
ក្រោយមានការព្យាករថា បច្ចេកវិទ្យា AI នឹងចូលមកជំនួសការងារវិជ្ជាជីវៈ ដែលធ្វើដោយមនុស្សរហូតដល់៨០% នៅពេលនេះនិស្សិតវៀតណាម កំពុងគិតគូរឡើងវិញ ពីមុខជំនាញដែលត្រូវរៀននៅសកលវិទ្យាល័យ ដើម្បីដើរឱ្យទាន់សម័យកាល សំដៅធ្វើយ៉ាងណាឱ្យពួកគេអាចទទួលបានការងារល្អជាមួយប្រាក់បៀវត្សរ៍សមរម្យសម្រាប់ចិញ្ចឹមជីវិតនៅថ្ងៃអនាគត។
សិស្សរៀនថ្នាក់ទី១២ម្នាក់ នៅខេត្តភូថូ ប្រទេសវៀតណាម ដែលមានគម្រោងបន្តការសិក្សានៅសកលវិទ្យាល័យលើជំនាញគណនេយ្យតាំងពីរៀននៅថ្នាក់ទី១០ កំពុងឈឺក្បាលក្នុងការសម្រេចចិត្ត ថាតើត្រូវចាប់យកជំនាញអ្វីជំនួសជំនាញគណនេយ្យនេះ ក្រោយទទួលព័ត៌មានថា AI អាចនឹងជំនួសជំនាញដែលខ្លួនគ្រោងរៀននៅសកលវិទ្យាល័យ។ សិស្សរូបនេះបានរៀបរាប់ជាមួយក្តីព្រួយបារម្ភថា នៅពេលនេះខ្លួនកំពុងស្វែងយល់ពីវិស័យផ្សេងទៀតក្នុងវិស័យសេដ្ឋកិច្ច និងវិស័យដទៃទៀត។
មិនខុសគ្នាពីសិស្សខាងលើនោះទេ នៅពេលនេះយុវសិស្សទូទាំងប្រទេសវៀតណាម កំពុងព្រួយបារម្ភពីផលប៉ះពាល់របស់ AI លើវិស័យសារព័ត៌មាន ការទំនាក់ទំនង និងផ្នែកដែលទាក់ទងនឹងភាសា ប៉ុន្តែអ្នកជំនាញកត់សម្គាល់ឃើញថា ការភ័យខ្លាចនៃភាពអត់ការងារធ្វើ ដែលបង្កឡើងដោយ AI របស់សិស្ស និងនិស្សិតវៀតណាម ហាក់ហួសប្រមាណខ្លាំងពេក។
លោក ឃ្វៀន ភូខាញ់ ( Nguyen Phu Khanh) អ្នកគ្រប់គ្រងនៅសកលវិទ្យាល័យមួយក្នុងទីក្រុងហាណូយ បានលើកឡើងថា បច្ចេកវិទ្យា AI នឹងមិនអាចលុបបំបាត់ទីផ្សារការងារទាំងស្រុងបានឡើយ ហើយលោកបានលើកទឹកចិត្តសិស្ស និស្សិតឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រលើជំនាញរបស់ខ្លួន។
ដើម្បីទប់ទល់នឹងការព្រួយបារម្ភបែបនេះ អ្នកជំនាញវៀតណាម បានណែនាំឱ្យសិស្សនិស្សិតចាប់យកជំនាញបច្ចេកវិទ្យា AI ជាជាងបារម្ភពីវាក្នុងការដណ្តើមការងារពីខ្លួន។ ជាមួយគ្នានេះស្ថាប័នអប់រំវៀតណាម កំពុងកែសម្រួលកម្មវិធីសិក្សា ដោយរួមបញ្ចូលការបណ្តុះបណ្តាលបច្ចេកវិទ្យា ដើម្បីឱ្យសិស្សអាចប្រើប្រាស់ AI ប្រកបដោយប្រសិទ្ធភាព៕
ដោយៈ សរ សុជាតិ