លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ យល់ឃើញថា កិច្ចព្រមព្រៀងដែលកម្ពុជា ទើបសម្រេចបានដោយមានការតាមដានពីប្រទេសមហាអំណាចនេះ ថៃគោរព ឬមិនគោរពវាអាស្រ័យលើថៃ ខ្លួនឯង ថាតើពួកគេនៅតែប្រកាន់ឥរិយាបថគឃ្លើនទៀត ឬក៏អត់។ បើតាមអ្នកជំនាញរូបនេះ កម្ពុជា តែងតែប្រកាន់ខ្ជាប់តាមគោលការណ៍ច្បាប់អន្តរជាតិ ដូច្នេះការសម្របសម្រួលរបស់លោក ដូណាល់ ត្រាំ ជាវិធីសារដ៏មានឥទ្ធិពលក្នុងការឈានទៅសម្រេចបាននូវសន្តិភាព និងបញ្ចប់សង្គ្រាមជាមួយថៃ ជាពិសេសការដោះលែងទាហានកម្ពុជា ទាំង១៨រូបឱ្យត្រឡប់មកមាតុប្រទេសវិញ។
ជាមួយគ្នានេះ លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូ យល់ឃើញថា តាមរយៈការជួយជ្រោមជ្រែងពីសំណាក់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងម៉ាឡេស៊ីនេះ មិនមែនជាកិច្ចព្រមព្រៀងទ្វេភាគីរវាងកម្ពុជា ជាមួយថៃ នោះទេ តែវាជាកិច្ចព្រមព្រៀងអន្តរជាតិ ដោយសារមានប្រទេសជាច្រើនបានចូលរួមដឹងលឺ និងទទួលស្គាល់។ បើតាមលោក អំ អាត ថៃ ត្រូវតែគោរពកិច្ចព្រមព្រៀងសន្តិភាពឱ្យបានខ្ជាប់ខ្ជួន ដើម្បីស្តារកិច្ចសហប្រតិបត្តិការល្អឡើងវិញរវាងប្រទេសទាំងពីរទាំងការធ្វើពាណិជ្ជកម្ម និងទំនាក់ទំនងការទូត។
គួរបញ្ជាក់ថា នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងនេះនឹងមានការដោះលែងកងទ័ពរបស់កម្ពុជាទាំង១៨រូប ដែលថៃ បានចាប់ និងឃុំខ្លួនដោយខុសច្បាប់ឱ្យត្រឡប់មកប្រទេសកំណើតវិញ។
ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ស្នើឱ្យភាគីថៃ ដោះលែងកងទ័ពកម្ពុជា ទាំង១៨រូប ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញក្រោមគោលការណ៍មនុស្សធម៌ និងលក្ខខណ្ឌដែលបានឯកភាពគ្នាក្នុងកិច្ចព្រមព្រៀងដែលទើបចុះហត្ថលេខា។ ជាឆ្លើយតបនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរគុល បានអះអាងថា ថៃនឹងដោះលែងកងទ័ពកម្ពុជា ទាំង១៨រូប ឱ្យកម្ពុជា ក្រោយកម្ពុជា ដកសព្វាវុធធុនធ្ងន់ដែលអាចបង្កមហន្តរាយធ្ងន់ធ្ងរចេញពីតំបន់ព្រំដែន៕
អត្ថបទ៖ ជា ម៉ារ៉ា