ទីផ្សារជ័រកៅស៊ូ

ជ័រកៅស៊ូកម្ពុជា ជិត១លានតោន ត្រូវបាននាំចេញទៅវៀតណាម ដោយរកចំណូលបានជាង១ពាន់លានដុល្លារ


កម្ពុជា បានក្លាយជាគោលដៅ និងជាទីផ្សារជ័រកៅស៊ូដ៏សំខាន់សម្រាប់ប្រទេសវៀតណាម ដោយនៅឆ្នាំ២០២៤ កន្លងទៅ ជ័រកៅស៊ូរបស់កម្ពុជា ជិត១លានតោន ត្រូវបាននាំចេញទៅកាន់ប្រទេសមួយនេះដោយអាចរកចំណូលបានរហូតដល់ជាង១ពាន់លានដុល្លារអាម៉េរិក។ បរិមាណកៅស៊ូធម្មជាតិរបស់កម្ពុជានេះស្មើនឹងជាង៦៤% នៃបរិមាណនាំចូលកៅស៊ូសរុបរបស់ប្រទេសវៀតណាម។ នេះបើយោងតាមទិន្នន័យរបស់គយវៀតណាម។
ទីផ្សារជ័រកៅស៊ូ
ដោយ

ទិន្នន័យគយវៀតណាម បានបង្ហាញថា ជ័រកៅស៊ូធម្មជាតិ របស់កម្ពុជាជិត១លានតោន ត្រូវបាននាំចេញទៅកាន់ទីផ្សារវៀតណាម នៅឆ្នាំ២០២៤ កន្លងទៅ ដោយរកចំណូលបានជាង១ពាន់លានដុល្លារអាម៉េរិក​។ ចំនួននេះស្មើនឹងជាង៦៤%នៃបរិមាណនាំចូលជ័រកៅស៊ូសរុបរបស់ប្រទេសវៀតណាម។ នេះបើយោងតាមការគូសបញ្ជាក់របស់អង្គការអុកស្វាម ប្រចាំនៅកម្ពុជា នៅក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពី «ការលើកកម្ពស់ផលិតកម្មកៅស៊ូ ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា និងវៀតណាម ប្រកប​ដោយនិរន្តរភាព» ដែលចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នេះ។

តែយ៉ាងណាបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅពេញមួយឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជា រកចំណូលបានជាង៦៦៣លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងជាង៣៤% បើធៀបនឹងឆ្នាំមុន​។

បើតាមការគូសបញ្ជាក់របស់អង្គការអុកស្វាម ភាគច្រើននៃកៅស៊ូធម្មជាតិ ដែលផលិតនៅវៀតណាម និងនាំចូលពីកម្ពុជា ត្រូវបាននាំចេញទៅប្រទេសចិន និងទីផ្សារសំខាន់ៗផ្សេងទៀត ដូចជា សហភាពអឺរ៉ុប អាម៉េរិក កូរ៉េ និងជប៉ុនជាដើម។ តែយ៉ាងណាទីផ្សារអ្នកប្រើប្រាស់សំខាន់ៗដូចជាសហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក កំពុងតម្រូវយ៉ាងតឹងរ៉ឹងលើភាពស្របច្បាប់ និងគ្មានការកាប់បំផ្លាញព្រៃឈើទាក់ទងនឹងផលិតផលដែលនាំចូលទៅកាន់ទីផ្សារខ្លួន។

ជាការកត់សម្គាល់របស់អង្គការអុកស្វាម វៀតណាម និងកម្ពុជា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធតាមរយៈការវិនិយោគ និងពាណិជ្ជកម្មកៅស៊ូធម្មជាតិ ពោលគឺកម្ពុជា ជាគោលដៅដ៏សំខាន់បំផុតរបស់វៀតណាម សម្រាប់ការវិនិយោគលើផលិតកម្មកៅស៊ូធម្មជាតិ និងជាអ្នកនាំចេញកៅស៊ូធម្មជាតិ។ ក្រុមហ៊ុនកៅស៊ូវៀតណាម ជាអ្នកវិនិយោគឈានមុខគេនៅក្នុងកៅស៊ូធម្មជាតិ នៅកម្ពុជា ដែលបច្ចុប្បន្នមានគម្រោងវិនិយោគចម្ការកៅស៊ូចំនួន១៦ លើផ្ទៃដីជិត៩ម៉ឺនហិចតា និងរោងចក្រកែច្នៃចំនួន៧នៅកម្ពុជា។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ខណៈពេលដែលការអនុវត្តបទប្បញ្ញត្តិ ស្តីពីការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប ទំនងជាជំរុញឱ្យមានការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងរបៀបដែលកៅស៊ូត្រូវបានផលិត ប្រភពប្រមូលទិញ និងការជួញដូរ និងលើកកម្ពស់និរន្តរភាពនៅក្នុងខ្សែច្រវាក់តម្លៃកៅស៊ូ កសិករកៅស៊ូខ្នាតតូចអាចនឹងប្រឈមទៅនឹងការផាត់ចេញ ប្រសិនបើពួកគេខ្វះសមត្ថភាពក្នុងការសម្របខ្លួន ឬទទួលបានការគាំទ្រគ្រប់គ្រាន់ ដូចនេះតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីភាគីពាក់ព័ន្ធ ពីរដ្ឋាភិបាល វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល។ លោកស្រីបានបន្ថែមថា អង្គការអុកស្វាម និងដៃគូរបស់ខ្លួន គាំទ្រដល់ការកៀរគរ​អ្នកផលិតកៅស៊ូខ្នាតតូច ដើម្បីផ្តល់សិទ្ធិអំណាចដល់ការចរចារបស់ពួកគេលើតម្លៃជ័រជាមួយពាណិជ្ជករ និងបង្កើនសាមគ្គីភាព និងការចែករំលែកចំណេះដឹងក្នុងវិស័យនេះ៕




អត្ថបទបន្ទាប់


Metfone គាំទ្រចំពោះសកម្មភាពមនុស្សធម៌ និងចែករំលែកអំណោយដល់សិស្សនៅខេត្តស្ទឹងត្រែង

នៅព្រឹកថ្ងៃទី 26 ខែមីនា Metfone បានសហការជាមួយកម្មវិធី Miss Cosmo ដើម្បីរៀបចំកម្មវិធីមនុស្សធម៌មួយ ដែលចែកអំណោយជូនសិស្សចំនួន 300 នាក់ …

តម្លៃស៊ុតមាន់ និងមាន់សាច់បានឡើងថ្លៃបន្តិច តែហាក់មិនទាន់អាចផ្ដល់ប្រាក់ចំណេញដល់កសិករ

តម្លៃស៊ុតមាន់ និងសាច់មាន់ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ ក្នុងនោះស៊ុតមាន់ បានធ្លាក់ចុះរហូតជាង២០០រៀល ក្នុង១គ្រាប់ ខណៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ