនេះត្រូវបានបិទមិនឱ្យកប៉ាល់ដឹកប្រេង និងឧស្ម័នអាចបើកឆ្លងកាត់បាន នោះវានឹងធ្វើឱ្យថាមពលហក់ឡើងថ្លៃខ្លាំងជាក់ជាមិនខាន។
ទោះជាយ៉ាងណា ប្រេងបានធ្លាក់ថ្លៃវិញរហូតដល់ទៅជាង១០%ចាប់តាំងពីសហរដ្ឋអាម៉េរិក បានបើកការវាយប្រហារលើទីតាំងរោងចក្រនុយក្លេអ៊ែសំខាន់ៗរបស់អ៊ីរ៉ង់ តែជម្លោះប្រដាប់អាវុធនេះមិនទាន់បានធ្វើឱ្យការផ្គត់ផ្គង់ប្រេងរងការរអាក់រអួលនៅឡើយ៕
ដោយ: តែម សុខុម