ព្រឹទ្ធសភាអាមេរិកដែលគ្របដណ្តប់ភាគច្រើន ដោយសមាជិកមកពីគណៈបក្សប្រជាធិបតេយ្យ បានសម្រេចអនុម័តកញ្ចប់ថវិកាអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធធំបំផុតមិនធ្លាប់មាននៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ជាមួយនឹងសម្លេងគាំទ្រ ៦៩ សំឡេង ទល់នឹង ៣០ សំឡេង ក្នុងចំណោមសមាជិកសរុបទាំង ១០០នាក់។
គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏ធំថខាងលើរបស់អាមេរិក ត្រូវបានសមាជិកព្រឹទ្ធសភាអាមេរិកតាក់តែង និងរៀបចំឡើងអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែគេសង្កេតឃើញថាការអនុម័តគម្រោងដោយព្រឹទ្ធសភាពអាមេរិកនេះ ហាក់បីដូចជាមានភាពលឿនរហ័ស ដោយហេតុថា វាមានការគាំទ្រច្រើនពីខាងសមាជិកព្រឹទ្ធសភា មកពីគណៈបក្សប្រជាធិបតេយ្យ ដែលជាអ្នកផ្តួចផ្តើមគម្រោងមួយនេះឡើង។
គម្រោងកញ្ចប់ថវិកាតម្លៃជាង ១ទ្រីលានដុល្លារនេះ នឹងរួមបញ្ចូលគម្រោងអភិវឌ្ឍផ្លូវថ្នល់ ផ្លូវដែក និងស្ពាន សម្រាប់រយៈពេល៥ឆ្នាំ ក្រោមខ្ទង់ចំណាយ ៥៥០ពាន់លានដុល្លារអាមេរិក បូករួមនឹងគម្រោងផ្លាស់ប្តូរប្រព័ន្ធបំពង់បង្ហូរទឹក ដែលគ្រោងចំណាយប្រាក់ប្រមាណ ៤៥០ពាន់លានដុល្លារបន្ថែមទៀត។
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បាននិយាយលើកសសើរ ពីគម្រោងរបស់លោកដ៏ធំមួយនេះថា វានឹងប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធនៅសហរដ្ឋអាមេរិក ឲ្យមានភាពជឿនលឿន និងទំនើបជាងគេនៅក្នុងពិភពលោក។
សូមជម្រាបថា បន្ទាប់ពីបានអនុម័តថវិកាសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធរួចហើយ ព្រឹទ្ធសភាអាមេរិក បានចាប់ផ្តើមកិច្ចពិភាក្សាគំរោងដ៏ធំសម្បើមជាងនេះពីរដង មួយផ្សេងទៀត ដោយក្នុងផែនការនឹងគ្រោងចំណាយទឹកប្រាក់ ៣,៥ ទ្រីលានដុល្លារ សម្រាប់ការអភិវឌ្ឍវិស័យអាទិភាពសំខាន់ៗ របស់ប្រធានាធិបតី ចូ បៃឌិន ស្តីពីការផ្លាស់ប្តូរអាកាសធាតុ ប្រព័ន្ធអប់រំ និងការអភិវឌ្ឍលំនៅដ្ឋានសមរម្យសម្រាប់ពលរដ្ឋអាមេរិកជាដើម៕