
មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅតាមផ្លូវមួយចំនួននៅក្នុងរដ្ឋធានីហាណូយ នៅភាគខាងជើងប្រទេសវៀតណាម ដើម្បីចូលរួមក្នុងការរំលឹកខួប៨០ឆ្នាំ នៃការប្រកាសឯករាជ្យពីការគ្រប់គ្រងរបស់អាណានិគមបារាំង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ជាមួយនឹងការដើរក្បួនព្យុះហយាត្រាយោធាដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ ពលរដ្ឋភាគច្រើន ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ បានពាក់អាវក្រហម និងកាន់ទង់ជាតិវៀតណាម ដើម្បីបង្ហាញជាតិនិយមចំពោះប្រទេសដែលគ្រប់គ្រងដោយកុម្មុយនីស្តមួយនេះ។
ក្បួនព្យុះហយាត្រាយោធានេះ បានបង្ហាញអំពីឧបករណ៍យោធាទំនើបបំផុតរបស់វៀតណាម រួមមានឧទ្ធម្ភាគចក្រ Mi-171 ផលិតដោយរុស្ស៊ី យន្តហោះចម្បាំងស៊ូខយស៊ូ៣០ (Sukhoi Su-30) និងយន្តហោះដ្រូនដែលផលិតក្នុងស្រុក។ ទាហានវៀតណាម និងទាហានបរទេសដូចជាចិន រុស្ស៊ី កម្ពុជា និងឡាវ សរុបរាប់ពាន់នាក់បានចូលរួមដើរក្បួនយោធានៅក្នុងព្រឹត្តិការណ៍នេះ។
ប្រធានបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម (To Lam) បាននិយាយក្នុងសុន្ទរកថាបើកព្រឹត្តិការណ៍នេះថា កាលពី៨០ឆ្នាំមុន អតីតប្រធានាធិបតី ហូ ជី មិញ (Hồ Chí Minh) បានប្រកាសជាផ្លូវការអំពីឯករាជ្យដោយផ្តល់កំណើតដល់សាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលបច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលជារដ្ឋប្រជាធិបតេយ្យប្រជាជនដំបូងគេនៅអាស៊ីអាគ្នេយ៍។ លោក តូ ឡឹម បានបន្ថែមថា នៅត្រឹមឆ្នាំ២០៤៥ ដែលជាគម្រប់ខួបលើកទី១០០ នៃការបង្កើតប្រទេសនេះ វៀតណាមនឹងក្លាយជាប្រទេសមានអំណាច វិបុលភាព និងសុភមង្គល។
ប្រធានាធិបតីវៀតណាម លោក លួង សួង (Luong Cuong) បានប្រកាសកាលពីសប្តាហ៍មុនថា នៅក្នុងពេលប្រារព្ធព្រឹត្តិការណ៍នេះ វៀតណាមនឹងលើកលែងទោសសម្រាប់អ្នកទោសជិត១ម៉ឺន៤ពាន់នាក់រួមទាំងជនបរទេសចំនួន៦៦នាក់ផងដែរ។
សហរដ្ឋអាម៉េរិក ក៏បានបញ្ជូនមន្ត្រីទូតរបស់ខ្លួនឱ្យទៅចូលរួមក្នុងការដើរក្បួននេះដែរ ហើយ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio បានផ្ញើសារតាមអ៊ីមែលដើម្បីអបអរសាទរ វៀតណាម សម្រាប់ការរំលឹកខួបនេះ ដោយកត់សម្គាល់ថា ប្រទេសនេះបានក្លាយជាដៃគូដ៏សំខាន់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងជាអ្នកឈានមុខគេក្នុងការដោះស្រាយបញ្ហាប្រឈមសកលរួមគ្នា៕
ដោយ៖ សុខ មង្គល