ប្រទេសវៀតណាម ដាក់គោលដៅនាំចេញដំឡូងមី ឱ្យបានប្រមាណ២ពាន់លានដុល្លារអាម៉េរិក ក្នុង១ឆ្នាំនៅត្រឹមឆ្នាំ២០៣០ ហើយតាមការរំពឹងទុកនៅឆ្នាំ២០៥០ ទំហំនៃការនាំចេញដំឡូងមីនឹងឈានដល់ចន្លោះពីជាង២ពាន់៣រយលានដុល្លារអាម៉េរិក ទៅជាង២ពាន់៥រយលានដុល្លារអាម៉េរិក។
សូមបញ្ជាក់ថា ការនាំចេញដំឡូងមីរបស់វៀតណាម ត្រូវបានជំរុញជាចម្បងដោយតម្រូវការនាំចូលរបស់ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក។
ស្ថិតិរបស់អគ្គនាយកដ្ឋានគយរបស់វៀតណាម បានបង្ហាញថា ប្រទេសវៀតណាម នាំចេញដំឡូងមីបានជាង៩ម៉ឺន៤ពាន់លានតោន គិតជាទឹកប្រាក់ជាង៤៣០លានដុល្លារអាម៉េរិក ដោយកើនឡើង១៥,៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទិន្នន័យបង្ហាញថា តម្លៃជាមធ្យមនៃដំឡូងមី សម្រាប់នាំចេញ គឺ៤៥០ដុល្លារអាម៉េរិក ក្នុងមួយតោន ក្នុងខែមីនា ដោយកើនឡើង១,៧%បើធៀបនឹងខែកុម្ភៈ និង១៨,២% បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ តម្លៃជាមធ្យមនៃដំឡូងមី សម្រាប់ការនាំចេញ គឺ៤៥៥ដុល្លារអាម៉េរិក ក្នុងមួយតោន ឬប្រមាណជាង១,៨០០រៀលក្នុង១គីឡូក្រាម នៅត្រីមាសទី១ កើនឡើង១៩,៥%
ចំណុចគួរកត់សម្គាល់ គឺថា ប្រទេសចិន ជាប្រទេសនាំចូលដំឡូងមីវៀតណាម ច្រើនជាងគេ ដែលបាននាំចូលជាង៩៤%នៃទំហំនាំចេញដំឡូងមីសរុបរបស់វៀតណាម។ ដំឡូងមី គឺគ្រឿងផ្សំអាហារប្រភេទលេខ១របស់វៀតណាម ដែលមានទំហំនាំចេញរាប់ពាន់លានដុល្លារអាម៉េរិក។ យោងតាមរបាយការណ៍បង្ហាញថា ការនាំចេញដំឡូងមីរបស់វៀតណាម ក្នុងឆ្នាំ២០២៣ មានទំហំ១,៣ពាន់លានដុល្លារអាម៉េរិក។
ក្រោមគម្រោងលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មដំឡូងមី វៀតណាម សម្លឹងសម្រេចឱ្យបានទិន្នផលដំឡូងមីស្រស់សរុបចន្លោះពីជាង១១លានតោន ទៅជាង១២លានតោន ក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ២០៣០ ដោយប្រមាណ៥០%នៃផ្ទៃដីចម្ការដំឡូងមីទាំងអស់អនុវត្តដំណើរការកសិកម្មប្រកបដោយនិរន្តរភាព។ ហើយនៅឆ្នាំ២០៥០ ចន្លោះពី៧០%ទៅ៨០%នៃផ្ទៃដីចម្ការដំឡូងមីទាំងអស់នឹងអនុវត្តដំណើរការកសិកម្មប្រកបដោយនិរន្តរភាព៕