
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាអនុប្រធាន(គ.ក.ច) ឯកឧត្តមបណ្ឌិត សាយ បូរី ទីប្រឹក្សារាជរដ្ឋាភិបាលនិងក្រុមប្រឹក្សាអ្នកច្បាប់ ឯកឧត្តមបណ្ឌិត ហេង វង្សប៊ុន ឆាត ទីប្រឹក្សារាជរដ្ឋាភិបាលនិងក្រុមប្រឹក្សាអ្នកច្បាប់ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខា ធិការដ្ឋានកិច្ចការព្រំដែន និងឯកឧត្តម លោកជំទាវ ជាអនុប្រធាននិងជាសមាជិក សមាជិការបស់ គ.ក.ច. ពីក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា នីតិរដ្ឋគឺជាមូលដ្ឋានយ៉ាងសំខាន់ក្នុងការគ្រប់គ្រងប្រទេសដើម្បីឱ្យមានភាពខ្លាំង ភាពរឹងមាំ ភាពជឿជាក់ ការអភិវឌ្ឍ ការគោរពសិទ្ធមនុស្ស និងបុគ្គល និងយុត្តិធម៌សង្គម។ សម្រាប់ប្រទេសកម្ពុជា នីតិរដ្ឋដែលមានចារឹកក្នុងរដ្ឋធម្មនុញ្ញគឺជាការគ្រប់គ្រងរដ្ឋ ដែលយកច្បាប់ជាធំ ដើម្បីបន្តការការពារ និងការកសាងប្រទេសកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៅកម្ពុជាបច្ចុប្បន្ន ស្ថានភាពច្បាប់មានអត្តសញ្ញាណបែបចម្រុះពណ៌ និងចម្រុះប្រព័ន្ធ ដែលលាយឡំដោយច្បាប់បែបប្រពៃណីផង ច្បាប់បែបទំនើបផង និងទស្សនវិជ្ជាច្បាប់បែបចម្រុះផង ដែលស្ថិតនៅជាមួយគ្នាដោយសុខដុមនីយកម្មខ្លះ ដោយបដិវាទកម្ម ឬ អសង្គតិភាពខ្លះ។ ក្នុងនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានរំលឹកអំពីភាពចាំបាច់ក្នុងការកសាងប្រព័ន្ធច្បាប់ដែលមានប្រសិទ្ធភាព (efficient) សង្គតិភាព សន្តិសុខគតិយុត្ត ភាពអាចប៉ាន់ប្រមាណបាន និងសមាសុគតិភាព។

ក្នុងស្មារតីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចថា គ.ក.ច. មានគោលដៅរៀបចំនូវនិម្មាបនកម្ម ឬស្ថាបត្យកម្ម ក៏ដូចជាផែនទីបង្ហាញផ្លូវ ទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង ព្រមទាំងផែនការសកម្មភាព ដើម្បីឈានទៅសម្រេចគោលដៅនិងបង្គោលចរសំខាន់ៗនៃការកែទម្រង់ច្បាប់នៅកម្ពុជា ដូចមានចែងខាងលើ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានរំលឹកផងដែរពីភាពចាំបាច់ក្នុងការពង្រឹងយន្តការតាក់តែង អនុវត្ត តាមដាន និងវាយតម្លៃការអនុវត្តច្បាប់នៅគ្រប់ដំណាក់កាលនៃវដ្តនៃច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដោយចាប់ផ្តើមពីការពិនិត្យអំពីតម្រូវការនៃវិធានការច្បាប់, ការរៀបចំនិងតាក់តែងសេចក្តីព្រាង, ការអនុម័តនិងដាក់ឱ្យអនុវត្ត, ការផ្សព្វផ្សាយនិងណែនាំអនុវត្ត, ការពិនិត្យនិងវាយតម្លៃប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនៃការអនុវត្ត និងការលើកសំណើនិងរៀបចំវិសោធនកម្មច្បាប់។

ជាការណែនាំសម្រាប់ការអនុវត្តការងារដ៏សំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់ នូវទស្សនាទានសំខាន់ៗពាក់ព័ន្ធនឹងការកំណត់ចក្ខុវិស័យ បេសកកម្ម និងយុទ្ធសាស្ត្រគន្លឹះរបស់ គ.ក.ច. ក្នុងក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ព្រមទាំងបានណែនាំឱ្យមានការ

ពន្លឿនការបង្កើតគណៈកម្មការជំនាញ និងក្រុមការងារបច្ចេកទេសផ្សេងៗចំណុះឱ្យ គ.ក.ច. ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។ ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានលើកទឹកចិត្តឱ្យក្រុមការងារ និងសមាជិក គ.ក.ច. បន្តការពិភាក្សានិងការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីយកមកពិភាក្សាបន្តទៀតក្នុងពេលឆាប់ៗខាងមុខ មុននឹងរៀបចំសិក្ខាសិលាថ្នាក់ជាតិស្តីពីការងារនីតិកម្មនិងការកែទម្រង់ច្បាប់៕
