អត្ថបទក្រុមហ៊ុន

VISA ៖ កំណើននៃចំណាប់អារម្មណ៍ការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ បន្ទាប់ពីការរីករាលនៃជំងឺកូវីដ នៅតែជាទម្លាប់ដ៏ពេញនិយមនៅក្នុងចំណោមប្រជាជនកម្ពុជា


Visa ដែលជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ថ្ងៃនេះបានធ្វើការផ្សព្វផ្សាយនូវការសិក្សាចុងក្រោយ របស់ខ្លួន លើប្រធានបទស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជន ដែលបានបង្ហាញថា អ្នកប្រើប្រាស់នៅកម្ពុជាកំពុងទទួលយកវិធីសាស្ដ្រ ទូទាត់តាមរយៈប្រព័ន្ធឌីជីថល ខណៈដែលការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តប្រើប្រាស់ជាទូទៅនៅទូរទាំងប្រទេស។
VISA ៖ កំណើននៃចំណាប់អារម្មណ៍ការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ បន្ទាប់ពីការរីករាលនៃជំងឺកូវីដ នៅតែជាទម្លាប់ដ៏ពេញនិយមនៅក្នុងចំណោមប្រជាជនកម្ពុជា

ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល​ឈានមុខគេ បាន​ចេញផ្សាយការសិក្សារ[1]ចុងក្រោយ​របស់​ខ្លួន ដែលបានបញ្ជាក់ថា ប្រជាជនកម្ពុជាកំពុងទទួលយកទម្រង់ថ្មីលើការទូទាត់ដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ខណៈពេលដែលជម្រើសការប្រើប្រាស់ក្រដាសប្រាក់នៅតែបន្ត។

បន្ទាប់ពីបានធ្លាក់ចុះមកនៅប្រមាណត្រឹម ៦៤ភាគរយ នៅឆ្នាំ២០២១ ការចូលរួមស្ទង់មតិក្នុងឆ្នាំ២០២២ បានបញ្ជាក់ថា ៨៦ភាគរយ នៃអ្នកប្រើប្រាស់ បានប្រើសាច់ប្រាក់សុទ្ធជាជម្រើសក្នុងការទូទាត់ ដែលទិន្នន័យនេះគឺជាភាគរយដូចគ្នាទៅនឹងឆ្នាំ២០២០​ដូច្នោះដែរ។ តាម រយៈចម្លើយរបស់អ្នកចូលរួមស្ទង់មតិដដែលនោះ ប្រមាណ ៦៥ភាគរយ បាននិយាយថាការទូទាត់តាមរយៈសាច់ប្រាក់សុទ្ធ នៅតែជាវិធីសាស្ត្រទូទាត់ដ៍ពេញនិយមសម្រាប់ពួកគេ បន្ទាប់មកគឺការទូទាត់តាមរយៈការស្កេន QR កូដ ដែលមានប្រមាណ ២១ភាគរយ។ ការត្រឡប់មកវិញនៃការប្រើសាច់ប្រាក់សុទ្ធសម្រាប់ជាវិធីសាស្ត្រនៃការទូទាត់ ក្រោយពីការរីករាលដាលនៃជំងឺកូវីដ-១៩ អាចបណ្តាលមកពីការថមថយភាពភ័យខ្លាចនៃការឆ្លងមេរោគតាមរយៈការប៉ះពាល់វិក្កយប័ត្រដោយផ្ទាល់ ហើយការប្រើប្រាស់សាច់ប្រាក់សុទ្ធនៅតែជាសសរស្តម្ភក្នុង វិស័យប្រព័ន្ធទូទាត់នៅក្នុងប្រទេសកម្ពុជា។

អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “វាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ តាមរយៈរបាយការណ៍អ្នកចូលរួមឆ្លើយតបនៅក្នុងចំណោមក្រុមដែលយើងបានស្ទង់មតិ បានបង្ហាញថា ក្រុមគោលដៅជំនាន់ Z គឺជាអ្នកដែលមានចំណូលចិត្តខ្ពស់បំផុតក្នុងការប្រើប្រាស់សាច់ប្រាក់សុទ្ធ។” អ្នកស្រីបន្តទៀតថា៖ “ភាពធន់នៃការប្រើប្រាស់សាច់ប្រាក់សុទ្ធក្នុងចំណោមយុវជន និងការយល់ខុសដែលបានចាត់ទុកការប្រើប្រាស់សាច់ប្រាក់សុទ្ធ ជាជម្រើសមានសុវត្ថិភាព ដូចទម្រង់ទូទាត់ប្រាក់តាមរយៈការស្តេន QR កូដ នេះហាក់ដូចជាឡើងចំពេលដែលមានកិច្ចសហការក្នុងភាពជាដៃគូរបស់ក្រុមហ៊ុន Visa ជាមួយដៃគូអាជីវកម្ម កម្ពុជានាពេលថ្មីៗនេះ ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ”។

ស្របពេលជាមួយគ្នានេះដែរ ការទូទាត់តាមរយៈការស្កេន QR កូដ ក៏មានការកើនឡើងផងដែរ។ ប្រមាណ ៦៨ភាគរយ នៃអ្នកប្រើប្រាស់ដែលបានចូលរួមស្ទង់មតិ បាននិយាយថាពួកគេបានប្រើប្រាស់ការទូទាត់តាមរយៈការស្កេន QR កូដ​ ដែលនេះបានបង្ហាញពីកំណើនប្រមាណ ៣៦ភាគរយ ធៀបទៅនឹងឆ្នាំ២០២១ និង១២ភាគរយ ធៀបទៅនឹងឆ្នាំ២០២០។ ប្រជាជនកម្ពុជា បានប្រើប្រាស់ទម្រង់ទូទាត់ប្រាក់តាមរយៈការស្កេន QR កូដ សម្រាប់ការទិញទំនិញញឹកញ៉ាប់ ក្នុងនោះ ៦៨ភាគរយ បានអះអាងថាពួកគេប្រើ មួយដង រឺច្រើនដងក្នុងមួយសប្តាហ៍ ដែលទិន្នន័យនេះបើយើងប្រៀបធៀបឆ្នាំ ២០២០​​ (មាន៤៩ភាគរយ) វាមានការកើនឡើង ។ អ្នកប្រើប្រាស់ប្រមាណ៩០ភាគរយ ដែលបានឆ្លើយតបការស្ទាបស្ទង់មតិ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទូទាត់តាមរយៈការស្កេន QR កូដ និងការទូទាត់ដោយប្រើកាតដែលមានផ្ទុកបច្ចេកវិទ្យា contactless មានការកើនឡើងចំនួន ៥៨ភាគរយ ធៀបនឹងឆ្នាំ ២០២១ ដែលមានត្រឹម ៤២ភាគរយ ប៉ុណ្ណោះ។ ការកើនឡើងនេះបង្ហាញអោយឃើញពីអត្ថប្រយោជន៍នៃការប្រើប្រាស់វិធីសាស្ត្រទូទាត់តាមរយៈឌីជីថលដំបូងបង្អស់ បានក្លាយជាទម្រង់អចិន្ត្រៃ មួយក្នុងទម្លាប់របស់ប្រជាជនកម្ពុជាសម្រាប់ការទិញទំនិញរួចទៅហើយ។

ជាការពិតណាស់ អ្នកប្រើប្រាស់ជាច្រើនបាននិយាយថាប្រទេសរបស់យើងនឹងអាចប្រែក្លាយទៅជាសង្គមមិនប្រើប្រាស់សាច់ប្រាក់សុទ្ធនៅក្នុងទសវត្សរ៍នេះរ។ នេះបើយោងតាមការឆ្លើយតបរបស់អ្នកចូលរួមស្ទង់មតិប្រមាណ ៤៦​ភាគរយ បានអះអាងថាពួកគេរំពឹងទុកថាប្រទេសកម្ពុជាអាចនឹងក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចមិនប្រើប្រាស់ក្រដាសប្រាក់យ៉ាងយូរបំផុតនៅឆ្នាំ២០៣០។​ ប្រជាជនកម្ពុជាកាន់តែច្រើនបានចាប់ផ្ដើមទទួលយកបទពិសោធន៍មិនប្រើប្រាស់សាច់ប្រាក់សុទ្ធ។ អ្នកចូលរួមស្ទង់មតិប្រម្រាណ ៣២ភាគរយ នៅក្នុងឆ្នាំ២០២២ បានបញ្ជាក់ថា ពួកគេព្យាយាមមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ដែលចំនួននេះមានការកើនឡើងលើសពីឆ្នាំ ២០២១ ប្រមាណ ២០ភាគរយ ហើយក្នុងចំណោម ៥២ភាគរយ នោះ ពួកគេអាចពឹងផ្អែកលើជម្រើសនៃការទូទាត់ប្រាក់ដោយ​មិនប្រើសាច់ប្រាក់សុទ្ធបានរហូតដល់ទៅមួយសប្តាហ៍។

តាមរយៈការសិក្សាក៏បានបង្ហាញពីតួនាទីយ៉ាងសំខាន់របស់អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងការធ្វើឌីជីថលនីយកម្មក្នុងសង្គមកម្ពុជាផងដែរ។ អ្នកឆ្លើយតបការស្ទង់មតិប្រមាណ ៧៦ភាគរយ បាននិយាយថា ពួកគេទិញទំនិញនៅហាងលក់រាយខ្នាតតូច និងមធ្យម យ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ ហើយ ៦៦ភាគរយ ទូទាត់ជាសាច់ប្រាក់សុទ្ធ ខណៈ ១១ភាគរយ ទូទាត់តាមរយៈការស្កេន QR កូដ។ ទិន្នន័យនេះបង្ហាញពីឱកាសដ៏ធំសម្រាប់ការអភិវឌ្ឍនៃជម្រើសការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធនៅក្នុងវិស័យអាជីវកម្មខ្នាតតូច និង មធ្យម។

អ្នកស្រី Ivana Tranchini បានមានប្រសាសន៍បន្ថែមទៀតថា៖ “លើសពីនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការធ្វើឌីជីថលនីយកម្មរបស់អាជីវកម្មខ្នាតតូច និង មធ្យម ហើយក្រុមហ៊ុន Visa បានគាំទ្រការជម្រុញមួយនេះតាមរយៈសកម្មភាពក្នុងភាពជាដៃគូជាមួយនឹងអង្គការមូលនិធិអាស៊ី និងក្រសួងកិច្ចការនារីក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្ត្រីជាសហគ្រិន។ ក្រុមហ៊ុន Visa ក៍បានចូលរួមផងដែរ ក្នុងការធ្វើឌីជីថលនីយកម្មរបស់អាជីវកម្មខ្នាតតូច និង មធ្យម ដើម្បីលើកកម្ពស់ការប្រើប្រាស់វេទិកាពាណិជ្ជកម្មឌីជីថល មានដូចជាសេវាកម្មដឹកជញ្ជូន និងកម្មវិធីជិះរឺម៉ក ride-hailing apps ជាដើម។”

ផលប៉ះទង្គិចនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ត្រូវបានរកឃើញផងដែរតាមរយៈរបាយការណ៍នៃការសិក្សាមួយនេះ ដូចជាការប្រើប្រាស់សេវាកម្មដឹកជញ្ជូនទំនិញដល់គេហដ្ឋានជាដើម។​ ៥២ភាគរយ នៃអ្នកប្រើប្រាស់ដែលបានចូលរួមស្ទង់មតិបាននិយាយថា បច្ចុប្បន្នពួកគេប្រើប្រាស់សេវាដឹកជញ្ជូនដល់ផ្ទះ ហើយ ៣៧ភាគរយទៀត បាននិយាយថាពួកគេបានប្រើវាជាលើកដំបូងក្នុងអំឡុងពេលមានជំងឺរាតត្បាត។ ហើយអ្នកដែលប្រើប្រាស់ការដឹកជញ្ជូនដល់គេហដ្ឋាន ក៏បានបញ្ជាក់ថា ពួកគេមានគម្រោងប្រើប្រាស់វាញឹកញាប់ជាងមុននៅក្នុងប៉ុន្មានខែខាងមុខនេះ។

អ្នកស្រី Ivana Tranchini បានបញ្ជាក់ទៀតថា “សម្រាប់ក្រុមហ៊ុន Visa យើងកំពុងស្ថិតនៅក្នុងតួនាទីមួយយ៉ាងប្រសើរ ក្នុងការគាំទ្រដៃគូអាជីវកម្មក្នុងស្រុក តាមរយៈការបញ្ជ្រាបការយល់ដឹងនូវទីផ្សាប្រភេទនេះ ក្នុងពេលជាមួយគ្នាដែរ យើងក៏បានផ្តល់ជូនប្រជាជនកម្ពុជានូវបណ្តាញនៃប្រព័ន្ធទូទាត់ប្រាក់មួយដែលភាពងាយស្រួល គួរឲ្យទុកចិត្តបាន និងមានសុវត្ថិភាពខ្ពស់ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន”។

នៅពេលដែលវិធានការរឹតត្បិតពីជំងឺកូវីដ-១៩ ត្រូវបានដកចេញ ប្រជាជនកម្ពុជាភាគច្រើនមានបំណងធ្វើដំណើរកម្សាន្ត ហើយមួយភាគបួននៃអ្នកចូលរួមការឆ្លើយតបក្នុងការស្ទង់មតិបាននិយាយថា ពួកគេបានចាប់ផ្តើមដំណើរកម្សាន្តនៅក្នុងឆ្នាំ២០២២ ហើយការធ្វើដំណើរកម្សាន្តភាគច្រើន គឺនៅក្នុងស្រុក ខណៈដែលមួយភាគបីទៀតមានបំណងចង់ធ្វើដំណើរកម្សាន្តក្នុងអំឡុងពេល ១២ ខែខាងមុខ មិនថាក្នុងស្រុក ឬក្រៅប្រទេសនោះឡើយ។ ប្រជាជនកម្ពុជាក៏កំពុងប្រើប្រាស់វិធីសាស្ត្រថ្មីៗដើម្បីទូទាត់ប្រាក់អំឡុងពេលធ្វើដំណើរកម្សាន្តទាំងនោះផងដែរ នេះបើតាមការបញ្ជាក់របស់អ្នកស្ទង់មតិ ការធ្វើដំណើរកម្សាន្តត្រូវបានចាត់ក្នុងចំណាត់ថ្នាក់កំពូល សម្រាប់ការប្រើប្រាស់គម្រោង ទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (Buy Now, Pay Later - BNPL)។

“ប្រជាជនកម្ពុជាកំពុងប្រើប្រាស់វិធីសាស្ត្រគ្រប់គ្រងលុយក្នុងទម្រង់បែបថ្មី ដូចជា BNPL (Buy Now, Pay Later -​ ទិញឥលូវនេះ ទូទាត់នៅពេលក្រោយ) និងប្រើប្រាស់កាតឥណទាន ហើយក៍ចាប់ផ្តើមគិតគូរពីអនាគត តាមរយៈការទទួលយកសេវាកម្មធានារ៉ាប់រងជាដើម”។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា។ អ្នកស្រី បន្ថែមទៀតថា៖ “ធនាគារ គួរតែគិតគូអំពីតម្រូវការទាំងនោះ ព្រមទាំងនាំយកការដាក់បញ្ចូលនូវផលិតផលទាំងនោះ ទៅក្នុងមុខងារធនាគារចល័តរបស់ខ្លួន ដើម្បីអាចជួយគាំទ្រដល់អតិថិជន ក្នុងការរក្សាបាននូវទំលាប់ដ៍ល្អទាំងនេះ” ៕




អត្ថបទបន្ទាប់


សេដ្ឋកិច្ចអាមេរិកកើនយឺតត្រឹម ១,១% នៅត្រីមាសទី១ឆ្នាំនេះ តើដល់សញ្ញានៃការធ្លាក់ចូលក្នុងវិបត្តិហើយ ឬយ៉ាងណា?

សេដ្ឋកិច្ចអាមេរិកបានដើរអូសជើងជាបន្ដបន្ទាប់រាប់តាំងពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ ដោយរក្សាបានកំណើនប្រចាំត្រីមាសទី១នេះនៅត្រឹមតែ១,១% ប៉…

បុរី មេគង្គ លែន បានចូលរួមបរិច្ចាគថវិកា ៤ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា

បុរី មេគង្គ លែន បានបរិច្ចាគថវិកាចំនួន ៤ម៉ឺនដុល្លារអាមេរិក ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ