
វាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលនៅពេលដែលក្រុមហ៊ុនពហុវិស័យធំបំផុតរបស់វៀតណាម Vingroup បានដាក់ពាក្យបណ្ដឹងប្តឹងបុគ្គលមានឥទ្ធិពល ឬ Influencer លើបណ្ដាញទំនាក់ទំនងសង្គម និងអង្គភាពសរុបចំនួន៦៨ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតអំពីខ្លួន។ ការចោទប្រកាន់នេះ ពាក់ព័ន្ធនឹងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម រួមមាន TikTok Facebook និង YouTube ដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមអកុសលថា ក្រុមហ៊ុន Vingroup ប្រឈមនឹងការក្ស័យធន និងនិយាយថា រថយន្ត VinFast ជាផលិតផលរបស់ចិន ដែលក្លែងបន្លំធ្វើជាផលិតផលវៀតណាម ហើយថា នាយកប្រតិបត្តិជាន់ខ្ពស់ជាច្រើនរបស់ Vinfast បានលាលែងពីតំណែងជាបន្តបន្ទាប់។
មិនតែប៉ុណ្ណោះអ្នកទាំងនោះថែមទាំងផ្សព្វផ្សាយព័ត៌មានមិនពិតថា ក្រុមហ៊ុន Vingroup បានជំពាក់បំណុលរហូតដល់ទៅជាង៣០ពាន់លានដុល្លារអាម៉េរិក ហើយជាការឆ្លើយតបក្រុមហ៊ុន Vingroup បានចេញមុខបញ្ជាក់ថា បំណុលរបស់ខ្លួនមានតែជិត១១ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ។ ក្រុមហ៊ុននេះ ក៏បានអះអាងដែរថា ភាគច្រើននៃការផលិតរថយន្តអគ្គិសនី Vinfast ត្រូវបានផលិតនៅក្នុងប្រទេសវៀតណាម ដោយសកម្មភាពផលិតក្នុងស្រុកមានដល់ទៅ៦០% នាពេលបច្ចុប្បន្ន ហើយគ្រោងនឹងបង្កើនការផលិតក្នុងស្រុកឱ្យឈានដល់៨០% នៅថ្ងៃអនាគត។
សូមបញ្ជាក់ថា ការខាតបង់របស់ក្រុមហ៊ុន VinFast បានកើនឡើងក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ឈានដល់៨១២លានដុល្លារអាម៉េរិក ខណៈដែលក្រុមហ៊ុននេះ កំពុងប្រឹងប្រែង ដើម្បីសម្រេចគោលដៅកំណើនរបស់ខ្លួន ដោយក្រុមហ៊ុននេះបានដាក់គោលដៅធ្វើយ៉ាងណាឱ្យឈានដល់ការទល់ដើម ឬ ឈប់ខាតនៅត្រឹមដំណាច់ឆ្នាំ២០២៦៕
ដោយ: តែម សុខុម