
ប្រទេសវៀតណាម គ្រោងអនុម័តសេចក្តីព្រាងច្បាប់មួយ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនអាម៉េរិក Starlink របស់កំពូលមហាសេដ្ឋី Elon Musk ផ្តល់សេវាអ៊ីនធឺណិតតាមផ្កាយរណបនៅលើទឹកដីរបស់ខ្លួន ខណៈដែលវៀតណាម នឹងនៅតែរក្សាកាន់កាប់ទាំងស្រុងលើក្រុមហ៊ុនបុត្រសម្ពន្ធក្នុងស្រុកណាដែលចាប់ដៃគូសហការជាមួយក្រុមហ៊ុន Starlink ជាជាងអនុញ្ញាតឱ្យក្រុមហ៊ុន Starlink កាន់កាប់ទាំងស្រុងលើក្រុមហ៊ុនបុត្រសម្ពន្ធក្នុងស្រុក។
មន្ត្រីរដ្ឋាភិបាលវៀតណាមមួយរូបបានលើកឡើងថា ការបន្ទន់ឥរិយាបថនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Starlink ឈានជើងចូលទីផ្សារប្រទេសវៀតណាម បន្ទាប់ពីការចរចាជាយូរមកហើយជាមួយក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនមេរបស់ Starlink។ ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា ការផ្លាស់ប្តូរគោលនយោបាយភ្លាមៗគួរឱ្យភ្ញាក់ផ្អើល និងការបន្ទន់ឥរិយាបថសម្រុះសម្រួលជាមួយក្រុមហ៊ុនអាម៉េរិក SpaceX នេះ ធ្វើឡើងស្របពេលដែលប្រទេសវៀតណាម ព្រួយបារម្ភអំពីការគំរាមកំហែងរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ផ្នែកពន្ធគយ។ សកម្មភាពនេះ វាបានឆ្លុះបញ្ចាំងឱ្យឃើញថា ភាគីវៀតណាម ប្រហែលជាកំពុងលេងល្បែងការទូតពាណិជ្ជ ប្រសិនបើនោះជាអ្វីដែលរដ្ឋបាលលោក ដូណាល់ ត្រាំ ចង់បាន ហើយវាជាភាពប៉ិនប្រសប់ និងភាពឆ្លាតវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំនៃប្រទេសនេះ៕